Cct850x100 1
1800px x h300px kh

រាជរដ្ឋាភិបាលសម្រេចបញ្ចប់ការបិទខ្ទប់នៅរាជធានីភ្នំពេញនិងក្រុងតាខ្មៅចាប់ពី«ថ្ងៃទី០៦ឧសភា»តទៅ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា 

ភ្នំពេញ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី០៣ ខែឧសភា នេះ បានសម្រេចប្រកាស«បញ្ចប់ការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ» ដោយអនុញ្ញាតឱ្យពលរដ្ឋធ្វើដំណើរចេញ-ចូលបាន នឹងអនុវត្តចាប់ពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ ខាងមុខនេះតទៅ ដោយគ្រាន់តែនៅតំបន់ខ្លះ ដែលប្រឈមខ្លាំងប្រហែលអាចនៅបន្តបិទខ្ទប់ដដែល។

នេះបើតាមសេចក្តីសម្រេចជាផ្លូវការដែលស៊ីស៊ីថាមស៍ទទួលបាន នូវការសម្រេចបិទបញ្ចប់ការបិទខ្ទប់ (Lockdown) នេះ គឺរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឱ្យសាធារណជនទូទៅ អាចធ្វើដំណើរចេញ-ចូល ឬឆ្លងកាត់រាជធានីភ្នំពេញ និងក្រុងតាខ្មៅបានហើយ។ ដោយឡែកនៅតំបន់ដែលប្រឈមនឹងហានិភ័យនៃការឆ្លងកូវីដខ្លាំង រាជរដ្ឋាភិបាលសម្រេច នឹងអនុញ្ញាតបន្តឱ្យអនុវត្តវិធានការដដែល ចំពោះតំបន់ទាំង៣ ជាពិសេស តំបន់លឿងទុំ និងតំបន់ក្រហម។

នៅក្នុងសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលស្ដីពី «ការបញ្ចប់ការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាលចាប់ពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ តទៅ ដោយជំនួសមកវិញនូវវិធានការថ្មីសំដៅ បង្ការការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ របស់គណៈអភិបាលរាជធានីភ្នំពេញ សម្រាប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងរបស់គណៈអភិបាលខេត្តកណ្តាលសម្រាប់ភូមិសាស្ត្រក្រុងតាខ្មៅ មានចែងដូចតទៅ៖

ប្រការ១. បញ្ចប់ការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ដែលត្រូវបានសម្រេចដោយសេចក្តីសម្រេចលេខ ៤៩ សសរ ចុះថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ និងសេចក្តីសម្រេចលេខ ៥៤ សសរចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាល ចាប់ពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ តទៅ។

ប្រការ២. ការដាក់ចេញវិធានការបិទខ្ទប់សម្រាប់ផ្នែកណាមួយនៃភូមិសាស្រ្តរាជធានីភ្នំពេញ ឬក្រុងតាខ្មៅ នៃខេត្តកណ្តាល ព្រមទាំងការដាក់ចេញវិធានការចាំបាច់ផ្សេងទៀត ដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ គឺជាសមត្ថកិច្ចរបស់គណៈអភិបាលរាជធានីភ្នំពេញ សម្រាប់ភូមិសាស្រ្តរាជធានីភ្នំពេញ ឬគណៈអភិបាលខេត្តកណ្តាលសម្រាប់ភូមិសាស្ត្រក្រុងតាខ្មៅ នៃខេត្តកណ្តាល ដោយផ្អែកតាមស្ថានភាពវិវត្តន៍ នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រស្ថិតក្រោមសមត្ថកិច្ចរបស់ខ្លួន និងដោយត្រូវអនុវត្តស្របតាមអនុក្រឹត្យ លេខ ៥៧ អនក្រ.បក ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ស្តីពីវិធានការរដ្ឋបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និងអនុក្រឹត្យលេខ ៣៧ អនក្រ.បក ចុះថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ ស្តីពីវិធានការសុខាភិបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ព្រមទាំងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមានផ្សេងទៀត។

ប្រការ៣. បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងសេចក្តីសម្រេចនេះ ត្រូវទុកជានិរាករណ៍។

ប្រការ៤. រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងការពារជាតិ រដ្ឋមន្ត្រីក្រសួងសុខាភិបាល រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នពាក់ព័ន្ធ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងអភិបាលនៃគណៈអភិបាលខេត្តកណ្តាល ត្រូវទទួលបន្ទុក អនុវត្តសេចក្តីសម្រេចនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕


Khcct banner

អត្ថបទទាក់ទង