Cct850x100 1
1800px x h300px kh

អាជ្ញាធរភ្នំពេញឱ្យពលរដ្ឋធ្វើដំណើរឆ្លង«ស្ពានព្រះមុនីវង្សថ្មី»ខណៈស្ពានព្រះមុនីវង្សចាស់កំពុងជួសជុល

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ស្ពានព្រះមុនីវង្សថ្មី (រូបភាពដោយ៖ CCSC)

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ នេះ បានប្រកាសជូនដំណឹងស្ដីពីការពង្វាងចរាចរណ៍នៅលើ«ស្ពានព្រះមុនីវង្សចាស់»ជាបណ្តោះអាសន្នសិន រយៈពេល ០៣ថ្ងៃ ក្នុងគោលបំណងជូនដំណឹងដល់ប្រជាពលរដ្ឋ ជាម្ចាស់រថយន្ត និងទោចក្រយានយន្តគ្រប់ប្រភេទ ឱ្យបានដឹង ដោយជំនួសមកធ្វើដំណើរឆ្លងកាត់«ស្ពានព្រះមុនីវង្សថ្មី»ជាបណ្ដោះអាសន្នសិន។

នេះបើយោងតាមសេចក្តីជូនដំណឹងដដែល បានបន្ថែមទៀតថា ចំពោះមុខនេះ ការដ្ឋាននឹងចាប់ផ្តើមដំណើរការជួសជុលកម្រាលស្ពាន ដោយត្រូវកាយបកកៅស៊ូចាស់ចេញរួច ហើយថែមអ៊ុតកៅស៊ូថ្មី ដែលការងារនេះចាំបាច់ត្រូវបិទចរាចរលើស្ពានព្រះមុនីវង្សចាស់ជាបណ្តោះអាសន្នរយៈពេល ០៣ថ្ងៃ ចាប់ពីម៉ោង ០៨:០០នាទីព្រឹកថ្ងៃទី ០៨ ខែមេសា ដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១។ ហើយផុតរយៈពេលនោះ នឹងបើកចរាចរលើស្ពានព្រះមុនីវង្សចាស់ជាធម្មតាឡើងវិញ។

កន្លងមក រដ្ឋបាលរាជធានីភ្នំពេញ ធ្លាប់បានចេញសេចក្តីជូនដំណឹងស្តីពី«ការជួសជុលស្ពានព្រះមុនីវង្សចាស់» ឆ្លងកាត់ទន្លេបាសាក់ ស្ថិតក្នុងភូមិសាស្រ្តខណ្ឌច្បារអំពៅ កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ ដែលរហូតមកដល់ពេលនេះបានបញ្ចប់ការជួសជុលកម្រាលថ្មើរជើង បង្កាន់ដៃស្ពាន និងកំពុងរៀបចំផ្លាស់ ប្តូរបង្គោលភ្លើងបំភ្លឺផ្លូវចាស់ចេញ ដោយដំឡើងបង្គោលភ្លើងបំភ្លឺផ្លូវថ្មីជំនួសវិញ។

អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋ ម្ចាស់រថយន្ត និង ទោចក្រយានយន្តគ្រប់ប្រភេទ ដែលធ្វើដំណើរឆ្លងកាត់ស្ពានព្រះមុនីវង្សចាស់ បានដឹងជាព័ត៌មាន និងចូលរួមសហការអនុវត្ត ដោយត្រូវពង្វាងចរាចរមកធ្វើដំណើរនៅ«ស្ពានព្រះមុនីវង្សថ្មី» ដែលអាជ្ញាធរ នឹងដាក់ឱ្យធ្វើ«ចរាចរទ្វេទិស»(ទាំងទៅទាំងមក) ជាបណ្តោះអាសន្ន ។

ទន្ទឹមនឹងនេះរដ្ឋបាល រាជធានីភ្នំពេញ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ម្ចាស់រថយន្ត និង ទោចក្រយានយន្តគ្រប់ប្រភេទ ដែលធ្វើចរាចរ នៅលើផ្លូវជាតិលេខ១ អាចពង្វាងចរាចរទៅផ្លូវក្រវ៉ាត់ក្រុងទី២ (ផ្លូវថៃហ្គ័រ) ដើម្បីចៀសវាងការកកស្ទះចរាចរនៅ ទីតាំងការដ្ឋាន«ស្ពានព្រះមុនីវង្សចាស់»ខាងលើផងដែរ៕



Khcct banner

អត្ថបទទាក់ទង