Cct850x100 1
1800px x h300px kh

កុមារជាង១ម៉ឺននាក់នៅខេត្តសៀមរាបនិងព្រះវិហារនឹងរួចផុតពីអំពើហិង្សានៅក្នុងសាលារៀន

សង្គម
/
អ្នកយកព័ត៌មាន:
ឌី ចិន្ដា
/

ភ្នំពេញ៖ កុមារប្រមាណ១៣,០០០នាក់នៅខេត្តសៀមរាប និងព្រះវិហារនឹងរួចផុតពីអំពើហិង្សានៅក្នុងសាលារៀន ដែលស្ថិតនៅក្នុងគម្រោងមួយឈ្មោះថា “បញ្ចប់អំពើហិង្សាលើកុមារនៅក្នុងសាលារៀននៅកម្ពុជា” ក្នុងគោលបំណងដើម្បីចូលរួមកាត់បន្ថយអំពើហិង្សាលើកុមារដែលកើតមានឡើងនៅក្នុង និងជុំវិញសាលារៀន ដែលនឹងរៀបចំពិធីសម្ភោធជាផ្លូវការនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ខាងមុខនេះ។

គម្រោង “បញ្ចប់អំពើហិង្សាលើកុមារនៅក្នុងសាលារៀននៅកម្ពុជា” ត្រូវបានបញ្ជាក់ថា កុមារប្រមាណ១៣,០០០នាក់នៅក្នុងខេត្តសៀមរាប និងព្រះវិហារនឹងត្រូវបានជួយគាំទ្រ ក្នុងនោះរួមមានទាំងកុមារដែលមិនកំណត់អត្តសញ្ញាណភេទខ្លួនឯង និងកុមារមានពិការភាព។

កុមារដែលរងអំពើហិង្សាមានផលអវិជ្ជមានរយៈពេលយូរលើការអភិវឌ្ឍរបស់ពួកគេ។ នេះបើយោងតាមការស្ទង់មតិអំពីអំពើហិង្សាលើកុមារនៅកម្ពុជាកាលពីឆ្នាំ២០១៣កន្លងទៅ តួលេខប្រមាណជាងពាក់កណ្តាលនៃស្ត្រី(៥២.៧%) និងបុរស (៥៤,២%) ដែលមានអាយុពី១៨-២៤ឆ្នាំ បានឱ្យដឹងថា យ៉ាងហោចណាស់ ពួកគេទទួលរងអំពើហិង្សាលើរាងកាយម្តង មុនដែលពួកគេអាយុ១៨ឆ្នាំ។ ការសិក្សាបានគូសបញ្ចាក់បន្ថែមទៀតថា អំពើហិង្សានៅតាមសាលារៀនច្រើនតែកើតឡើងរវាងកុមារដែលមានអាយុដំណាលគ្នា ប៉ុន្តែគ្រូបង្រៀនជាញឹកញាប់គឺជា អ្នកប្រព្រឹត្តិអំពើហិង្សាទៅលើកុមារនៅខាងក្រៅផ្ទះវិញ។

ដូច្នេះគម្រោងដែលជារបស់អង្គការ Save the Children រួមទាំងដៃគូរួមមាន អង្គការទស្សនពិភពលោក World Vision និងអង្គការភ្លែនអន្តរជាតិ (Plan International) ខាងលើនេះ នឹងផ្តល់សិទ្ធិអំណាចដល់សាលា និងសហគមន៍ដែលទទួលរងផលប៉ះពាល់ដោយផ្ទាល់ពីអំពើហិង្សានៅក្នុងសាលា ក្នុងគោលបំណងដើម្បីចូលរួមកាត់បន្ថយអំពើហិង្សាលើកុមារដែលកើតមានឡើងនៅក្នុង និងជុំវិញសាលារៀនតាមរយៈការប្រើប្រាស់ឧបករណ៍បចេ្ចកទេស និងវិធីសាស្រ្តនានាផ្អែកទៅលើភស្តុតាងដែលបានមកពីការសិក្សាស្រាវជ្រាវ។

គួរបញ្ជាក់ថា ពិធីសម្ភោធជាផ្លូវការនៃគម្រោង“បញ្ចប់អំពើហិង្សាលើកុមារនៅក្នុងសាលារៀននៅកម្ពុជា”នេះ ហៅកាត់ថា “ENDVAC” ដែលទទួលបានជំនួយតាមរយៈមូលនិធិបញ្ចប់អំពើហិង្សា និងម្ចាស់ជំនួយដែលពាក់ព័ន្ធមួយចំនួនទៀត នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ នៅសណ្ឋាគារសាន់វេ ដែលមានសមាសភាគអ្នកចូលរួមប្រមាណ៥០នាក់ រួមមានអ្នកតំណាងមកពីក្រសួងអប់រំ យុវជន និងកីឡា ក្រសួងកិច្ចការនារី និងក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា រួមទាំងមានការចូលរួមពីតំណាងមកពីអង្គការមិនមែនរដ្ឋាភិបាលទៀតផង ដែលធ្វើការលើការបញ្ចប់អំពើហិង្សាលើកុមារ អាជ្ញាធរមូលដ្ឋាន កុមារ និងយុវជនផងដែរ៕



Khcct banner

អត្ថបទទាក់ទង