Cct850x100 1
1800px x h300px kh

វេជ្ជបណ្ឌិត ស៊ឹង រិទ្ធីរ៉េត ៖ អ្នកជំងឺកូវីដអាចនឹង«លាប់ឡើងវិញ »បើមិនអនុវត្តតាមវិធានការសុខាភិបាល

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
លោកវេជ្ជបណ្ឌិត ស៊ឹង រិទ្ធីរ៉េត អនុប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តសៀមរាប។ រូបភាព មន្ទីរព័ត៌មានខេត្ត សៀមរាប 

ភ្នំពេញ៖ អ្នកជំងឺកូវីដ១៩ អាចនឹងលាប់ជំងឺសារជាថ្មី ប្រសិនបើមិនបានថែរក្សារសុខភាព ការពារឱ្យបានខ្ជាប់ខ្ជួនតាមវិធានការសុខាភិបាល និង៣កុំ២ការពារ។ នេះបើតាមការលើកឡើង របស់លោកវេជ្ជបណ្ឌិត ស៊ឹង រិទ្ធីរ៉េត អនុប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តសៀមរាប។

បើតាមប្រសាសន៍របស់លោកវេជ្ជបណ្ឌិត ស៊ឹង រិទ្ធីរ៉េត បានបញ្ជាក់ថា គ្រប់អ្នកវិជ្ជមានជំងឺកូវីដ-១៩ ដែលបានព្យាបាលជាសះស្បើយហើយនោះ អាចនឹងលាប់ជំងឺនេះឡើងវិញ ប្រសិនបើពួកគាត់មិនបានអនុវត្តតាមវិធានការការពារជំងឺកូវីដ-១៩ របស់ក្រសួងសុខាភិបាល និងវិធានការរបស់រាជរដ្ឋាភិបាល ៣កុំ និង ៣ការពារឲ្យបានខ្ជាប់ខ្ជួនទេនោះ។

លោកវេជ្ជបណ្ឌិត បន្ថែមទៀតថា កន្លងមកក្នុងខេត្តសៀមរាប ក៏ធ្លាប់មានអ្នកជំងឺកូវីដ-១៩ ដែលបានព្យាបាលជាសះស្បើយហើយនោះ ក៏មានវិជ្ជមានជំងឺកូវីដ-១៩ នេះសារជាថ្មីផងដែរ។

លោកក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេសក្នុងខេត្តសៀមរាប ត្រូវតែចូលរួមអនុវត្តនូវវិធានការការពារ ឲ្យបានត្រឹមត្រូវ និង ហ្មត់ចត់ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគកូវីដ-១៩ នេះ ដោយមិនត្រូវទុកចិត្តថាខ្លួនមិនអី ដែលនេះជាការហ្វេសប្រហែសក្នុងការចម្លងជំងឺកូវីដ-១៩ ។

ទាក់ទងនឹងបញ្ហានេះ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន ធ្លាប់បានពន្យល់ថា តាមគោលការណ៍ណែនាំរបស់អង្គការសុខភាពពិភពលោក រាល់ករណីដែលធ្វើតេស្តពិនិត្យទៅឃើញអវិជ្ជមានចំនួនពីរដងជាប់គ្នា គឺត្រូវបានសន្មតថាបានជាសះស្បើយពីជំងឺកូវីដ-១៩នេះ ហើយបុគ្គលរូបនេះនឹងត្រូវបានអនុញ្ញាតឱ្យវិលត្រឡប់ទៅគេហដ្ឋានរបស់ខ្លួនវិញ ប៉ុន្តែការត្រឡប់ទៅគេហដ្ឋានវិញនោះ គឺស្ថិតក្រោមការត្រួតពិនិត្យ និងតាមដានសុខភាពខ្លួនឯងជាបន្តទៀត ដោយពុំអនុញ្ញាតឱ្យមានការធ្វើដំណើរទៅទីណាផ្តេសផ្តាសនោះទេ ហើយបុគ្គលដែលជាសះស្បើយនេះ ត្រូវបន្តធ្វើចត្តាឡីស័កខ្លួនឯងចំនួន១៤ថ្ងៃបន្តទៀតនៅកន្លែងដែលខ្លួនរស់នៅ តាមរយៈការណែនាំរបស់ក្រុមគ្រូពេទ្យ ដោយបារម្ភអំពីករណីលាប់ជំងឺនេះ ។

សូមជម្រាបជូនថា ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ គិតត្រឹមយប់ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដសរុបចំនួន ៥១,៣៨៤នាក់ ជាសះស្បើយសរុបចំនួន ៤៤,៨៥៨នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យសរុបចំនួន ៥,៨៩៨នាក់ ហើយករណីស្លាប់សរុប ៦២៨នាក់៕

Khcct banner

អត្ថបទទាក់ទង