Cct850x100 1
1800px x h300px kh

អ្នកឧកញ៉ា ពុង ឃាវសែ៖លើកទឹកចិត្តយុវជនរៀនជំនាញបច្ចេកទេសដែលជាតម្រូវការក្រុមហ៊ុនវិនិយោគ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាល ធនាគារកាណាឌីយ៉ា។

ភ្នំពេញ៖ អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាល ធនាគារកាណាឌីយ៉ា បានជំរុញលើកទឹកចិត្តឲ្យយុវជន ងាកមករៀនជំនាញបច្ចេកទេស ដែលជាតម្រូវការខ្ពស់របស់ក្រុមហ៊ុនវិនិយោគត្រូវការអ្នកមានជំនាញបច្ចេកទេសមកបំពេញការងារ។

ថ្លែងក្នុង «កម្មវិធីជជែកដេញដោល យុវជនថ្នាក់ជាតិ២០២១» អ្នកឧកញ៉ា ពុង ឃាវសែ បានលើកឡើងាថា មានក្រុមហ៊ុនបរទេសជាច្រើនត្រូវការអ្នកជំនាញខាងបច្ចេកទេស ហើយនៅកម្ពុជាមិនសូវសម្បូរនោះឡើយ ដែលធ្វើឲ្យក្រុមហ៊ុនវិនិយោគទាំងនោះបង្ខំចិត្ដ ទៅរកអ្នកជំនាញពីក្រៅប្រទេសមកវិញ ដែលមានតម្លៃថ្លៃ និងមិនបានធ្វើការងារបានជាប់លាប់នោះឡើយ ដែលនាំឲ្យរំខានដល់ចង្វាក់ផលិតកម្ម។

អ្នកឧកញ៉ា ពុង ឃាវសែ បានគូសបញ្ជាក់ថា លោកមានភាពជឿជាក់ថា ទៅថ្ងៃខាងមុខនេះ កម្ពុជានឹងមានក្រុមហ៊ុនវិនិយោគ ដែលមានជំនាញបច្ចេកទេសខ្ពស់ពីបរទេស មកវិនិយោគនៅប្រទេសកម្ពុជាកាន់តែច្រើន។ ជាក់ស្ដែងកម្ពុជាបានចាប់ផ្ដើមចាប់យករោងចក្រ ដែលមានបច្ចេកទេសខ្ពស់នៅតំបន់ឧស្សាហកម្មជប៉ុន នៅផ្លូវជាតិលេខ៤ ជាដើម។

អ្នកឧកញ៉ា ពុង ឃាវសែ បានលើកឡើងថា បើសិនជាយុវជនចេះនូវជំនាញបច្ចេកទេសទាំងនេះ វាគឺជាឱកាសល្អមួយ ហើយធនាគារកាណាឌីយ៉ា ក៏មានគោលការណ៍សម្រាប់សិស្សដែលមានបំណងចង់រៀនខាងជំនាញបច្ចេកទេសនេះ ធនាគារក៏មានផ្តល់ជាឥណទាន៧០ភាគរយ ដោយគិតការប្រាក់ទាបបំផុត ហើយប្រសិនបើជារៀនពូកែទៀតនោះ ការប្រាក់នឹងអាចដល់០ភាគរយផងដែរ។

ជាមួយគ្នានេះ អ្នកឧកញ៉ា ពុង ឃាវសែ បានគូសបញ្ជាក់ថា នេះជាកិច្ចការមួយដែលធនាគារការណាឌីយ៉ាបានចូលរួមក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ដើម្បីឲ្យប្រទេសកម្ពុជាមានសេដ្ឋកិច្ចល្អ ហើយចំណូលរបស់ប្រជាពលរដ្ឋក៏មានការកើនឡើង ឈានទៅដល់ប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៥០៕

Khcct banner

អត្ថបទទាក់ទង