Cct850x100 1

យានយន្តល្មើសបម្រាមគោចរជិត៩០០គ្រឿងត្រូវបានសមត្ថកិច្ចឃាត់ទុក

សង្គម
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
លោកវរសេនីយឯក សាន សុខសីហា អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ

ភ្នំពេញ៖ សមត្ថកិច្ចឃាត់យានយន្តដែលល្មើសបម្រាមគោចរសរុបជិត៩០០គ្រឿង ក្នុងរយៈពេល៣យប់ ចាប់ពីម៉ោង៩:០០នាទីយប់ ដល់ម៉ោង ៣:០០នាទីទៀបភ្លឺ។នេះបើតាមការលើកឡើងរបស់លោកវរសេនីយឯក សាន សុខសីហា អ្នកនាំពាក្យស្នងការនគរ បាលរាជធានីភ្នំពេញ បានថ្លែងប្រាប់ស៊ីស៊ីថាមស៍នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១។

លោកវរសេនីយឯក សាន សុខសីហា បានលើកឡើងថា សមត្ថកិច្ចបានឃាត់យានយន្តសរុបចំនួន៨៩២គ្រឿង ក្នុងនោះមានរយន្តចំនួន២៥៤គ្រឿង និងម៉ូតូ៦៣៨គ្រឿង។ ទន្ទឹមនឹងនេះ សមត្ថកិច្ចក៏បានផាកពិន័យរួចរាល់នៅនឹងកន្លែងចំនួន២៣៨គ្រឿង ក្នុងនោះមានរថយន្ត៥២គ្រឿង។

លោកបន្តថា ក្រៅពីនេះនៅសល់ចំនួន២០៧គ្រឿងទៀត ត្រូវបានយកទៅរក្សាទុកនៅទីតាំងសមត្ថកិច្ច និងបានធ្វើការណែនាំ អប់រំមនុស្សជាច្រើននាក់ទៀតផងដែរ។ រាល់ការចាត់វិធានការណ៍ និងការផាកពិន័យគឺធ្វើតាមការណែនាំរបស់សាលារាជធានី ដោយរថយន្ត១គ្រឿងពិន័យ១លានរៀល និងម៉ូតូ១គ្រឿងពិន័យ២០ម៉ឺនរៀល។

លោកបានពន្យល់ថា យានយន្តដែលត្រូវបានពិន័យទាំងនេះ គឺពួកគាត់មិនមានឯកសារអ្វីឡើយ ជារួមពួកគាត់ល្មើល និងបំពាននឹងបម្រាមរបស់សាលារាជធានីភ្នំពេញតែម្តង។ចំណែកអ្នកដែលសមត្ថកិច្ចអប់រំណែនាំ គឺពួកគាត់មាន ឯកសារត្រឹមត្រូវអនុវត្តទៅតាមការណែនាំរបស់សាលារាជធានីភ្នំពេញ។

លោកបានបន្ថែមថា ការអនុវត្តបម្រាមគោចរនេះ គឺដើម្បីជួយទប់ស្កាត់កាតឆ្លងរីករាលដាលជំងឺកូវីដ១៩ និងវីរុសបំលែងថ្មី ដូចនេះប្រជាពលរដ្ឋគួរតែចូលរួមអនុវត្តតាមសេចក្តីណែនាំរបស់សាលារាជធានីភ្នំពេញទាំងអស់គ្នា។

គួរបញ្ជាក់ថា សាលារាជធានីភ្នំពេញបានដាក់ចេញការអនុវត្តបម្រាមគោចរចាប់ពីម៉ោង ៩:០០នាទីយប់ ដល់ម៉ោង ៣:០០នាទីទៀបភ្លឺ ក្នុងរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ដើម្បីទប់សស្កាត់ជំងឺកូវីដ១៩ និងជាពិសេសវីរុសដែលតា(Delta)៕

Khcct banner

អត្ថបទទាក់ទង