Cct850x100 1
1800px x h300px kh

ទូតវៀតណាម៖ជនជាតិវៀតណាមច្រើននាក់ត្រូវចិនបោកមកធ្វើការល្បែងonlineខុសច្បាប់នៅកម្ពុជា

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ ជនជាតិវៀតណាមជាច្រើននាក់ត្រូវបានគេបោកបញ្ឆោតឱ្យទៅធ្វើការនៅកាស៊ីណូ និង កន្លែងលេងល្បែងតាមប្រព័ន្ធអ៊ិន ធើណេតជាច្រើនកន្លែងនៅក្នុងប្រទេសកម្ពុជា។មេក្លោងអូសទាញ និងបញ្ជូនជនជាតិវៀតណាមមកកម្ពុជា គឺជាជនជាតិចិន និង មានការចូលរួមពីជនជាតិវៀតណាមនិងជនជាតិកម្ពុជាផងដែរ។នេះបើតាមការចុះផ្សាយរបស់ស្ថានទូតវៀតណាមប្រចាំនៅកម្ពុជានៅថ្ងៃទី ១០ មិថុនា។

ស្ថានទូតវៀតណាម បានគូសបញ្ជាក់ថាមេក្លោង បានប្រើមធ្យោបាយដូចជាផ្សព្វផ្សាយព័ត៌មានអូសទាញអំពីការជ្រើសរើសបុគ្គលិកធ្វើការងារនៅប្រទេសកម្ពុជា ដែលមានការងារមិននឿយហត់ ហើយមានប្រាក់ខែខ្ពស់។ពេលមានជនជាតិវៀតណាមដាក់ពាក្យសុំការងារធ្វើ ពួកគេនឹងទាក់ទងនិងរៀបចំការនាំចូលមកប្រទេសកម្ពុជា។នៅពេលជនជាតិវៀតណាមដាក់ពាក្យសុំធ្វើការបានទៅដល់ប្រទេសកម្ពុជានឹងត្រូវបញ្ជូនទៅសណ្ឋាគារឬកាស៊ីណូផ្សេងៗភាគច្រើននៅក្នុងខេត្តព្រះសីហនុ។

បើតាមស្ថានទូតវៀតណាម ពេលមកដល់កម្ពុជាជនជាតិវៀតណាមទាំងនោះត្រូវបានគេឃ្លាំមើលយ៉ាងតឹងរឹងបំផុត ហើយត្រូវបានកេងប្រវ័ញ្ចកំលាំងការងារ និងបង្ខំឱ្យធ្វើការខុសច្បាប់។ចំពោះអ្នកបដិសេធមិនព្រមធ្វើការហើយចង់វិលត្រឡប់ទៅកាន់ប្រទេសវៀតណាមវិញ អាចត្រូវបានគេវាយដំ រឺបង្ខំឱ្យចុះហត្ថលេខាលើលិខិតសន្យាការងារ និង ទាមទារសងសំណងរាប់ពាន់ដុល្លារមុនពេលត្រូវបានដោះលែង ឬក៏ពួកគេត្រូវលក់ទៅឱ្យក្រុមហ៊ុនផ្សេងទៀត។

ស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា បានទាក់ទងជាបន្ទាន់និងបានស្នើសុំឱ្យអាជ្ញាធរមានសមត្ថកិច្ចកម្ពុជាជួយសង្គ្រោះជនរងគ្រោះវៀតណាមមួយចំនួនបានត្រឡប់ទៅប្រទេសវៀតណាមវិញ។ប៉ុន្តែ ស្ថានភាពដែលបានរៀបរាប់ខាងលើនៅតែមានភាពស្មុគស្មាញ និងអាចមានការប្រែប្រួលជាបន្តបន្ទាប់ ដោយមកទល់ពេលនេះមិនទាន់ត្រូវបានដោះស្រាយឱ្យបានពេញលេញនៅឡើយទេ។នេះបើតាមការអះអាងរបស់ស្ថានទូត៕

Khcct banner

អត្ថបទទាក់ទង