Yearendyearend1140x150

ព្រះសង្ឃគង់នៅ«វត្តស្ទឹងមានជ័យ»ប្រឈមអត់ចង្ហាន់ ក្រោយបិទវត្តដោយសារឆ្លងកូវីដ

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/

ព្រះសង្ឃជាច្រើនអង្គកំពុងយកសំណាក កាលពីថ្ងៃទី៣០ មិថុនា កន្លងទៅ។

រូបភាព៖ ព្រះសាសនវេទី ព្រហ្ម ចំរើន 

ភ្នំពេញ ៖ ព្រះសង្ឃ និងកូនសិស្សលោក រួមទាំងយាយជី តាជី រស់នៅក្នុងវត្តស្ទឹងមានជ័យ កំពុងតែប្រឈមនឹងបញ្ហាខ្វះខាតចង្ហាន់ និង ស្បៀងមួយចំនួន ក្រោយពីរកឃើញព្រះសង្ឃ និងអ្នកពាក់ព័ន្ធផ្សេងទៀតវិជ្ជមានកូវីដសរុបចំនួន១៨អង្គនិងនាក់ និង តម្រូវឱ្យមានការបិទខ្ទប់វត្ត។

ព្រះសាសនវេទី ព្រហ្ម ចំរើន គ្រូសូត្រឆ្វេងវត្តស្ទឹងមានជ័យ បានមានសង្ឃដីកាថា សព្វថ្ងៃនេះព្រះសង្ឃ និងកូនសិស្សលោកមួយចំនួន កំពុងតែប្រឈមនឹងបញ្ហាខ្វះខាតចង្ហាន់ ដោយសារតែរកឃើញអ្នកវិជ្ជមានទាំង ១៨អង្គនាក់រួមមានព្រះសង្ឃ១៣អង្គ និងឧបាសក ឧបាសិកា៥នាក់។

ទន្ទឹមនឹងការខ្វះខាតស្បៀងនេះ ដោយសារតែសង្ឃខ្លះពុំអាចនិមន្តបិណ្ឌបាត្របាន ព្រោះទីតាំងនៅសង្កាត់ស្ទឹងមានជ័យមានអ្នកប៉ះពាល់នឹងបញ្ហាកូវីដច្រើន ចំណែកប្រជាពលរដ្ឋមួយចំនួនមិនហ៊ានដាក់បាត្រ ដោយសារតែភ័យខ្លាចកូវីដ១៩។

ព្រះតេជគុណបន្តថា សង្ឃខ្លះនៅជាប់ចត្តាឡីស័ក កុដិខ្លះក៏បិទមិនឱ្យមានការប្រាស្រ័យទាក់ទង មិនអាចចេញចូលបានសួរសុខទុក្ខបាន ចំណែកវត្តទាំងមូលក៏បានបិទទៀត ដូច្នេះទើបជួបប្រទះនឹងបញ្ហាខ្វះខាតចង្ហាន់ ត្បិតថាកន្លងមកក៏ធ្លាប់មានអ្នកឧបត្ថម្ភស្បៀង តែស្បៀង ទាំងនោះអាចទប់ទល់តែមួយគ្រាតែប៉ុណ្ណោះ។

ព្រះតេជគុណបន្ថែមថា ការបិទខ្ទប់នេះ ដោយសារតែថ្មីៗនេះ ព្រះសង្ឃ និងអ្នកពាក់ព័ន្ធ ដែលរស់នៅក្នុងវត្តស្ទឹងមានជ័យ ១៨អង្គនាក់ ក្នុងចំណោម ៣១៨ អង្គនាក់ បានឆ្លងកាត់ការតេស្តសំណាកលើកទី២ និងពិនិត្យឃើញថាមានវិជ្ជមានកូវីដ១៩ នៅល្ងាចថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ។

ក្រោយការពិនិត្យឃើញមានវិជ្ជមានហើយនោះ ព្រះសង្ឃ និងអ្នកពាក់ព័ន្ធ ចំនួន ១៨អង្គនាក់ ត្រូវក្រុមគ្រូពេទ្យដឹកយកទៅធ្វើការព្យាបាល។ ដោយឡែក ព្រះសង្ឃ និងអ្នកពាក់ព័ន្ធសេសសល់ ដែលឆ្លងកាត់ការតេស្តសំណាកហើយមិនមានវិជ្ជមានកូវីដ១៩នោះ គឺតម្រូវអោយធ្វើចត្តាឡីស័ក១៤ថ្ងៃ នៅក្នុងវត្ត បន្តទៀត ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១កន្លងទៅ ក្រុមគ្រូពេទ្យ បានរកឃើញថាមានវិជ្ជមានកូវីដ១៩ សរុប៣៩អង្គនាក់ ក្នុងនោះដែរ មានព្រះសង្ឃ២២អង្គ , តាជីយាយជី ០៣នាក់ , និស្សិតស្នាក់នៅក្នុងវត្ត ០២នាក់ និងប្រជាពលរដ្ឋលក់ដូរក្នុងវត្ត ១២នាក់ ក្នុងចំណោមមនុស្ស សរុបដែលរស់នៅក្នុងវត្ត ៣៧៣អង្គនាក់ ក្នុងនោះមានស្រី៦១នាក់៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង