Cct850x100 1
1800px x h300px kh

រោងចក្រចំនួន៤ ក្នុងខេត្តព្រះសីហនុត្រូវបានផ្អាកដំណើរដោយសារកូវីដ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ព្រះសីហនុ៖ រោងចក្រចំនួន៤ ក្នុងខេត្តព្រះសីហនុត្រូវបានផ្អាកដំណើរការ បន្ទាប់ពីលទ្ធផលតេស្តបានបញ្ជាក់ថា កម្មករនៅក្នុងរោងចក្រទាំង៤កន្លែងមានផ្ទុកវិជ្ជមានកូវីដ១៩។ នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុនៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១។

យោងតាមសេចក្តីប្រកាស រោងចក្រទាំង៤មានដូចជារោងចក្របាំងសាង(ខេមបូឌា)ស្តីត &ស្ដេសិនណឺរី,រោងចក្រTGH Cambodia, រោងចក្រNature Flooring និងរោងចក្រញ៉ូស្តារ ដែលសុទ្ធតែមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់។

ដើម្បីទប់ស្កាត់ការរីករាលដាលនៃកូវីដ១៩ បន្ថែមទៅដល់កម្មករនៅក្នុងរោងចក្រ រដ្ឋបាលខេត្តព្រះសីហនុសម្រេចផ្អាកជាបណ្តោះអាសន្ននូវដំណើរការអាជីវកម្មរោងចក្រខាងលើរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

សេចក្តីជូនដំណឹងបន្តថា ក្នុងអំឡុងពេល២ថ្ងៃនេះ តម្រូវឱ្យលោកនាយករោងចក្រ សហការជាមួយក្រុមការងារនៃមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីស្វែងរកអ្នកដែលមានការពាក់ព័ន្ធជាមួយអ្នកវិជ្ជមានកូវីដ១៩ ដើម្បីផ្តល់វត្ថុសំណាកដល់ក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្តដើម្បីវិភាគរកមេរោគកូវីដ១៩តាមការកំណត់។

មួយវិញទៀត បុគ្គលិក កម្មករ និយោជិតទាំងអស់របស់រោងចក្រត្រូវផ្អាកការចេញ-ចូលរោងចក្រ ហើយបន្ទាប់បីផ្តល់សំណាករួចរាល់ ត្រូវសម្រាកនៅផ្ទះរងចាំរហូតដល់ការធ្វើវិភាគលើវត្ថុសំណាករបស់កម្មករនៅក្នុងរោងចក្រដែលមានការពាក់ព័ន្ធគ្រប់ៗគ្នា និងមានលទ្ធផលជាផ្លូវការ ទើបអាចបន្តការងារសារជាថ្មីតាមការជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះសីហនុ។ ហើយក្នុងករណីដែលម្ចាស់អាជីវកម្មមិនអនុវត្តតាមការណែនាំខាងលើ រដ្ឋបាលខេត្តព្រះសីហនុនឹងចុះអនុវត្តវិធានការតាមនីតិវិធីច្បាប់ជាធរមាន៕

Khcct banner

អត្ថបទទាក់ទង