Yearendyearend1140x150

ក្រសួងព័ត៌មានសម្រេច«លុបអាជ្ញាបណ្ណគេហទំព័រ»លោក ផែង វណ្ណៈ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មានឯកឧត្តម ខៀវ កាញារីទ្ធ នៅថ្ងៃទី ១៨ មីនានេះ បានសម្រេចលុបអាជ្ញាបណ្ណគេហទំព័រ(www.phengvannaknews.com) ដែលលោកផែង វណ្ណៈជាម្ចាស់អាជ្ញាបណ្ណ ។ការសម្រេចលុបចោលនេះ ក៏ដោយសារក្រសួងព័ត៌មានបានចាត់ទុកថា លោកផែង វណ្ណៈ បានជេរប្រមាណចំពោះព្រះសង្ឃ ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើវិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ និងបានបំពានយ៉ាងធ្ងន់ធ្ងរលើវិជ្ជជីវៈ និងកិច្ចសន្យាអាជីវកម្មដែលសាម៉ីខ្លួនបានតម្កល់ទុកនៅក្រសួងព័ត៌មាន។

បើតាមប្រភពពីមន្ត្រីនៃក្រសួងព័ត៌មានបានឱ្យដឹងថា ក្នុងបរិបទនៃកូវីដ-១៩នេះ រាល់ការផ្សព្វផ្សាយព័ត៌មានណាបង្កភាពច្របូកច្របល់ និងចលាចលនៅក្នុងសង្គម ដែលជាការបំពានយ៉ាងធ្ងន់ធ្ងរលើវិជ្ជាជីវៈ មិនថាបញ្ហាវ៉ាក់សាំង ឬ បញ្ហាអ្វីឡើយ គឺក្រសួងព័ត៌មាននឹងចាត់វិធានការដើម្បីឆ្លើយតបតាមសភាពការណ៍ជាក់ស្តែង។

ជាការកត់សម្គាល់ នៅរយៈពេលចុងក្រោយនេះក្រសួងព័ត៌មាន បានចាត់វិធានការជាបន្តបន្ទាប់លើស្ថាប័នព័ត៌មានដែលបំពានដល់វិជ្ជាជីវៈ។ជាក់ស្តែង កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ រដ្ឋមន្ត្រីក្រសួងព័ត៌មានឯកឧត្តម ខៀវ កាញារីទ្ធក៏បានសម្រេចលុបអាជ្ញាបណ្ណគេហទំព័ររបស់ លោក ព្រំ សាន និងសមាគមអ្នកសារព័ត៌មានហ្វេសប៊ុកកម្ពុជា។ការសម្រេចលុបចោលនេះ ក៏ដោយសារក្រសួងព័ត៌មានបានចាត់ទុកថា គេហទំព័រនេះ បានផ្សព្វផ្សាយព័ត៌មានបំភ្លៃការពិត បង្កភាពច្របូកច្របល់ និងចលាចល នៅក្នុងសង្គម ដែលជាការបំពានយ៉ាងធ្ងន់ធ្ងរលើវិជ្ជាជីវៈ និងកិច្ចសន្យាអាជីវកម្មដែលសាមីខ្លួនបានតម្កល់ទុកនៅក្រសួងព័ត៌មាន៕



ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង