Yearendyearend1140x150

សមាគមហិរញ្ញវត្ថុកម្ពុជាត្រៀមសហការជាមួយរដ្ឋាភិបាល បើកូវីដ-១៩រាលដាលខ្លាំង

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/

ភ្នំពេញ៖ សមាគម មីក្រូហិរញ្ញវត្ថុកម្ពុជា បានលើកឡើងថា សមាគមនឹងធ្វើការជាមួយរដ្ឋាភិបាលដើម្បីដោះស្រាយបញ្ហាហិរញ្ញវត្ថុប្រសិនបើកូវីដ១៩ រាលដាលខ្លាំង ហើយស្ថាបនដែលពាក់ព័ន្ធនឹងរួមគ្នារកដំណោះស្រាយរួម ដើម្បីធ្វើអោយសេដ្ឋកិច្ចជាតិបន្តដំណើរការទៅមុខ។លោក គា បូរាណ ប្រធានក្រុមប្រឹក្សាភិបាលសមាគម មីក្រូហិរញ្ញវត្ថុកម្ពុជា ថ្លែងប្រាប់ស៊ីស៊ីថាមស៍។

លោក គា បូរាណ មានប្រសាសន៍ថា៖«មែនទែនទៅ ដំណើរការបច្ចុប្បន្ន គឺនៅប្រព្រឹត្តជាធម្មតា មិនមានអ្វីផ្លាស់ប្ដូរនៅឡើយទេនាពេលនេះ ដោយកាលពីថ្ងៃសៅរ៍យើងបានប្រជុំសមាជិកទាំងអស់ ដើម្បីជជែកគ្នាថាតើនឹងមានផលប៉ះពាល់អ្វីខ្លះពីការរីករាលដាលនៃវីរុសកូវីដ១៩ ហើយយើងគួរធ្វើអ្វីខ្លះ ហើយសមាគមន៍ក៏បានជជែកគ្នា ដាក់វិធានការមួយចំនួន ដើម្បីតាមដានស្ថានភាពបន្តទៀតសិន ព្រោះមិនទាន់មានអ្វីធ្វើច្រើននៅឡើយទេ»។

លោកថា មកទល់ពេលនេះមិនទាន់មានអ្វីប្លែកទេ គឺស្ថាប័ននៅបន្តធ្វើការងារជាធម្មតា ហើយប្រសិនបើមានករណីណាមួយ ចង់ស្នើរសុំក្នុងការដោះស្រាយបញ្ហាដែលកើតមាន ខាងសមាគមនឹងពិចារណា។លោកថា មកដល់ពេលនេះមិនទាន់ឃើញមានផលប៉ះពាល់អី្វជាទូទៅទេ មានតែនៅតំបន់មួយចំនួនមានភាពយឺតយ៉ាវក្នុងដំណើរការអាជីវកម្ម ដូចជាទីក្រុងសៀមរាបជាដើម។

ជាមួយគ្នានេះដែរ សមាគមធនាគារនៅកម្ពុជា ក៏បានអំពាវនាវដល់សមាជិករួមមាន៖ធនាគារពាណិជ្ជ ធនាគារឯកជន គ្រឹៈស្ថានមីក្រូហិរញ្ញវត្ថុ គ្រឹៈស្ថានឥណទានជនបទ និងក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុ ត្រូវចូលរួមអនុវត្តនូវវិធានការនេះ ដើម្បីកាត់បន្ថយផលប៉ះពាល់ជាយថាហេតុ និងជំរុញផ្នែកសេដ្ឋកិច្ច ដែលបានប្រកាសគាំទ្រនូវវិធានការការពារផលប៉ះពាល់ជាអវិជ្ជមានដែលបណ្តាលមកពីការរីករាលដាលកូវីដ-១៩ ដែលបានដាក់ចេញដោយធនាគារជាតិនៃកម្ពុជានៅថ្ងៃទី៥ មីនា កន្លងទៅ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី៩ មីនា ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន បានប្រកាសឱ្យបណ្តាធនាគារ និង គ្រឹះស្ថានមីគ្រូហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជាទាំងអស់លើកលែងការប្រាក់ដល់កម្មករ កម្មការិនីខ្មែរដែលខ្ចីបុល ដើម្បីកាត់បន្ថយការលំបាករបស់ពួកគេក្នុងពេលត្រូវព្យួរការងារនាពេលនេះ។

ជាមួយគ្នានេះ សម្តេចក៏បានបញ្ជាឱ្យលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង លោកជា ចាន់តូ ទេសាភិបាលនៃធនាគារជាតិនៃកម្ពុជាឱ្យធ្វើការប្រជុំពិភាក្សាគ្នាជាបន្ទាន់ ដើម្បីដោះស្រាយបញ្ហានេះជូនដល់កម្មករ កម្មការិនីខ្មែរ។ ក្រៅពីធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន ក៏បានប្រាប់ឱ្យបុរី និងផ្ទះល្វែងនានាធ្វើការពន្យាការសងប្រាក់ដល់កម្មករ កម្មការិនី នៅក្នុងពេលពួកគេកំពុងត្រូវបានព្យួរការងារធ្វើ ដោយសារតែខ្វះវត្ថុធាតុដើម៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង