Yearendyearend1140x150

កសិករជាង៥ពាន់គ្រួសារទទួលបានការបណ្ដុះបណ្ដាលផ្នែកដាំដុះបន្លែសុវត្ថិភាព

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
កសិករ ដែលទទួលបានការបណ្ដុះបណ្ដាលផ្នែកដាំដុះបន្លែសុវត្ថិភាព រូបភាព (​ World Vision Cambodia ) 


ភ្នំពេញ៖ ប្រជាកសិករចំនួន ៥៥០២គ្រួសារ មកពីខេត្តតាកែវ និងកណ្ដាល បានទទួលការបណ្ដុះបណ្ដាលផ្នែកបន្លែសុវត្ថិភាព ពីអង្គការទស្សនៈពិភពលោក ដើម្បីលើកកម្ពស់និងធ្វើឱ្យប្រសើរឡើងផ្នែកសេដ្ឋកិច្ចដល់គ្រួសាររបស់កសិករទាំងនោះ។

គម្រោងមួយរបស់អង្គការទស្សនៈពិភពលោក ឈ្មោះថា ម៉ាស់២ មានគោលបំណងធ្វើឱ្យប្រសើរឡើងផ្នែកសេដ្ឋកិច្ច ដល់គ្រួសារគោលដៅរបស់គម្រោង ដែលមានកសិករចំនួន៥៥០២ គ្រួសារ នៅក្នុងស្រុកចំនួន២ក្នុងខេត្តកណ្ដាល និងស្រុកចំនួន៣ក្នុងខេត្តតាកែវ ដោយពង្រឹងផ្នែកដាំដុះទៅលើបន្លែសុត្ថិភាព និងរកទីផ្សារសម្រាប់ប្រជាកសិករទាំងនោះ។

បើតាម វេទិកា “ភាពធន់ទ្រាំនៃទីផ្សារ បន្លែសុវត្ថិភាព របស់សហគមន៍កសិកម្មនៅក្នុងបរិបទកូវីដ-១៩ បានឱ្យដឹងថា គម្រោងនេះបានជួយពង្រឹងសមត្ថភាព និងពង្រឹងបច្ចេកទេសសាវប្បកម្ម និងផលិតផលទៅកាន់ទីផ្សារដោយក្រុមផលិតតាមបច្ចេកទេសហៅកាត់ GAP និងបញ្ចូលសកម្មភាពកាលើកកម្ពស់យែនឌ័រ។គម្រោងនេះផ្ដល់ចំណេះដឹងកសិកម្ម បច្ចេកទេសលើវិស័យបន្លែ ដល់កសិករគោលដៅ និងផ្សារភ្ជាប់ទីផ្សារដើម្បីបង្កើនប្រាក់ចំណូលទៅកាន់គ្រួសារកសិករគោលដៅ។

លោកស្រីនាក់ ឆោម លក្ខិណា អ្នកសម្របសម្រួលកម្មវិធី បានឱ្យដឹងថា ទោះបីស្ថិតក្នុងបរិបទនៃជំងឺកូវីដ១៩ក៏ពិតមែន ក៏គម្រោងម៉ាស់២នៅតែបន្តសកម្មភាព ដោយសហការជាមួយក្រុមហ៊ុនឯកជន សហគមន៍កសិកម្មធ្វើការគាំទ្រដល់កសិករក្រីក្រសម្រាប់ផ្គត់ផ្គង់បន្លែសុវត្ថិភាពទៅកាន់ទីផ្សារដើម្បីរក្សាចំណូលរបស់ពួកប្រជាកសិករគោលដៅ។

ចំណែកលោក ឡេង វិរៈ នាយកប្រត្តិបត្តិនៃអង្គការទស្សនៈពិភពលោក មានប្រសាសន៍ថា លោកពិតជាចង់ឱ្យគម្រោងម៉ាស់២នេះ មានបន្តទៀត ដើម្បីជម្រុញអោយការផលិតរបស់កសិករលើផ្នែកបន្លែនេះ មានទៅដល់ខេត្តផ្សេងៗ និងមានការផ្សារភ្ជាប់ទីផ្សារដូចក្នុងខេត្តដែលគម្រោងម៉ាស់២កំពុងអនុវត្តន៍។លោកសំណូមពរឱ្យវិស័យឯកជនផ្សេងៗ ក៏ដូចជារាជរដ្ឋភិបាល ក្រសួងកសិកម្ម ឬក្រសួងពាក់ព័ន្ធ មានការសហការគ្នាជាមួយគ្នាយ៉ាងស្អិតរមួតទៅមុខទៀត ដើម្បីជួយឱ្យវិស័យកសិកម្មបន្តទៅមុខទៀត។

សូមជម្រាបជូនថា គម្រោងម៉ាស់២ គឺជាគម្រោង ពង្រីកសេវាកសិកម្ម និងសិទ្ធិលក់ដូរខ្នាតតូច ដោយគោលដៅចម្បងរបស់គម្រោងនេះ គឺបង្កើនសេដ្ឋកិច្ចគ្រួសាររបស់កសិករបុរសស្រ្តី ចំនួន១៦,២៨០នាក់ តាមរយៈការធភិវឌ្ឍន៍ប្រព័ន្ធទីផ្សារចម្រុះ។

ខេត្តជាគោលដៅរបស់គម្រោង មានអ្នកប្រមូលទិញបន្លែលក់ទៅឱ្យក្រុមហ៊ុនកិច្ចសន្យា ឬបញ្ចូនទៅលក់នៅទីផ្សារក្នុងស្រុក ផ្សារក្នុងសហគមន៍ ក៏ដូចជាបន្តលក់មកភ្នំពេញ កំពង់សោម កំពង់ស្ពឺជាដើម។ចំពោះខេត្តកណ្តាល គិតចាប់ពីខែកុម្ភៈ មកដល់ខែឧសភា សហគមន៍ទាំងពីរក្នុងខេត្តកណ្ដាល បានលក់បន្លែសរុបជាង ៦៦ទោន ចំណេញសរុបជាង២៣លានរៀល។ក្នុងសហគមន៍ស្វាយប្រទាលចំនួន៤៧តោន ចំណេញបាន១៩លានរៀល និងសហគមន៍ស្អាងភ្នំរីកចំរើន លក់បានជាង១៨តោន ចំណេញបាន៤លានរៀល៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង