Cct850x100 1
1800px x h300px kh

អាមេរិកបញ្ចេញប្រេងបម្រុងដើម្បីទប់ទល់នឹងកង្វះថាមពលដែលបណ្តាលមកពីព្យុះ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ប្រភពរូប​៖ 

អាមេរិក៖ សេតវិមានបាននិយាយនៅថ្ងៃទី ២ ថា ក្រសួងថាមពលអាមេរិក បានបញ្ចេញប្រេងឆៅ ១,៥ លានបារ៉ែល ពីប្រេងបម្រុងជាយុទ្ធសាស្ត្រ ដើម្បីឆ្លើយតបទៅនឹងការខូចខាត ដែលបណ្តាលមកពីព្យុះ អាយដានៅរដ្ឋល្វីសាណានិងតំបន់ផ្សេងទៀតនៅសហរដ្ឋអាមេរិកដែលកំពុងប្រឈមនឹងកង្វះខាតថាមពល។

លេខាធិការសារព័ត៌មាននៃសេតវិមានលោកស្រី Psaki បានចេញសេចក្តីថ្លែងការណ៍មួយនៅយប់នោះ ថា យោងតាមការណែនាំរបស់ប្រធានាធិបតី Biden នាយកដ្ឋានថាមពល បានបញ្ចេញប្រេងបម្រុងជាយុទ្ធសាស្ត្រ និងបានបញ្ជូនប្រេងឆៅ ១,៥ លានបារ៉ែល ទៅរោងចក្រចម្រាញ់ប្រេងរបស់ក្រុមហ៊ុន ExxonMobil នៅរដ្ឋល្វីសាណាដើម្បីធានាការចម្រាញ់ប្រេងនៅក្នុងតំបន់ ហើយរោងចក្រនៅតែបន្តដំណើរការ ដើម្បីចៀសវាងការរំខានដល់ការផ្គត់ផ្គង់ថាមពល។

លោកស្រី Psaki បាននិយាយថា នេះគឺជាលើកទីមួយក្នុងរយៈពេល ៤ ឆ្នាំដែលសហរដ្ឋអាមេរិកបានបញ្ចេញនូវប្រេងបមុ្រងយុទ្ធសាស្ត្ររបស់ខ្លួន។

រដ្ឋមន្រ្តីក្រសួងថាមពលអាមេរិកលោកស្រី ជេននីហ្វឺ ហ្ក្រានហូល (Jennifer Granholm) បាននិយាយថា នាយកដ្ឋានថាមពលលើកទឹកចិត្តឱ្យរោងចក្រចម្រាញ់ប្រេងកាតផ្តល់អាទិភាពដល់ការផ្គត់ផ្គង់ផលិតផលចម្រាញ់ ដល់តំបន់ដែលជួបគ្រោះមហន្តរាយ។

ទិន្នន័យរបស់នាយកដ្ឋានថាមពលអាមេរិកបង្ហាញថា គិតត្រឹមថ្ងៃទី ២០ ខែសីហា ការស្តុកប្រេងសរុបនៃប្រេងបម្រុងជាយុទ្ធសាស្ត្រអាមេរិកមានប្រមាណ ៦២១ លានបារ៉ែល។ នៅពេលប្រឈមនឹងការខ្វះខាតការផ្គត់ផ្គង់ថាមពលរយៈពេលខ្លី ដែលបណ្តាលមកពីអាកាសធាតុធ្ងន់ធ្ងរដូចជា ព្យុះកំបុតត្បូង ក្រសួងថាមពលអាមេរិកតែងតែផ្តល់ប្រេងបំរុងជាយុទ្ធសាស្ត្រ ដល់រោងចក្រចម្រាញ់ប្រេងក្នុងគ្រាអាសន្ន ៕

Khcct banner

អត្ថបទទាក់ទង