Yearendyearend1140x150

សាលាបឋមសិក្សា និងមធ្យមសិក្សាចំនួន៦ ជាប់ជ័យលាភីសាលាមេត្រីបរិស្ថាន

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
សាលាដែលឈ្នះការប្រកួតសាលាមេត្រីបរិស្ថានឆ្នាំ២០២១។
រូបភាព៖ ក្រសួងបរិស្ថាន 

ភ្នំពេញ៖ ក្នុងការប្រកួតជ័យលាភីសាលាមេត្រីបរិស្ថាន ក្នុងឆ្នាំ២០២១នេះ ក្រសួងបរិស្ថានបានរកឃើញសាលាបឋមសិក្សាចំនួន៣ និងមធ្យមសិក្សាចំនួន៣ ក្នុងខេត្តចំនួន៦ ទទួលជ័យលាភីសាលាមេត្រីបរិស្ថាន។

ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានលើកឡើងថា ការប្រឡងប្រណាំងសាលាមេត្រីបរិស្ថានគឺជាគំនិតផ្តួចផ្តើមដ៏សំខាន់ និងជាយន្តការមួយដ៏មានសារៈសំខាន់ក្នុងចំណោមយន្តការ និងវិធានការជាច្រើនទៀតដែលក្រសួងបរិស្ថាន និងភាគីពាក់ព័ន្ធទាំងអស់បានខិតខំជំរុញអនុវត្តជាបន្តបន្ទាប់សំដៅធ្វើឱ្យប្រសើរឡើងនូវកិច្ចគាំពារបរិស្ថាន ការការពារធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការរស់នៅដោយចីរភាព។

ឯកឧត្តមរដ្ឋលេខាធិកាបន្តថា តាមរយៈការបញ្រ្ជាបចំណេះដឹងនិងចំណេះធ្វើក្នុងចំណោមកុមារសិស្សានុសិស្ស និងយុវជន នៅតាមសាលារៀន និងគ្រឹះស្ថានអប់រំ ដែលជាកន្លែងប្រមូលផ្តុំមានលក្ខណៈងាយស្រួលក្នុងការផ្លាស់ប្តូទម្លាប់ ផ្នត់គំនិត និងឥរិយាបទរបស់កុមារ និងយុវជនចំពោះអនាម័យ និងបរិស្ថាន។

យ៉ាងណាមិញ ក្រសួងបរិស្ថានសូមវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារសម្របសម្រួលកិច្ចសហប្រតិបត្តិការរវាងក្រសួងបរិស្ថាន និងក្រសួងអប់រំ យុវជន និងកីឡា ក្នុងក្របខ័ណ្ឌការងារអប់រំ ការងារបណ្តុះបណ្តាល ការសិក្សាស្រាវជ្រាវ និងការងារផ្តល់សេវាពិគ្រោះយោបល់លើវិស័យបរិស្ថាន។ ពិសេសអបអរសាទរ សាលាជ័យលាភីទាំង ៦ នោះរួមមានសម្រាប់កម្រិតបឋមសិក្សា វត្តចែង ខេត្តបាត់ដំបង ២)-សាលាបឋមសិក្សា ក្រវ៉ាន់ ខេត្តសៀមរាប ៣)-សាលាបឋមសិក្សា ឈើខ្លឹម ខេត្តត្បូងឃ្មុំ។ សម្រាប់កម្រិតមធ្យមសិក្សា ១)-វិទ្យាល័យ ហ៊ុន សែន មិត្តភាព ខេត្តព្រះសីហនុ ២)-វិទ្យាល័យ ហ៊ុន សែន សម្ភៈបុរៈ ខេត្តក្រចេះ ៣)-វិទ្យាល័យ ចំណេះទូទៅនិងបច្ចេកទេស ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ខេត្តកំពង់ឆ្នាំង ។

ទន្ទឹមនឹងនេះ ឯកឧត្តម ជួប ប៉ារីស៍ អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន បានមានប្រសាសន៍ថា ការរៀបចំផ្តល់តម្លៃសាលាមេត្រីបរិស្ថាន បានជំរុញ និងលើកទឹកចិត្តដល់សាលារៀនទាំងអស់បន្តវប្បធម៌ស្រឡាញ់ និងចូលរួមក្នុងសកម្មភាពមេត្រីបរិស្ថានកាន់តែប្រសើរឡើងថែមទៀត។ ដូច្នេះហើយ សាលារៀនចាំបាច់ត្រូវសហការជិតស្និតជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ អ្នកពាក់ព័ន្ធដទៃទៀតក្នុងសហគមន៍ អាណាព្យាបាលសិស្ស ដើម្បីធានាឱ្យបាននូវការអប់រំបរិស្ថាន ដើម្បីមូលដ្ឋានស្អាត សុខភាពល្អ និងមានការអភិវឌ្ឍរុងរឿង។

សូមជម្រាបជូនថា ចលនាសាលាមេត្រីបរិស្ថានកម្ពុជា ឆ្លុះបញ្ចាំងយ៉ាងច្បាស់នូវការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងបរិស្ថាន និងក្រសួងអប់រំ យុវជន និងកីឡា លើការបញ្ជ្រាបចំណេះដឹង ការផ្លាស់ប្ដូរផ្នត់គំនិត ការលើកកម្ពស់ស្មារតីស្រឡាញ់បរិស្ថាន និងការជំរុញប្រតិបត្តិមេត្រីភាពបរិស្ថាន សំដៅគាំទ្រដល់កិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ ការប្រើប្រាស់ធនធានធម្មជាតិឱ្យបានសមស្របនិងមាននិរន្តរភាព និងការរស់នៅដោយចីរភាព៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង