Yearendyearend1140x150

ក្នុងនាមជាមិត្តដែកថែប ចិនទុកបញ្ហារបស់កម្ពុជាដូចបញ្ហាខ្លួនដែរ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ឯកឧត្តម Wang Wentian

ភ្នំពេញ៖ ក្នុងនាមជាមិត្តដែកថែបនិងជាសហគមន៍ជោគវាសនារួម ភាគីចិនបានចាត់ទុកបញ្ហាប្រឈម និងភាពលំបាករបស់ភាគីកម្ពុជា ជាបញ្ហាប្រឈមនិងភាពលំបាករបស់ខ្លួនដែរ។

ថ្លែងក្នុងពិធីទទួលវ៉ាក់សាំងដែលជាជំនួយរបស់ប្រទេសចិនផ្ដល់ឱ្យកម្ពុជា ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ឯកឧត្តម Wang Wentianបានលើកឡើងថា បច្ចុប្បន្ន ជំងឺវីរុសកូវីដ-១៩ក្នុងប្រទេសកម្ពុជាមានភាពស្មុគស្មាញ កិច្ចទប់ស្កាត់នឹងជំងឺវីរុសមានសម្ពាធខ្លាំង និងភារកិច្ចធ្ងន់ធ្ងរ។ ក្នុងនាមជាមិត្តដែកថែបនិងជាសហគមន៍ជោគវាសនារួម ភាគីចិនបានចាត់ទុកបញ្ហាប្រឈមនិងភាពលំបាករបស់ភាគីកម្ពុជាគឺជាបញ្ហាប្រឈមនិងភាពលំបាករបស់ខ្លួនផ្ទាល់។

ឯកឧត្តមមានប្រសាសន៍ថា៖«ភាគីចិនរីករាយខិតខំជាមួយភាគីកម្ពុជាក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងចិននិងកម្ពុជាយ៉ាងមុតមាំលើកិច្ចប្រយុទ្ធប្រឆាំងនឹងជំងឺវីរុស រហូតដល់ភាគីកម្ពុជាអាចយកឈ្នះទាំងស្រុងជាមួយជំងឺដ៏កាចសាហាវមួយនេះបាន»។

ឯកអគ្គរដ្ឋទូតបន្តថា មនុស្សជាច្រើនតែងតែសួរថា ប្រទេសចិនមានមនុស្សច្រើន ហើយតម្រូវការវ៉ាក់សាំងកូវីដក៏ច្រើនដែរ ហេតុអ្វីនៅតែបន្តផ្តល់ជំនួយឥតសំណងជាវ៉ាក់សាំងកូវីដដល់ប្រទេសកម្ពុជា ព្រោះទីមួយ ដើម្បីតម្រូវការក្នុងការកសាងសហគមន៍សុខាភិបាលសម្រាប់មនុស្សជាតិ។ ទីពីរ ដើម្បីតម្រូវការក្នុងការកសាងសហគមន៍ជោគវាសនារួមរវាងចិននិងកម្ពុជា និងទីបី ដើម្បីពង្រឹងចំណងមិត្តភាពរវាងកងទ័ពរបស់ប្រទេសទាំងពីរ។

ឯកឧត្តមបញ្ជាក់ថា បញ្ហាប្រឈមមុខជាមួយកូវីដ-១៩ដែលជាវីរុសរាតត្បាតទូទាំងសកលលោក ប្រទេសចិននិងប្រទេសមហាអំណាចមួយចំនួនបានអនុវត្តគោលនយោបាយខុសគ្នាមែនពិត តែប្រទេសចិនគ្មានគំនិតចង់ល្អតែខ្លួនឯងនោះទេ ដោយបានប្រកាន់ខ្ជាប់គំនិតជួយសង្គ្រោះអ្នកដទៃជានិច្ច។

ជាងនេះទៅទៀត ចាប់តាំងពីមានការផ្ទុះឡើងនៃជំងឺវីរុសមក ប្រទេសចិនតែងតែប្រកាន់ខ្ជាប់នូវគំនិតសហគមន៍ជោគវាសនារួមសម្រាប់មនុស្សជាតិ បានរក្សាកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយអង្គការសុខភាពពិភពលោកនិងសហគមន៍អន្តរជាតិ ក៏បានផ្តល់ជំនួយជាសម្ភារនិងបច្ចេកទេសដើម្បីប្រយុទ្ធប្រឆាំងជំងឺវីរុសកូវីដ-១៩ជូនដល់ជាង១០០ប្រទេសនិងអង្គការអន្តរជាតិទៅតាមសមត្ថភាពដែលអាចធ្វើបាន៕ 

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង