Cct850x100 1
1800px x h300px kh

ទីតាំងព្យាបាលជំងឺចំនួន៣នៅក្រុងព្រះសីហនុត្រូវបានផ្អាកដំណើរការក្រោយជាប់ពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ

សង្គម
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/

ខេត្តព្រះសីហនុ៖ នៅថ្ងៃទី២៨ មីនា ២០២១ នេះ ដំណើរការសេវាកម្មព្យាបាលជំងឺចំនួន០៣កន្លែង ដែលស្ថិតនៅក្នុងក្រុងព្រះសីហនុ  ត្រូវបានរដ្ឋបាលខេត្តព្រះសីហនុ ប្រកាសផ្អាកជាបណ្តោះអាសន្ន ក្រោយពីដឹងថា ជាទីតាំងដែលអ្នកជំងឺកូវីដ-១៩ ធ្លាប់បានទៅទទួលសេវាកម្មពិនិត្យឈាម និងព្យាបាល ដែលទីតាំងទាំងនោះមានដូចជា ១) មន្ទីរពិសោធន៍មេឌីកាល់ ២) គ្លីនិកសុខសាន្ត ៣) មន្ទីរពិសោធន៍វេជ្ជសាស្រ្តរីដា ផ្សារលើ។ 

គិតត្រឹមរសៀលម៉ោង០១ និង០០នាទី ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តព្រះសីហនុ បានចេញសេចក្តីជូនដំណឹង ស្តីពីការផ្អាកជាបណ្តោះអាសន្ន និងដាក់ជាមណ្ឌលចត្តាឡីស័កនូវទីតាំងចំនួន ០៣កន្លែងបន្ថែមទៀត ដែលមានការពាក់ព័ន្ធជាមួយអ្នកវិជ្ជមានកូវីដ-១៩។

គួររំលឹកថា អាសយដ្ឋាននៃទីតាំងទាំងបីនោះ មានដូចជា ១) «មន្ទីរសម្រាកព្យាបាលជំងឺមន្ទីរពិសោធន៍មេឌីកាល់» ស្ថិតនៅវិថីមិត្តភាព ភូមិ១ សង្កាត់លេខ៤ ក្រុងព្រះសីហនុ, (២) «គ្លីនិកសុខសាន្ត» ស្ថិតនៅភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ និង (៣) «មន្ទីរពិសោធន៍វេជ្ជសាស្ត្ររីដាផ្សារលើ» ស្ថិតនៅផ្លូវលេខ២១២ ភូមិ២ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

តាមការចាំបាច់របស់រដ្ឋបាលខេត្តព្រះសីហនុ ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងៗទៀត ដែលមានចែងក្នុងលិខិតរបស់អាជ្ញាធររដ្ឋបាលខេត្ត បានផ្ញើជូនទៅម្ចាស់ទីតាំងសម្រាកព្យាបាលជំងឺទាំង៣ខាងលើនេះ រដ្ឋបាលខេត្តព្រះសីហនុ បានណែនាំឱ្យម្ចាស់ទីតាំងផ្អាកជាបណ្តោះអាសន្នចំពោះការពិនិត្យឈាម និងដំណើរការមន្ទីរពិសោធន៍របស់មន្ទីររបស់ខ្លួនជាបន្ទាន់ ដោយមិនអនុញ្ញាតឱ្យភ្ញៀវ ឬអ្នកជំងឺថ្មីចូលពិនិត្យ ឬព្យាបាលជំងឺឡើយ ។ 

បន្ថែមពីលើនោះ ក៏មិនអនុញ្ញាតឱ្យអ្នកកំពុងនៅក្នុងទីតាំងទាំងនេះ ចេញ-ចូល ដោយគ្មានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចឡើយ។ ក្នុងករណីម្ចាស់ទីតាំងទាំងបីខាងលើ មិនអនុវត្តតាមការណែនាំខាងលើ រដ្ឋបាលខេត្តព្រះសីហនុ នឹងចុះអនុវត្តវិធានការតាម នីតិវិធីច្បាប់ជាធរមាន ចាប់ពីពេលជូនដំណឹងនេះតទៅរហូតដល់មានការជូនដំណឹងជាថ្មី។ 

ជាមួយគ្នានេះដែរ ក្រុមការងាររដ្ឋបាលខេត្ត នឹងដាក់ទីតាំងមន្ទីរពិសោធន៍ទាំងបីនោះ មកធ្វើជាមណ្ឌលចត្តាឡីស័កសម្រាប់ប្រជាពលរដ្ឋវិញ។ ម្យ៉ាងវិញទៀត ក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្ត នឹងចុះទៅពិនិត្យយកសំណាកពីអ្នករស់នៅក្នុងទីតាំងនោះ ដើម្បីធ្វើតេស្តរកវីរុសកូវីដ-១៩។ ដោយឡែកក្នុងដំណាក់កាលនេះ អ្នកធ្លាប់ពាក់ព័ន្ធទាំងអស់ជាមួយមន្ទីរពិសោធន៍ ត្រូវតែយកសំណាកតេស្ត និងធ្វើចត្តាឡីស័កគ្រប់ៗគ្នា ឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល​៕ 


 


Khcct banner

អត្ថបទទាក់ទង