Cct850x100 1
1800px x h300px kh

ធនាគារនិងមីក្រូហិរញ្ញវត្ថុ៖លើកលែងការបង់ប្រាក់និងផាកពិន័យអតិថិជនឆ្លងកូវីដរយៈពេល១ខែ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ តាមរយៈសមាគមធនាគារនៅកម្ពុជា (ABC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១នេះ បានសេចក្តីថ្លែងការណ៍រួម ដោយដាក់ចេញការអន្តរាគមន៍បន្ថែម ដើម្បីគាំពារដល់អតិថិជន ក្នុងអំឡុងពេលរីករាលដាលនៃជំងឺកូវីដ-១៩។ក្នុងសេចក្តីថ្លែងការណ៍នោះ សមាគមន៍ធនគារនៅកម្ពុជា និងសមាគមីក្រូហិរញ្ញវត្ថុកម្ពុជាប្រកាសថា សម្រាប់អតិថិជនដែលឆ្លងកូវីដ-១៩ ត្រូវលើកលែងការបង់ប្រាក់ និងរាល់ការផាកពិន័យទាំងអស់រយៈពេល១ខែ ព្រមទាំងទទួលបានការរៀបចំឥណទានឡើងវិញដោយស្វ័យប្រវត្តិ(តាមការសម្រេចចិត្តរបស់អតិថិជន)ព្រមទាំងពន្យារការបង់ប្រាក់ដើម៣ខែ។

សមាគមន៍ធនគារនៅកម្ពុជា និងសមាគមីក្រូហិរញ្ញវត្ថុកម្ពុជា បានលើកឡើងថា ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ នៅកម្ពុជា បានចូលរួមយ៉ាងសកម្មក្នុងការជួយដល់អតិថិជនដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ តាមរយៈការរៀបចំឥណទានឡើងវិញ ព្រមទាំងការបន្ធូរបន្ថយ និងការអនុគ្រោះផេ្សងៗទៀតពីរាជរដ្ឋាភិបាលកម្ពុជា និយ័តករ និងអាជ្ញាធរពាក់ព័ន្ធ។

គិតត្រឹមដំណាច់ខែកុម្ភៈ ឆ្នាំ២០២១នេះ មានអតិថិជនប្រមាណ៣៤ម៉ឺននាក់ ទទួលបានការរៀបចំឥណទានឡើងវិញ ក្នុងទំហំឥណទានប្រមាណ ៤ប៊ីលានដុល្លារអាមេរិក។ ចំពោះយន្តការនៃការរៀបចំឥណទានឡើងវិញ ភាគច្រើននៃអតិថិជនទាំងនោះ បានជ្រើសយកជម្រើសបង់តែការប្រាក់ក្នុងរយៈពេល ៣ទៅ៦ខែ ពន្យាររយៈពេលសងកម្ចី ឬផ្អាកបង់ទាំងការប្រាក់ និងប្រាក់ដើមរយៈពេល ៣ទៅ៦ខែ ក្នុងករណីដែលអតិថិជនរងផលប៉ះពាល់ខ្លាំង។ ការរៀបចំឥណទានឡើងវិញត្រូវធ្វើឡើង អាស្រ័យតាមស្ថានភាពជាក់ស្តែងរបស់អតិថិជន ហើយនឹងត្រូវធ្វើបន្តទៅទៀតក្នុងអំឡុងពេលដែលវិបត្តិនេះមិនទាន់បញ្ចប់នៅឡើយ។

ទន្ទឹមនឹងកិច្ចខិតខំប្រឹងប្រែងកន្លងមកសង្កេតឃើញថា ចាប់តាំងពីព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ នៃការរីករាលដាលនៃជំងឺកូវីដ-១៩ បានបង្កឲ្យមានផលប៉ះពាល់ជាថ្មីបន្ថែមទៀត ដោយចំនួនអ្នកឆ្លង និងអ្នកប្រឈមការឆ្លងមានចំនួនកាន់តែកើនឡើង។

ដោយយើងសង្កេតឃើញអំពីផលប៉ះពាល់នេះ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ តាមរយៈសមាគមធនាគារនៅកម្ពុជា (ABC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) គ្រឹះស្ថានសមាជិកទាំងអស់ ត្រូវបន្តអនុវត្តឲ្យបានពេញលេញ នូវវិធានការនានារបស់រាជរដ្ឋាភិបាល ជាពិសេសគោលការណ៍ ក្នុងការរៀបចំឥណទានឡើងវិញ ដែលបានដាក់ចេញកាលពីខែកុម្ភៈ ឆ្នាំ២០២០ ដោយធនាគារជាតិនៃកម្ពុជា ដើម្បីធានាថា អតិថិជនរបស់ខ្លួនទទួលបានការគាំពារ និងអនុគ្រោះក្នុងអំឡុងពេលដ៏លំបាកនេះ។

ដើម្បីចូលរួមជួយគាំទ្រ និងសម្រួលដល់អតិថិជនក្នុងគ្រាដ៏លំបាកនេះ សមាគមទាំងពីរ សូមដាក់ចេញនូវគោលការណ៍បន្ថែមដូចខាងក្រោម ៖

១. សម្រាប់អតិថិជនដែលឆ្លងជំងឺកូវីដ-១៩៖ លើកលែងការបង់ការប្រាក់ និងរាល់ការផាកពិន័យទាំងអស់រយៈពេលមួយខែ ព្រមទាំងទទួលបានការរៀបចំឥណទានឡើងវិញ ដោយស្វ័យប្រវត្តិ (ប្រសិនបើអតិថិជនយល់ព្រម) រួមទាំងការពន្យារការបង់ប្រាក់ដើមរយៈពេលបីខែ។ រាល់អតិថិជនដែលឆ្លងជំងឺកូវីដ-១៩ ត្រូវបង្ហាញលទ្ធផលតេស្តវិជ្ជមានកូវីដ-១៩ ចេញដោយអាជ្ញាធរមានសមត្ថកិច្ច។

២. សម្រាប់អតិថិជនដែលជាប់ធ្វើចត្តាឡីស័ក៖ ផ្តល់ការរៀបចំឥណទានឡើងវិញ ដោយស្វ័យប្រវត្តិ (ប្រសិនបើអតិថិជនយល់ព្រម) រួមទាំងពន្យារការបង់ទាំងប្រាក់ដើម និងការប្រាក់រយៈពេលមួយខែ និងលើកលែងរាល់ការផាកពិន័យទាំងអស់។

៣. បន្តធ្វើការផ្តល់ជូនការរៀបចំឥណទានឡើងវិញ ឲ្យបានឆាប់រហ័ស និងបង្កលក្ខណៈងាយស្រួលសម្រាប់អតិថិជន ដែលរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩

៤. បញ្ចេញឥណទានសង្រ្គោះបន្ទាន់ ឬបន្ថែម ដោយបន្ធូរបន្ថយលក្ខខណ្ឌ ព្រមទាំងកាត់បន្ថយអត្រាការប្រាក់ ដើម្បីជួយបន្ត និងស្តារឡើងវិញនូវសេដ្ឋកិច្ចគ្រួសារ និងអាជីវកម្មមុន និងក្រោយពេលមានវិបត្តិ។

៥. ធ្វើការរៀបចំឥណទានឡើងវិញ ព្រមទាំងលើកលែងរាល់ការផាកពិន័យទាំងអស់ សម្រាប់អតិថិជន ដែលទិញផ្ទះផ្ទាល់ខ្លួនទីមួយ សម្រាប់រស់នៅ (First Home Owner)។

៦. ផ្តល់នូវការអនុគ្រោះសម្រាប់អតិថជន ដែលទទួលមរណភាពដោយជំងឺកូវីដ-១៩ តាមលទ្ធភាពជាក់ស្តែងរបស់គ្រឹះស្ថាននីមួយៗ។


ពាក្យទាក់ទង: កូរ៉ូណា​
Khcct banner

អត្ថបទទាក់ទង