Yearendyearend1140x150

កម្ពុជាស្នើរជប៉ុនបន្តបង្កើនទទួលពលករ១០ម៉ឺននាក់នាពេលខាងមុខ

សង្គម
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក អ៊ិត សំហេង បានស្នើឱ្យជប៉ុនបង្កើនការទទួលពលករពីកម្ពុជាឱ្យបាន ១០ម៉ឺននាក់ សម្រាប់រយៈពេលខាងមុខ ខណៈដែលកម្ពុជាកំពុងមានសក្ដានុពលផ្នែកកម្លាំងពលកម្មយ៉ាងច្រើន។

ការស្នើឡើងនេះ ធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាមួយគណៈប្រតិភូនៃមូលនិធិគាំទ្រការអប់រំអន្តរជាតិកម្ពុជា (CIESF) និងសមាគមថែទាំអគារជប៉ុន ដឹកនាំដោយលោក ហ៊ីរ៉ូស្ស៊ី ហូរីហ្គូឈិ (Hiroshi HORIGUCHI) នាយកគ្រប់គ្រងសមាគមថែទាំអគារជប៉ុនកាលពីម្សិលមិញ។

បើតាមក្រសួងការងារ បានបញ្ជាក់ថា កម្ពុជាបានបញ្ជូនកម្មសិក្សាការី និងពលករជំនាញទៅប្រទេសជប៉ុនប្រមាណជិត ១៥,០០០នាក់ ដែលធ្វើនៅក្នុងវិស័យកសិកម្ម នេសាទ សំណង់ កែច្នៃចំណីអាហារ កាត់ដេរ ថែទាំមនុស្សចាស់ គ្រឿងយន្ត-លោហធាតុ និងវិស័យផ្សេងៗទៀត។ហើយក្រសួងការងារកម្ពុជា ស្នើឱ្យជប៉ុនបង្កើនការទទួលពលករពីកម្ពុជាឱ្យបាន១០ម៉ឺននាក់ សម្រាប់រយៈពេលខាងមុខ។

គួរបញ្ជាក់ថា ដោយសារប្រទេសជប៉ុនកំពុងពើបប្រទះនឹងបញ្ហាកំណើនមនុស្សចាស់កើនឡើងខ្ពស់ រីឯកម្លាំងពលកម្មពេញវ័យកំពុងមានកំណើនយឺតនោះ បានធ្វើឱ្យប្រទេសប្រឈមនឹងកង្វះកម្លាំងពលកម្ម ក្នុងនោះការងារលើជំនាញថែទាំអគារនេះក៏អាចនឹងជួបបញ្ហាដូចគ្នាដែរ។

ការងារមួយចំនួន កំពុងត្រូវការកម្លាំងពលរដ្ឋវ័យក្មេង ដូចជាការថែទាំអគារ គឺជាកិច្ចការជំនាញចាំបាច់មួយនៅប្រទេសជប៉ុន ក្នុងនោះមានទាំងការថែទាំអនាម័យ បរិស្ថាន ការគ្រប់គ្រងគុណភាព សុវត្ថិភាព សោភ័ណភាពសំណង់ និងកិច្ចការសម្អាតទាំងក្នុងអគារ និងបរិវេណជុំវិញអគារ ដែលមានការគាំទ្រ និងទទួលស្គាល់ពីក្រសួងសំណង់ និងរាជរដ្ឋាភិបាលជប៉ុន។បច្ចុប្បន្ន ទីផ្សារការងារនេះកំពុងមានតម្រូវការយ៉ាងខ្លាំងនៅប្រទេសជប៉ុន៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង