Yearendyearend1140x150

រដ្ឋាភិបាលត្រៀម៨០០លានស្រោចស្រង់វិស័យសេដ្ឋកិច្ចបើបញ្ហាកូរ៉ូណានៅតែពន្យាពេល

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ថ្លែងនៅក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិត វិទ្យាស្ថានវ៉ាន់ដាគណនេយ្យ នៅព្រឹក ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០។

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានត្រៀមទឹកប្រាក់ប្រមាណជិត ៨០០លានដុល្លារអាមេរិក ដើម្បីស្រោចស្រង់សេដ្ឋកិច្ចក្នុងប្រទេសកម្ពុជា ប្រសិនបើវិបត្តិជំងឺកូរ៉ូណា (COVID-19)អូសបន្លាយ៦ខែ។នេះបើតាមសម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ថ្លែងនៅក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិត វិទ្យាស្ថានវ៉ាន់ដាគណនេយ្យ នៅព្រឹក ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០។

បើតាមសម្តេច បើការអូសបន្លាយនេះទៅមួយឆ្នាំ តើសេដ្ឋកិច្ចធ្លាក់ចុះប៉ុណ្ណា ផលប៉ះពាល់ធំប៉ុណ្ណា ហើយយើងត្រូវប៉ះប៉ូវទំហំប៉ុណ្ណា វាចន្លោះពី ៨០០ លានទៅ ២០០០លាន ដែលរដ្ឋាភិបាលត្រៀមសម្រាប់បម្រុង ខណៈពិភពលោកកំពុងគិតគូរដោះស្រាយបញ្ហានេះ។

សម្ដេច ហ៊ុន សែន អរគុណប្រទេសចិន ដែលបានបញ្ជូននាវាដឹកវត្ថុធាតុដើមមកកម្ពុជាទាន់ពេលវេលាត្រូវការចាំបាច់ និងការចាត់វិធានការបញ្ជូននាវា៧គ្រឿងដឹកកុងតឺន័រនាំវត្ថុធាតុដើមសម្រាប់រោងចក្រជាច្រើននៅក្នុងប្រទេសកម្ពុជាដែលកំពុងទន្ទឹងរង់ចាំ។ ក្នុងចំណោមនាវាទាំង ៧គ្រឿងនេះ មាន៥ គ្រឿងចូលតាមខេត្តព្រះសីហនុ និង២គ្រឿងទៀតចូលតាមច្រកហូជីមិញប្រទេសវៀតណាម ។

ខណៈ វិស័យកាត់ដេរនៅកម្ពុជា ភាគច្រើនពឹងផ្អែកលើការនាំចូល«វត្ថុធាតុដើម» ពីប្រទេសចិន ដើម្បីបំពេញសង្វាក់ផលិតកម្មរោងចក្រនៅទូទាំងប្រទេសកម្ពុជា។ប៉ុន្តែសម្រាប់ឆ្នាំនេះ រោងចក្រជាច្រើននៅចិនបានផ្អាកដំណើរការផលិតកម្ម ដោយសារវីរុកូរ៉ូណា (COVID-19) ដោយការផ្អាកនេះ មិនបានកំណត់ពេលវេលាជាក់លាក់នោះទេ។

ទោះជាយ៉ាងណា កាលពីពេលថ្មីៗនេះថា លោក wu guoquan ទីប្រឹក្សាសេដ្ឋកិច្ចនិងពាណិជ្ជកម្មនៃស្ថានទូតចិនប្រចាំនៅកម្ពុជាបានថ្លែងថា ប្រទេសចិនបាននឹងកំពុងចាត់វិធានការយ៉ាងឆាប់រហ័ស ដើម្បីជួយដោះស្រាយកង្វះខាតវត្ថុធាតុដើមនៅកម្ពុជា ហើយនាវាដឹកវត្ថុធាតុដើមវាយនភ័ណ្ឌជាង៦០កុងតឺន័រនឹងមកដល់ផែព្រះសីហនុនៅថ្ងៃទី៩ មីនា ឆ្នាំ ២០២០នេះ។

គួរបញ្ជាក់ថា នាវាទាំង ៧គ្រឿងនេះ ដែលដឹកវត្ថុធាតុដើម ដែលមាន៥ គ្រឿងចូលតាមខេត្តព្រះសីហនុ និង២គ្រឿងទៀតចូលតាមច្រកហូជីមិញប្រទេសវៀតណាម នេះ គឺជាដំណឹងល្អសម្រាប់កម្មករ កម្មការនី ក្នុងវិស័យកាត់ដេរ អាចដំណើរការផលិតកម្ម និងការងារបានធម្មតាវិញ៕



ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: កូរ៉ូណា​
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង