Yearendyearend1140x150

តើហេតុអ្វីបានជាចិនអាចផលិតវ៉ាក់សាំងបានទាន់ពេលវេលា?

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
វ៉ាក់សាំងចិនស៊ីណូវ៉ាក់ដឹកមកប្រទេសកម្ពុជា។

ចិន៖ គិតត្រឹមថ្ងៃទី ១២ ឧសភា ចិនបានផ្តល់ជំនួយវ៉ាក់សាំងកូវីដ១៩ទៅដល់ប្រទេសកំពុងអភិវឌ្ឍន៍ចំនួនជាង៨០ និងបាននាំចេញទៅកាន់ប្រទេសជាង៥០។តើចំនួនវ៉ាក់សាំងដ៏ច្រើនលើសលប់ ធ្វើដូចម្តេចទើបអាចផលិតបានទាន់ពេលវេលា?តើត្រូវធ្វើដូចម្តេចទើបអាចរក្សាបាននូវគុណភាពរបស់វ៉ាក់សាំងបាន?ខណៈបច្ចុប្បន្នកំពុងកើតឡើងនូវវីរុសកូវីដ១៩បំលែងថ្មីទៀត តើត្រូវតំឡើងគុណភាពរបស់វ៉ាក់សាំងរឺយ៉ាងណា?

យោងតាមសារព័ត៌មាន《China News》របស់ប្រទេសចិន បានផ្សាយនៅថ្ងៃអង្គារនេះថា បច្ចុប្បន្នចិនមានវ៉ាក់សាំងកូវីដ១៩ចំនួន៤ប្រភេទដែលអាចចរាចរក្នុងទីផ្សារដោយភ្ជាប់ជាមួយលក្ខខណ្ឌ ដោយក្នុងនោះមានវ៉ាក់សាំង២ប្រភេទ គឺផលិតដោយក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំងគឺវ៉ាក់សាំងស៊ីណូហ្វាម(Sinopharm)និងស៊ីណូវ៉ាក់(Sinovac)។

វ៉ាក់សាំងក្រុមហ៊ុនទាំងពីរខាងលើ បានរួមចំណែកនៃវ៉ាក់សាំងកូវីដ១៩របស់ចិនទាំងមូលប្រមាណជា៨០ភាគរយ ហើយបើគម្រោងដំណាក់កាលទី៣នៃរោងចក្រផលិតវ៉ាក់សាំងកូវីដ១៩ បានសាងសង់រួចនិងបើកដំណើរការនៅខែមេសា និងខែសីហា ដែលសមត្ថភាពប្រចាំឆ្នាំនឹងកើនឡើងដល់ជិត៤ពាន់លានដូស។

លោកលីវ ផៃ ឆឹង(Liu Pei Cheng) អ្នកនាំពាក្យក្រុមហ៊ុន បានបង្ហើបអោយដឹងថា៖ “ក្រុមហ៊ុនជារៀងរាល់ថ្ងៃជាមធ្យមផលិតបានវ៉ាក់សាំងជាង៦លានដូស ហើយជួនកាលថ្ងៃខ្លះផលិតបានច្រើនលើសពី១០លានដូស។”

លោកបន្តថា៖ ក្រុមហ៊ុនកាលពីចុងខែមិនាឆ្នាំ២០២០ បានចាប់ផ្តើមដំណើរគម្រោងផលិតវ៉ាក់សាំងកូវីដ១៩ ដោយប្រើប្រាសរយៈពេល១០០ថ្ងៃអាចសាងសង់រួចនូវរោងចក្រផលិតវ៉ាក់សាំងកូវីដ១៩ដំណាក់កាលទី១ ។នៅខែសីហាឆ្នាំ២០២០ ក្រុមហ៊ុនបានដំណើរការខ្សែផលិតទី១ដើម្បីផលិតវ៉ាក់សាំងកូវីដ១៩ ហើយសមត្ថភាពផលិតក្នុង១ឆ្នាំជាង៥០០លានដូស។ បន្ទាប់មកនៅចុងឆ្នាំ២០២០ បានដំណើរការខ្សែផលិតទី២ និងខែមេសាឆ្នាំ២០២១នេះ បានដំណើរការខ្សែផលិតទី៣។ខ្សែផលិតទាំង៣ខ្សែនេះក្នុងមួយឆ្នាំអាចផលិតបានជាង២០០០លានដូស។

បើតាមអ្នកនាំពាក្យដដែលរូបនេះ វ៉ាក់សាំងដែលផលិតរួចត្រូវរក្សាក្នុងសីតុណ្ហភាពពី២ទៅ៨អង្សារសេ ដែលអាចមានសុពលភាពរយៈពេលយ៉ាងតិច ២ឆ្នាំ។

សំណួរសួរថា តើវ៉ាក់សាំងមានសុវត្ថិភាព និងប្រសិទ្ធិភាពដែររឺទេ?

យោងតាមការសង្កេតរបស់អ្នកសារព័ត៌មានចិនដែលចុះទៅទីតាំងផ្ទាល់ បានឱ្យដឹងថា រាល់ដំណាក់កាលនីមួយៗសុទ្ធតែធ្វើឡើងយ៉ាងយកចិត្តទុកដាក់ និងម៉ត់ចត់បំផុត ហើយវ៉ាក់សាំងដែលមិនគ្រប់លក្ខណៈសុទ្ធតែត្រូវបានបោះបង់ចោល និងមានការត្រួតពិនិត្យគុណភាពយ៉ាងល្អឥតខ្ចោះដោយមិនអោយមានការថ្លោះធ្លយឡើយ។

លោកលីវ ផៃ ឆឹង(Liu Pei Cheng) អ្នកនាំពាក្យក្រុមហ៊ុន បានអះអាងថា បច្ចុប្បន្នក្រុមហ៊ុនមានមជ្ឈមណ្ឌលត្រួតពិនិត្យគុណភាពវ៉ាក់សាំងមានទំហំជាង ៣០០០មែត្រការ៉េ។លោកបញ្ជាក់ថា៖ “វ៉ាក់សាំងស៊ីណូវ៉ាក់ដែលក្រុមហ៊ុមផ្គត់ផ្គង់ទៅកាន់ពិភពលោកសុទ្ធតែឆ្លងការពិសោធន៍ និងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។”

ហេតុអ្វីទើបវ៉ាក់សាំងមួយអំពូលត្រូវចាក់គ្នា២នាក់?

បច្ចុប្បន្ននេះមានប្រជាជនជាច្រើនបានលើកឡើងថា វ៉ាក់សាំងមួយអំពូលត្រូវចាក់គ្នា២នាក់ ដោយម្នាក់ចាក់វ៉ាក់សាំងកន្លះអំពូល តើនេះអាចប៉ះពាល់ដល់ប្រសិទ្ធិភាពនៃការទទួលវ៉ាក់សាំងដែររឺទេ?

ទាក់ទងនឹងបញ្ហានេះ លោក លីវ ផៃ ឆឹង ពន្យល់ថា ដោយសារតែការងារចាក់វ៉ាក់សាំងត្រូវបានជម្រុញកាន់តែក្លាំងក្លារជាលំដាប់ ហើយចំនួនអ្នកទទួលវ៉ាក់សាំងកាន់តែច្រើនឡើង នេះគឺបញ្ហាប្រឈមមួយ តែ ការកែប្រែមួយអំពូលដាក់វ៉ាក់សាំងចំនួន២ដូស គឺអាចជួយអោយបង្កើនការផលិតវ៉ាក់សាំង និងបង្កើនការផ្គត់ផ្គង់ ដែលអាចធ្វើអោយប្រជាជនកាន់តែច្រើន បានទទួលវ៉ាក់សាំងកាន់តែឆាប់។

ចំពោះធាតុផ្សំរបស់វ៉ាក់សាំង ក្រុមបានអះអាងថា មិនមានការប្រែប្រួល ហើយការទទូលចំណុះវ៉ាក់សាំងក៏មិនប្រែប្រួល ដូច្នេះមិនអាចប៉ះពាល់ដល់ប្រសិទ្ធិភាពនៃការទទួលវ៉ាក់សាំងទេ។

តើត្រូវតម្លើងគុណភាពរបស់វ៉ាក់សាំងរឺយ៉ាងណា? លោក លីវ ផៃ ឆឹង បានបញ្ជាក់ថា បច្ចុប្បន្ននេះវ៉ាក់សាំងស៊ីណូវ៉ាក់ បានប្រើប្រាស់យ៉ាងច្រើននៅប្រទេសប្រេស៊ីល ឈីលី និងបណ្តាប្រទេសជាច្រើនទៀត ហើយវាមានប្រសិទ្ធិភាពការពារយ៉ាងល្អ។ ចំពោះវីរុសកូវីដ១៩បំលែងថ្មី ក្រុមហ៊ុនត្រូវការពេលវេលាដើម្បីត្រួតពិនិត្យបន្ត។

គួរបញ្ជាក់ថា បច្ចុប្បន្នវ៉ាក់សាំងស៊ីណូវ៉ាក់ បានបញ្ជូនទៅកាន់ប្រទេសជិត៤០លើពិភពលោកដោយរួមទាំងប្រទេសចិន ដែលមានចំនួនសរុបជាង៣៨០លានដូស។រហូតមកដល់ថ្ងៃទី១០ខែឧសភានេះ ប្រទេសចិនបានចាក់វ៉ាក់សាំងជូនប្រជាជនបានចំនួនជាង ៣៣២.៩៦លានដូស៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង