Cct850x100 1

តម្លៃ«ស្រូវ»នៅកម្ពុជាធ្លាក់ថ្លៃ ក្រោយថ្ងៃបិទទ្វារព្រំដែនជាមួយវៀតណាម

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
រថយន្ត​ដឹក​ស្រូវ​ទៅ​វៀតណាម​កក​ស្ទះ​នៅ​ច្រកតន់​ហន់​​​ខេត្ត​កំពតកន្លងទៅ។ រូបភាព៖FB

ភ្នំពេញ៖តម្លៃស្រូវនៅប្រទេសកម្ពុជា នៅរយៈពេលចុងក្រោយនេះត្រូវបានគេរាយការណ៍ថា បានធ្លាក់ថ្លៃនៅសល់ត្រឹមតែ១​គីឡូ​៦០០​​រៀលទៅជាង៧០០រៀល។ការធ្លាក់ចុះនៃតម្លៃនេះ គឺធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាល​កម្ពុជា​ បាន​ប្រកាស​ដាក់​បម្រាម​ក្នុង​ការ​ធ្វើ​ដំ​ណើរ​ចេញ​-ចូល​ឆ្លង​កាត់​​ព្រំដែន​ជាមួយប្រទេស​វៀត​ណាម​រយៈពេល​មួយ​ខែ​ ដើម្បី​ទប់ស្កាត់​​ការ​រាតត្បាត​ជំងឺ​កូវីដ១៩។

ប្រជាកសិករមួយចំនួននៅស្រុកព្រះស្តេច ខេត្តព្រៃវែង បានថ្លែងប្រាប់សារព័ត៌មានស៊ីស៊ីថាមស៍ថា ចាប់តាំងពីកម្ពុជាបិទព្រំដែនជាមួយប្រទេសវៀតណាមមក តម្លៃស្រូវធ្លាក់ចុះត្រឹមតែ១គីឡូ ៦០០៛ ទៅ៧០០៛។ការធ្លាក់ថ្លៃនេះ ធ្វើឡើងស្របពេលដែលប្រជាកសិករខ្មែរកំពុងប្រមូលផងស្រូវផងដែរ។

តម្លៃស្រូវធ្លាក់ថ្លៃ តែតម្លៃប្រេងសាំង ជី និងថ្នាំគ្រប់ប្រភេទបែរជាឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់មុខរបរធ្វើស្រែរបស់ប្រជាកសិករ ដោយធ្វើស្រែហើយ តែផ្ទុយទៅវិញលក់ចេញមិនចំណេញធ្វើឱ្យខាតបង់ទាំងកម្លាំកាយ និងត្រូវជំពាក់បំណុលធនាគារបន្ថែមទៀតដែលបញ្ហានេះ ធ្វើឱ្យពួកអស់កម្លាំងចិត្តបន្តមុខរបរធ្វើស្រែ។នេះបើយោងតាមសម្តីកសិករម្នាក់នៅក្នុងខេត្តព្រៃវែង។

ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា ឯកឧត្តមទទួលស្គាល់ថា ការបិទព្រំដែនវាបានបង្ករការលំបាកដល់ការដឹកទំនិញឆ្លងដែនជា ពិសេសស្រូវដែលធ្វើឱ្យការប្រមូលទិញស្រូវនៅកម្ពុជាជួបផលលំបាកដោយសារប្រជាជនលក់ស្រូវសើមធ្វើឱ្យស្រូវមិនអាចទុកបានយូរ ហើយក្រុមឈ្មួញត្រូវការចំណាយបន្ថែមលើពលកម្មហាលស្រូវ និងការគ្រប់គ្រងមួយចំនួន។

បើតាមរដ្ឋមន្ត្រីក្រសួងកសិកម្ម បញ្ហានេះក្រសួងកសិកម្មបានរាយការណ៍ជូនប្រមុខរាជរដ្ឋាភិបាលកម្ពុជា ហើយក៏បានរាយការណ៍ជូន​ ក្រសួងពាណិជ្ជកម្ម និងក្រសួងសេដ្ឋកិច្ចអំពីបញ្ហានេះ ព្រោះក្រសួងពាណិជ្ជកម្មទទួលបានការគាំទ្រពីក្រសួងសេដ្ឋកិច្ច ជាពិសេសរាជរដ្ឋាភិបាល ដើម្បីទទួលបានថវិកាបង្កើតឃ្លាំងឡសំងួតស្រូវ។ចំណែកក្រសួងកសិកម្មមានដៃទទេ មិនអាចអន្តរាគមន៍​តម្លៃស្រូវធ្លាក់ថ្លៃបានទេ មានតែក្រសួងសេដ្ឋកិច្ច និងក្រសួងពាណិជ្ជកម្មប៉ុណ្ណោះដែលអាចជួយបាន។

រាជរដ្ឋាភិបាល​កម្ពុជា​ បាន​ប្រកាស​ដាក់​បម្រាម​ក្នុង​ការ​ធ្វើ​ដំណើរ​ចេញ​-ចូល​ឆ្លង​កាត់​​ព្រំដែន​ជាមួយប្រទេស ​វៀត​ណាម​រយៈពេល​មួយ​ខែ​ដែល​មាន​សុពលភាព​ចាប់​ពី​ថ្ងៃ​១៨ ខែ​កក្កដា ​ត​ទៅ ដើម្បី​ទប់ស្កាត់​​ការ​រាតត្បាត​ជំងឺ​កូវីដ១៩ ។ប៉ុន្តែ​រដ្ឋាភិបាល​បាន​អនុញ្ញាត​ឲ្យ​មាន​ការ​ធ្វើ​ដំណើរ​សម្រាប់​​អ្នក​ជំងឺ អ្នក​ការទូត​ មន្រ្តី​រាជការ ​ដែល​មាន​បេសកកម្ម​តាម​ការ​អញ្ជើញ​របស់​អាជ្ញាធរ​ប្រទេស​ទាំង​ពីរ​ រួម​ទាំង​ និស្សិត សិក្ខាកាម​ដែល​បាន​បញ្ចប់​វគ្គសិក្សា ក៏ដូចជាដំណើរការ​ដឹកជញ្ជូន​នាំ​ទំនិញ​ចេញចូល​ឆ្លង​ព្រំដែន៕

Khcct banner

អត្ថបទទាក់ទង