Yearendyearend1140x150

ចិនជាទីផ្សារសំខាន់សម្រាប់«អង្ករ»កម្ពុជា ខណៈទីផ្សារអឺរ៉ុបប្រឈមការដឹកជញ្ជូន

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
លោកឧកញ៉ា សុង សារ៉ន ប្រធានក្រុមហ៊ុន Amru Rice និងជាប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា

ភ្នំពេញ៖ នៅក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំ២០២១ ការនាំចេញអង្កររបស់ប្រទេសកម្ពុជាទៅទីផ្សារអន្តរជាតិធ្លាក់ចុះប្រមាណជា ២៩.៤៧ ភាគរយ។ការធ្លាក់ចុះនេះដោយសារតែបញ្ហាប្រឈមលើការដឹកជញ្ជូន កង្វះសំបកកុងទឺន័រ ជាពិសេសទៅកាន់ទីផ្សារអឺរ៉ុប តែទីផ្សារប្រទេសចិនមានការកើនឡើង។

លោកឧកញ៉ា សុង សារ៉ន ប្រធានក្រុមហ៊ុន Amru Rice និងជាប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ បច្ចុប្បន្នការដឹកជញ្ជូនអង្ករទៅទៅទីផ្សារអឺរ៉ុបមានការធ្លាក់ចុះគួរឱ្យកត់សម្គាល់ ដោយសារតែការដឹកជញ្ជូនទៅទីផ្សារអឺរ៉ុបមានចម្ងាយឆ្ងាយ ខ្វះកុងទឺន័រដឹក រីឯតម្លៃនៃការដឹកជញ្ជូនក៏ឡើងថ្លៃពី៥-១០ដងឯណោះ ទៅតាមទីតាំងនៃទីផ្សារនីមួយៗ។

បើតាមលោកឧកញ៉ា សុង សារ៉ន កត្តានេះបានធ្វើឱ្យតម្រូវការ និងតម្លៃនាំចេញនៅត្រឹមកំពង់ផែរបស់អង្ករក្រអូបកម្ពុជាបានធ្លាក់ចុះយ៉ាងគំហុក ពីតម្លៃមធ្យមប្រមាណ៩០០ដុល្លារ មកត្រឹមតម្លៃប្រហាក់ប្រហែល ៧៣០ដុល្លារ ក្នុងមួយតោន។

តែយ៉ាងណាក៏ដោយ បើទោះបីជាកម្ពុជាធ្លាក់ចុះការនាំចេញទៅទីផ្សារអឺរ៉ុបក្តី ក៏កម្ពុជានៅតែមានដំណើរការល្អជាមួយទីផ្សារចិន ព្រោះប្រទេសចិនជាប្រទេសធំទីមួយដែលកម្ពុជានាំចេញអង្ករជាង៥០ភាគរយទៅកាន់ទីផ្សារចិននៅក្នុងឆ្នាំនេះ។

លោកឧកញ៉ា សុង សារ៉ន បានថ្លែងថា សម្រាប់ខែមិថុនា ឆ្នាំ២០២១នេះ អង្ករសរុបដែលកម្ពុជានាំចេញមានចំនួន ៤៧៤១៩តោន ដែលមានការកើនឡើង១៤.១% បើធៀបនឹងខែមិថុនា ឆ្នាំមុន គិតជាទឹកប្រាក់ ៣៣.៦៩លានដុល្លារ ដែលក្នុងនោះ ទីផ្សារប្រទេសចិន និង តំបន់ស្វយ័តមានចំនួន ២២ ៤៥៩ តោន គិតជាទឹកប្រាក់១៥.១៨លានដុល្លារ។ តួលេខនាំចេញទៅចិននេះមានកំណើន ១០២% បើធៀបទៅក្នុងខែមិថុនា ឆ្នាំ២០២០ ដែលមានបរិមាណត្រឹម ១១ ១២៤ តោន ។

គួរបញ្ជាក់ថា វិបត្តិនៃការដឹកជញ្ជូនមិនទាន់មានភាពធូរស្បើយនៅឡើយទេ ហើយក៏ពុំទាន់ដឹងពីពេលវេលាជាក់លាក់ដើម្បីឱ្យការដឹកជញ្ជូនមានសភាពដូចដើមវិញផងដែរ។ចំពោះការធ្លាក់ចុះនៃការនាំចេញអង្ករ គឺមិនមែនកើតមានតែនៅក្នុងប្រទេសកម្ពុជាទេ សូម្បីតែបណ្តាប្រទេសជិតខាងកម្ពុជាមាន ថៃ វៀតណាម ក៏ធ្លាក់ចុះដែរ។នេះបើយោងតាមសហព័ន្ធស្រូវអង្ករកម្ពុជា៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង