Yearendyearend1140x150

បទវិភាគ៖កាលានុវត្តនភាពថ្មីក្នុងយុគសម័យថ្មី កិច្ចសហប្រតិបត្តិការផែ្នកកសិកម្មរវាងចិននិងកម្ពុជាលើកកម្ពស់លំដាប់ថ្នាក់ថ្មីម្តងទៀត

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ប្រភពអត្ថបទ និងរូបភាព៖ Cri ccfr

បទវិភាគ៖ ទោះបីជាការរីករាលដាលនៃជំងឺកូវីដ ១៩ បានបង្កផលប៉ះពាល់ដែលមិនធ្លាប់មានពីមុនដល់ទីផ្សារកសិផលអន្តរជាតិក៏ដោយ ក៏ប៉ុន្តែចាប់តាំងពីឆ្នាំ ២០១៩ មក កិច្ចសហប្រតិបត្តិការផែ្នកកសិកម្មរវាងចិននិងកម្ពុជាបានកើនឡើងដោយផ្ទុយនឹងនិន្នាការ។ការនាំចេញកសិផលពិសេសរបស់កម្ពុជាទៅកាន់ប្រទេសចិន ដូចជា ផែ្លចេកនិងអង្ករជាដើមបានកើនឡើងជាបន្តបន្ទាប់។ដោយឡែកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីដំបូងបង្អស់ដែលចិននិងកម្ពុជាបានចុះហត្ថលេខាបានបំពេញបន្ថែមកម្លាំងចលករថ្មីដល់ការពូនជ្រំកាលានុវត្តនភាពថ្មីនិងត្រួសត្រាយនិម្មាបនកម្មថ្មីក្នុងកិច្ចសហប្រតិបត្តិការផែ្នកកសិកម្មរវាងប្រទេសទាំងពីរ។

ប៉ុន្មានឆ្នាំកន្លងទៅនេះ ទន្ទឹមនឹងកិច្ចកសាង"ខ្សែក្រវាត់និងផ្លូវ"ទទួលបានការវិវឌ្ឍរីកចម្រើន កិច្ចសហប្រតិបត្តិការផែ្នកកសិកម្មរវាងចិននិងកម្ពុជាបានលើកកម្ពស់លំដាប់ថ្នាក់ឥតឈប់ឈរ។កាលពីខែឧសភា ឆ្នាំ ២០១៩ ផែ្លចេកកម្ពុជាត្រូវបាននាំចេញទៅកាន់ប្រទេសចិនជាលើកដំបូង នេះគឺជាលើកទី ១ ហើយដែលផ្លែឈើស្រស់កម្ពុជាបាននាំចេញដោយផ្ទាល់ទៅកាន់ទីផ្សារចិន។កាលពីខែមិថុនា ឆ្នាំ ២០២០ ពិធីសារស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែស្វាយស្រស់កម្ពុជាទៅកាន់ប្រទេសចិនបានធ្វើឡើងនៅរាជធានីភ្នំពេញដែលមានន័យថា ផ្លែស្វាយកម្ពុជាក៏បានទទួលលិខិតឆ្លងគយសម្រាប់ការនាំចេញទៅកាន់ប្រទេសចិនផងដែរ។ការនាំចេញអង្ករកម្ពុជាទៅកាន់ប្រទេសចិនក្នុងឆ្នាំ ២០២០ សរុបដល់ទៅ ២ សែន ៥ ម៉ឺន ៨ ពាន់ ២ រយតោនដែលបានកើនជាង ១ សែន ៦ ម៉ឺន ៥ ពាន់ តោនបើប្រៀបធៀបនឹងឆ្នាំ ២០១៩ ។នាពេលបច្ចុប្បន្ននេះ ប្រទេសចិននិងកម្ពុជាកំពុងពន្លឿនការងារខាងការភូតគាមអនាម័យសម្រាប់ឱ្យកសិផលពិសេសកម្ពុជានាំចេញទៅកាន់ប្រទេសចិន ក្នុងនោះ បូករួមទាំង ផ្លែមៀន ផ្លែស្រការនាគ ផ្លែដូង ម្រេច សំបុកត្រចៀកនិងផលិតផលជលផលជាដើម។

បច្ចុប្បន្ននេះ ខណៈពេលការងារនៅជំហានក្រោយដែលពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីរវាងចិននិងកម្ពុជាត្រូវបានប្រព្រឹតិ្តទៅប្រកបដោយរបៀបរៀបរយ កិច្ចសហប្រតិបត្តិការផែ្នកកសិកម្មរវាងប្រទេសទាំងពីរក៏នឹងពន្លឿនជំហានទៅមុខ។

សម្រាប់ប្រទេសកម្ពុជា តាមការប៉ាន់ប្រមាណនឹងមានវិនិយោគិនចិននិងសហគ្រាសបរទេសកាន់តែច្រើនមានសុទិដ្ឋិនិយមចំពោះឧត្តមភាពកម្ពុជាក្នុងការអភិវឌ្ឍអេកូ-កសិកម្មនិងអត្ថប្រយោជន៍ខាងគោលនយោបាយបន្ទាប់ពីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីព្រមនិងបង្កើតក្រុមហ៊ុននៅកម្ពុជា ដែលអាចផ្តល់អំណោយផលដល់ការផ្លាស់ប្តូររូបមន្តនិងលើកកម្ពស់លំដាប់ថ្នាក់លើវិស័យអភិវឌ្ឍកសិផលកម្ពុជា ដូចជា ការបង្កើតខ្សែសង្វាក់ឧស្សាហកម្ម កែច្នៃកសិផលចរាចរទំនិញនិងការដឹកជញ្ជូនជាដើម ក្នុងន័យលើកស្ទួយតម្លៃបន្ថែមរបស់កសិផលកម្ពុជាដែលនាំចេញទៅកាន់បរទេស។

សម្រាប់ប្រទេសចិនវិញ ទន្ទឹមនឹងតម្រូវការរបស់អ្នកប្រើប្រាស់ក្នុងស្រុកសម្រាប់កសិផលត្រូពិកគុណភាពខ្ពស់មានការកើនឡើងយ៉ាងខ្លាំង ទស្សនៈការប្រើប្រាស់ដែលថា "រសជាតិដើម កសិផលមកពីប្រភពដើម បានក្លាយជាភាពទាន់សម័យក្នុងការប្រើប្រាស់ជាសន្សឹមៗ ហើយកសិផលពិសេសកម្ពុជាដែលលែងប្រើជីគីមីនិងថ្នាំបំពុលសត្វល្អិតនិងបៃតងកាន់តែច្រើននឹងចូលទៅផ្ទះប្រជាជនសាមញ្ញកាន់តែច្រើន។ព្រមពេលជាមួយគ្នានេះ សហគ្រាសកសិកម្មចិនដែលប្រកបអាជីវកម្មនៅប្រទេសកម្ពុជាព្រមទាំងសួនឧស្សាហកម្មនិងសហគ្រាសដែលធ្វើពាណិជ្ជកម្មនាំចេញនាំចូលកសិផលក្នុងស្រុក ក៏មានចន្លោះអភិវឌ្ឍកាន់តែទូលំទូលាយនិងដើរតួនាទីកាន់តែធំក្នុងកិច្ចសហប្រតិបត្តិការផែ្នកកសិកម្មទ្វេភាគីផងដែរ។

ខណៈពេលប្រទេសចិនបើកទូលាយទីផ្សាររបស់ខ្លួនថែមមួយកម្រិតទៀត តាមការប៉ាន់ប្រមាណនៅពេលអនាគត នឹងមានផលិតផលគុណភាពខ្ពស់របស់កម្ពុជាកាន់តែច្រើននាំចេញទៅកាន់ប្រទេសចិន។ដោយឡែកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីរវាងចិននិងកម្ពុជាក៏នឹងធ្វើឱ្យកសិផលកម្ពុជាមានឧត្តមភាពខាងតម្លៃ ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មរវាងប្រទេសទាំងពីរលើកកម្ពស់លំដាប់ថ្នាក់ថ្មីម្តងទៀតផងដែរ៕ ប្រភពអត្ថបទ និងរូបភាព៖ Cri ccfr

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: កម្ពុជា_ចិន
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង