Cct850x100 1
1800px x h300px kh

ដើមឆ្នាំ៖ក្រុមហ៊ុន Hyundai មានផែនការនាំស្វាយកែវរមៀត១ ០០០តោនទៅទីផ្សារកូរ៉េ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖នៅដើមឆ្នាំ២០២១ ក្រុមហ៊ុន Hyundai Agro (Cambodia) មានផែនការនាំចេញផ្លែស្វាយកែវរមៀតស្រស់ឲ្យបានចំនួន ១ ០០០ តោនទៅកាន់ទីផ្សារកូរ៉េ។ផែនការនេះ គឺអនុវត្តតាមអនុស្សរណៈនៃការយោគយល់គ្នារវាងអគ្គនាយកដ្ឋានកសិកម្ម និងទីភ្នាក់ងារអនាម័យ និងភូតគាមអនាម័យកូរ៉េស្តីពី "លក្ខខណ្ឌតម្រូវអនាម័យ និងភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែស្វាយស្រស់"។

ដំណាំស្វាយកែវរមៀត គឺជាដំណាំកសិ-ឧស្សាហកម្ម មួយក្នុងចំណោមដំណាំកសិ-ឧស្សាហកម្មផ្សេងទៀតដែលមានសក្តានុពលសម្រាប់ធ្វើការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសប្រទេសចិន និងកូរ៉េជាលក្ខណស្រស់ និងក្រៀម។ យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្មកាលពីថ្ងៃទី១៦ ខែធ្នូ បានឲ្យដឹងថា បច្ចុប្បន្ននៅទូទាំងប្រទេសមានផ្ទៃដីដាំដុះស្វាយសរុបចំនួន ១២៤ ៣១៩ហ.ត ផ្ទៃដីប្រមូលផលមានចំនួន ៩១ ៣៩៨ហ.ត ទទួលបានទិន្នផលជាមធ្យមចំនួន ១៦តោន/ហ.ត/រដូវ ដែលមានបរិមាណផលសរុបចំនួន ១ ៤៤៨ ៦៧៧តោន។

អនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការជំរុញផលិតកម្មកសិកម្មដើម្បីធានាសន្តិ សុខស្បៀង និងធ្វើការនាំចេញដើម្បីទ្រទ្រង់ខឿនសេដ្ឋកិច្ចជាតិក្នុងបរិបទនៃការរីករាលដាលជា សកលនៃជំងឺឆ្លងកូវីដ-១៩ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានអគ្គនាយកដ្ឋានកសិកម្មជាសេនាធិការបានខិតខំ ពុះពារ យកអស់ស្មារតីទទួលខុសត្រូវធ្វើការចរចាយ៉ាងស្វិត ស្វាញ បញ្ចុះបញ្ចូល និងដោះស្រាយនូវរាល់បញ្ហាដែលជារបាំងបច្ចេកទេសក្នុងដំណើរការនាំ ចេញផ្លែស្វាយកែវរមៀតស្រស់ទៅកាន់សាធារណរដ្ឋកូរ៉េ។ ជាលទ្ធផល អស់រយ:ពេល ០៤ឆ្នាំ ផលិតផលផ្លែស្វាយកែវរមៀតស្រស់របស់កម្ពុជាត្រូវបាននាំចេញទៅកាន់សាធារណរដ្ឋកូរ៉េ ជា លើកដំបូងនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ នេះបើតាមការអះអាងរបស់អគ្គនាយកដ្ឋានកសិកម្ម (ថ្ងៃទី០១ ខែកុម្ភ:) ហើយគិតត្រឹមថ្ងៃទី១៥ ខែមករា ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០) ផ្លែ ស្វាយស្រស់មានគុណភាពល្អចំនួន ៧៧តោន ត្រូវបានដាក់លក់នៅលើទីផ្សារកូរ៉េ។

នៅដើមឆ្នាំ២០២១ ក្រុមហ៊ុន Hyundai Agro (Cambodia) មានផែនការនាំចេញផ្លែស្វាយកែវរមៀតស្រស់ឲ្យបានចំនួន ១ ០០០ តោនទៅកាន់ទីផ្សារកូរ៉េ។ យោងលើខ្លឹមសារដែលមានចែងក្នុងអនុស្សរណៈនៃការយោគយល់គ្នារវាងអគ្គនាយកដ្ឋានកសិកម្ម និងទីភ្នាក់ងារអនាម័យ និងភូតគាមអនាម័យកូរ៉េស្តីពី "លក្ខខណ្ឌតម្រូវអនាម័យ និងភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែស្វាយស្រស់" គឺតម្រូវឲ្យមានការចុះត្រួតពិនិត្យ និងវាយតម្លៃលើការអនុវត្តបច្ចេកទេសក្នុង ចម្ការស្វាយជារៀងរាល់ឆ្នាំមុនរដូវប្រមូលផល។ ហេតុនេះ នាយកដ្ឋានការពារដំណាំអនាម័យ និងភូតគាមអនាម័យ បានចាត់មន្រ្តីជំនាញឲ្យចុះទៅវាយតម្លៃលក្ខខណ្ឌបច្ចេកទេសពាក់ព័ន្ធនឹងចម្ការស្វាយ និងម៉ាស៊ីនប្រព្រឹត្តិកម្មសម្លាប់សមាសភាពចង្រៃដោយប្រើចំហាយទឹកក្តៅ (Vapor Heat Treatment -VHT) នៅតាមក្រុមហ៊ុននីមួយៗដែលបានដាក់ពាក្យស្នើសុំ។ ទទួលបានលទ្ធផលនៃការចុះវាយតម្លៃ អគ្គនាយកដ្ឋានកសិកម្មបានផ្ញើរបាយការណ៍ជូនទៅទីភ្នាក់ងារអនាម័យ និងភូតគាមអនាម័យនៃប្រទេសកូរ៉េដើម្បីពិនិត្យ និងសម្រេច។

បន្ទាប់ពីទទួលបានការយល់ព្រមពីភាគីកូរ៉េ កាលពីថ្ងៃទី១៣ ខែមករា ក្រុមហ៊ុន Hyundai Agro (Cambodia) បានដាក់ពាក្យស្នើសុំឲ្យនាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យចាត់មន្រ្តីជំនាញចុះទៅធ្វើការត្រួតពិនិត្យ និងវាយតម្លៃលើលក្ខខណ្ឌបច្ចេកទេសក្នុងចម្ការស្វាយដើម្បីឲ្យស្របតាមលក្ខខណ្ឌតម្រូវភូតគាមអនាម័យរបស់ភាគីកូរ៉េ។ ជាលទ្ធផល ឆ្លើយតបតាមលក្ខខណ្ឌ កាលពីថ្ងៃទី២០ ខែមករា ក្រុមហ៊ុនបាននាំស្វាយកែវរមៀតស្រស់ចេញទៅកាន់ប្រទេសកូរ៉េលើកទី១ ចំនួន ០១តោន ហើយសង្ឃឹមថាបរិមាណនេះនឹងមានការកើនឡើងជាបន្តបន្ទាប់នៅរដូវប្រមូលផលស្វាយខាងមុខនេះ៕


Khcct banner

អត្ថបទទាក់ទង