Cct850x100 1

ក្រសួងសេដ្ឋកិច្ច៖ប្រាក់ខែលើសពី៣២៥ដុល្លារអាមេរិកឡើងទៅទើបត្រូវបង់ពន្ធជូនរដ្ឋ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
គន្ធា អេង
/

ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រកាសឱ្យដឹងថា ប្រាក់ខែស្មើ ឫក្រោម១លាន៣០ម៉ឺនរៀល ឫ ប្រមាណជា៣២៥ដុល្លារអាមេរិក គឺរដ្ឋមិនយកពន្ធនោះទេ។ ក៏ប៉ុន្តែលើសពីចំនួនប្រាក់ខែនេះ គឺត្រូវបង់ពន្ធតាមការកំណត់របស់រដ្ឋ។ នេះបើតាមសេចក្តីណែនាំស្តីពីការអនុវត្តអត្រាពន្ធលើប្រាក់បៀវត្សថ្មីរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០។

សេចក្តីណែនាំដដែលនេះ បានកំណត់ថា ប្រាក់ខែចាប់ពី១ ៣០០ ០០១ រៀលទៅ២ ០០០ ០០០ រៀលមានអត្រាពន្ធ៥%។ ចាប់ពី២ ០០០ ០០១រៀលទៅ៨ ៥០០ ០០០រៀល មានអត្រាពន្ធ១០% ហើយចាប់ពី៨ ៥០០ ០០១រៀលទៅ១២ ៥០០ ០០០រៀល មានអត្រាពន្ធ១៥%។ ចំណែកលើសពី១២ ៥០០ ០០០រៀលឡើងទៅ គឺមានអត្រាពន្ធ២០%។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានគូសបញ្ជាក់ថា គ្រប់សហគ្រាសដែលជាអ្នកជាប់ពន្ធនិវាសនជន ស្ថាប័នរដ្ឋ និងអង្គការនានាដែលមានកាតព្វកិច្ចកាត់ទុក និង បង់ពន្ធលើប្រាក់បៀវត្ស ត្រូវអនុវត្តអត្រាកំណើនតាមថ្នាក់ថ្មីចំពោះប្រាក់បៀវត្សដដែលបើកជូននិយោជិតចាប់ពីខែកុម្ភៈឆ្នាំ២០២០តទៅ ហើយនឹងត្រូវដាក់លិខិតប្រកាសបង់ប្រាក់ពន្ធប្រចាំខែនីមួយៗយ៉ាងយឺតបំផុតត្រឹមថ្ងៃទី២០ នៃខែបន្ទាប់។

យ៉ាងណាក៏ដោយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានអះអាងឱ្យដឹងដែរថា ផ្អែកលើការបង្ហាញភ័ស្តុតាងនៃស្ថានភាពគ្រួសារ មន្រ្តីរាជការ គ្រូបង្រៀន គ្រូពេទ្យ និងកម្មករ និយោជិតដែលមានបន្ទុកចិញ្ចឹមកូន ប្តីឫប្រពន្ធ ត្រូវបានអនុញ្ញាតឱ្យកាត់បន្ថយមូលដ្ឋានគិតពន្ធលើប្រាក់បៀវត្សចំពោះកូនក្នុងបន្ទុក និង សហព័ន្ធជាមេផ្ទះក្នុងម្នាក់ៗ ១៥០ ០០០រៀលក្នុងមួយខែ។ ការកាត់បន្ថយនេះ ធ្វើឱ្យមូលដ្ឋានគិតពន្ធលើប្រាក់បៀវត្សកាន់តែទាបដែលនាំឱ្យមន្រ្តីរាជការ គ្រូបង្រៀន គ្រូពេទ្យ និង កម្មករនិយោជិតដែលមានបន្ទុកចិញ្ចឹមកូន ប្តីឫប្រពន្ធ និងដែលមានប្រាក់បៀវត្សក្នុងរង្វង់ពី១ ៣០០ ០០១ រៀលដលើ២ ០០០ ០០០រៀល ឫប្រមាណពី៣២៥ដុល្លារ ទៅ៥០០ដុល្លារ អាចនឹងរួចផុតពីការបង់ពន្ធលើប្រាក់បៀវត្ស៕ 


ពាក្យទាក់ទង: ក្រសួងសេដ្ឋកិច្ច
Khcct banner

អត្ថបទទាក់ទង