Cct850x100 1
1800px x h300px kh

អាមេរិកសន្យាផ្ដល់ជំនួយ៥០ម៉ឺនដុល្លារដល់ប្រទេសនៅអាស៊ានសម្រាប់ទិញវ៉ាក់សាំង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
ប្រភពរូប៖ Reuter

អាមេរិក៖ លោក ស្រី ខាម៉ាឡា ហារីស អនុប្រធានាធិបតីសហរដ្ឋអាមេរិក បានថ្លែងថា សហរដ្ឋអាមេរិកសន្យានឹងផ្តល់ប្រាក់ចំនួន ៥០ ម៉ឺនដុល្លារ សម្រាប់មូលនិធិឆ្លើយតបជំងឺកូវីដ -១៩ របស់អាស៊ាន ក្នុងការគាំទ្រដល់ការទិញវ៉ាក់សាំងបន្ថែម។ លោកស្រីបានថ្លែងបែបនេះ នៅក្នុងពិធីសម្ភោធមជ្ឍមណ្ឌលបង្ការនិងកម្ចាត់ជំងឺអាមេរិក (CDC) នៅថ្ងៃទី ២៦ ខែសីហា ក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម។

លោកស្រី ហារីស បាននិយាយថា ក្រៅពីផ្តល់ប្រាក់ចំនួន ៥០ ម៉ឺនដុល្លារសម្រាប់គាំទ្រដល់ការទិញវ៉ាក់សាំងរបស់អាស៊ាន។ សហរដ្ឋអាមេរិកក៏បានផ្តល់ជំនួយបន្ទាន់ជាង ១៥០ លានដុល្លារ សម្រាប់បណ្តាប្រទេសក្នុងតំបន់អាស៊ាន ដើម្បីគ្រប់គ្រងវ៉ាក់សាំងនិងជួយអ្នកជំងឺឱ្យជាសះស្បើយ។

បើតាមលោកស្រី ហារីស សហរដ្ឋអាមេរិកចង់ធ្វើការជាមួយអាស៊ាន ដើម្បីកែលម្អការត្រៀមខ្លួន និងការឆ្លើយតបក្នុងករណីដែលមិនអាចចៀសផុតនៃជំងឺរាតត្បាតនាពេលអនាគត ឬវិបត្តិសុខភាពសាធារណៈផ្សេងទៀត។ហើយការបើកការិយាល័យ CDC ប្រចាំតំបន់ គឺជាសក្ខីភាពពិតនៃការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះតំបន់នេះ។

លោកស្រីបានសង្កត់ធ្ងន់ថា អាមេរិកនឹងបន្តយកចិត្តទុកដាក់និងលើកទឹកចិត្តដៃគូអាមេរិក ក្នុងការផ្តល់វ៉ាក់សាំង និងឧបករណ៍វេជ្ជសាស្ត្រ ដល់បណ្តាប្រទេសអាស៊ីអាគ្នេយ៍។

គួរបញ្ជក់ថា សហរដ្ឋអាមេរិក បានប្រកាសផ្តល់វ៉ាក់សាំងចំនួន ១១០ លានដូស ដើម្បីចែកចាយនៅទូទាំងពិភពលោក ដោយក្នុងនោះមានជាង ២៣ លានដូសត្រូវបានបញ្ជូនទៅប្រទេសអាស៊ីអាគ្នេយ៍។ប្រទេសកម្ពុជា ក៏ទទួលបានវ៉ាក់សាំងរបស់សហរដ្ឋអាមេរិក ចនសាន់ & ចនសាន់ (Johnson & Johnson) ចំនួន១លានដូសផងដែរ៕

Khcct banner

អត្ថបទទាក់ទង