Cct850x100 1
1800px x h300px kh

ក្រសួងយុត្តិធម៌៖ការចាប់ខ្លួនសកម្មជនបរិស្ថាន៣រូបមិនពាក់ព័ន្ធនឹងរឿងការពារបរិស្ថាន

សង្គម
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖សកម្មជនបរិស្ថានចំនួន៣នាក់ត្រូវបានចាប់ខ្លួនដោយចោទប្រកាន់ថា ពួកគេមានអង្គការចាត់តាំងខុសច្បាប់ និង ប្រើប្រាស់ហិញ្ញប្បទានភេរវកម្ម។ការចាប់ខ្លួននេះប្រជាពលរដ្ឋមួយចំនួនបាននាំគ្នារិះគន់ និង ស្នើឱ្យមានការដោះលែងព្រោះសកម្មភាពរបស់សកម្មជន៣នាក់នោះគ្រាន់តែការការពារបរិស្ថាន។ប៉ុន្តែអ្នកនាំពាក្យក្រសួងយុត្តិធម៌កម្ពុជា ការចាប់ខ្លួននេះគឺមិនមែនដោយសារការធ្វើសកម្មភាពការពារបរិស្ថានទេ។

ឯកឧត្តម ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានគូសបញ្ជាក់ថា ការចាប់ខ្លួនសកម្មជនទាំង៣នាក់ គឺជាវិធានការច្បាប់របស់សមត្ថកិច្ច ហើយសមត្ថកិច្ចមានភស្តុតាងច្បាស់ក្នុងការចាប់ខ្លួន ហើយការចាប់ខ្លួននេះ មិនជាប់ពាក់ព័ន្ធរឿងបរិស្ថាននោះទេ។

បើតាមឯកឧត្តម ជិន ម៉ាលីន ការស្នើសុំឱ្យមានការដោះលែង និងការរិះគន់មិនអាចទៅរួចនោះទេ មធ្យោបាយការពារខ្លួនរបស់សកម្មជនទាំងនេះ គឺមានតែការចូលរួមក្នុងដំណើរការតាមនីតិវិធិរបស់តុលាការ ហើយបង្ហាញពីភស្តុតាងឱ្យបានរឹងមាំតតាំងទៅនឹងបទចោទ។

ជាមួយគ្នានោះ ឯកឧត្តមបានចាត់ទុកការរិះគន់វាយប្រហារនេះជាទម្លាប់ធម្មតារបស់ក្រុមប្រឆាំង ក្នុងការការពារ ឬបិទបាំងទង្វើខុសច្បាប់របស់ខ្លួន ប៉ុន្តែវាមិនមានឥទ្ធិពលធ្ងន់ធ្ងរលើផ្លូវច្បាប់ ក្នុងការការពារខ្លួននោះទេ គឺមានតែការចូលរួមតាមនីតិវិធិរបស់តុលាការតែប៉ណ្ណោះ។

គួរបញ្ជាក់ថា សកម្មជនបរិស្ថានចំនួន៣នាក់ត្រូវបានចាប់ខ្លួន និងបញ្ជូនទៅតុលាការ។តែមកដល់ពេលនេះតុលាការមិនទាន់សម្រេចយ៉ាងណាចំពោះវាសនាសកម្មជនទាំង៣នាក់នេះនៅឡើយទេ ខណៈព្រះរាជអាជ្ញាកំពុងតែធ្វើការសាកសួរ មុនពេលបញ្ជូនទៅខាងចៅក្រមដើម្បីបន្តនីតិវិធី។នេះបើយោងតាមលោកប្លង់ សុផល ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញថ្លែងប្រាប់ស៊ីស៊ីថាមស៍។

សកម្មជនដែលត្រូវបានបញ្ជូនទៅតុលាការរួមមាន៖ កញ្ញា ស៊ុន រដ្ឋា លោក យីម លាងហ៊ី និងលោក លី ចាន់ដារ៉ាវុទ្ធ។ កញ្ញា ស៊ុន រដ្ឋា និងលោក លី ចាន់ដារ៉ាវុធ ត្រូវបានចាប់ខ្លួន បន្ទាប់ពីពួកគេចុះថតទីតាំងបង្ហូរទឹកស្អុយមួយកន្លែងចូលទៅក្នុងទន្លេ ក្បែរព្រះបរមរាជវាំង។ ដោយឡែក លោក យីម លាងហ៊ី ត្រូវបានចាប់ខ្លួននៅឯស្រុកកំណើត ក្នុងស្រុកកោះធំ ខេត្តកណ្ដាល។

របាយការណ៍របស់យអគ្គស្នងការដ្ឋាននគរបាលជាតិ បានបង្ហាញថា សកម្មជនទាំង៣នាក់នេះ បានធ្វើសកម្មភាព ដោយមានអង្គការចាត់តាំងច្បាស់លាស់ ដែលមានជនបរទេសជាអ្នកគូសវាសផែនទីឱ្យធ្វើសកម្មភាព និង ប្រតិបិត្តិការ៕

Khcct banner

អត្ថបទទាក់ទង