Cct850x100 1
1800px x h300px kh

បទវិភាគ៖ការរួមគ្នាកសាង«ខ្សែក្រវាត់និងផ្លូវ»រវាងចិននិងកម្ពុជាប្រកបទៅដោយប្រសិទ្ធភាពខ្ពស់

នយោបាយ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
ប្រភពរូបភាព៖ Cri ccfr

បទវិភាគ៖លោកប្រធានរដ្ឋចិនស៊ីជីនភីង បានលើកឡើងគំនិតផ្តួចផ្តើមសហប្រតិបត្តិការស្តីពីការកសាង “ខ្សែក្រវាត់សេដ្ឋកិច្ចតាមផ្លូវសូត្រ ”និង “ផ្លូវសូត្រ លើសមុទ្រសតវត្សរ៍ទី២១ ”កាលពី ខែកញ្ញា និងខែតុលា ឆ្នាំ២០១៣ ដោយឡែកពីគ្នា។

គំនិតផ្តួចផ្តើមស្តីពី “ខ្សែក្រវាត់ និងផ្លូវ”មានគោលបំណងអភិវឌ្ឍ យ៉ាងសកម្មនូវទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយប្រទេសតាមបណ្តោយ ខ្សែក្រវាត់និងផ្លូវដើម្បីរួមគ្នាបង្កើតសហគម៍រួមផលប្រយោជន៍សហគមន៍រួមវាសនានិងសហគមន៍ទំនួលខុសត្រូវរួមដែលប្រកបដោយទំនុកចិត្តលើគ្នាផ្នែកនយោបាយបរិយាប័ន្នខាងសេដ្ឋកិច្ច និងវប្បធម៌។ កម្ពុជាបានប្រកាសចូលរួមគម្រោងនេះនៅចុងឆ្នាំ២០១៦។

សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានថា កម្ពុជាគាំទ្រគំនិតផ្តួចផ្តើមស្តីពី“ខ្សែក្រវាត់ និងផ្លូវ” ហើយបានចាត់ទុកគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវជាក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការដែលមានលក្ខណៈពិសេសពីព្រោះបានផ្តោតជាសំខាន់លើការសម្របសម្រួលគោលនយោបាយអភិវឌ្ឍន៍ជាមួយប្រទេសដៃគូដោយឈរលើស្មារតីគោរពគ្នាទៅវិញទៅមក។

មុនពេលចាប់ដំណើរការគម្រោង“ខ្សែក្រវាត់និងផ្លូវ”របស់ចិន នៅឆ្នាំ២០១៣ ការវិនិយោគរបស់ចិននៅ ប្រទេសកម្ពុជាសំខាន់គឺ ប្រមូលផ្តុំក្នុងគម្រោងសាងសង់ទំនប់ទឹកនិងវារៈអគ្គិសនីជាដើម។ បន្ទាប់ពីចាប់ដំណើរការគំនិតផ្តួចផ្តើមស្តីពី“ខ្សែក្រវាត់និងផ្លូវ”ការវិនិយោគរបស់ចិនបានបង្វែរទៅលើវិស័យជាច្រើន ជាពិសេសគឺឧស្សាហកម្ម សំណង់ អចលនទ្រព្យនិង ដឹកជញ្ជូន ដែលត្រូវជា៧៣ភាគរយនៃទំហំវិនិយោគសរុបលើកម្ពុជារបស់ចិន។ តាមដឹងនៅឆ្នាំ២០១៩ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងចិននិងកម្ពុជា បានឡើងដល់ ៩ពាន់៤រយ ៣០លាន ដុល្លារអាមេរិក ដែលកើនឡើង ២៧,៧ភាគរយ បើប្រៀបធៀប នឹងរយៈពេលដូចគ្នានាឆ្នាំ២០១៨ ។

ក្រៅពីនេះ ចិនបានក្លាយជាប្រទេសជាប្រភពប្រាក់ទុនបរទេសធំបំផុតរបស់កម្ពុជាដែលត្រូវជា ៤៣ភាគរយនៃទំហំវិនិយោគ ដោយផ្ទាល់ពីបរទេសសរុបនៅឆ្នាំ២០១៩។ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងថាតំបន់សេដ្ឋកិច្ច ពិសេសក្រុងព្រះសីហនុ កសាងគម្រោងគំរូនៃកិច្ចសហប្រតិបត្តិការ ឈ្នះ-ឈ្នះ ក្រោមគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និង ផ្លូវ »ការសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ខេត្តព្រះសីហនុនឹងក្លាយជាកម្លាំងចលករមួយកែប្រែវិមាត្រសេដ្ឋកិច្ចកម្ពុជា ការសាងសង់ព្រលានយន្តហោះ អន្តរជាតិ សៀមរាប-អង្គរថ្មី ជាការរួមចំណែកយ៉ាងសំខាន់ក្នុងការកែលម្អប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជា ជាពិសេសអាចជំរុញការអភិវឌ្ឍលើវិស័យទេសចរណ៍ពាណិជ្ជកម្ម វិនិយោគនិង កសិកម្មរបស់ប្រទេសកម្ពុជា ។

កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ ចិននិងកម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីជាផ្លូវការ។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងចិននិងកម្ពុជាជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទីមួយដែលតាក់តែងកិច្ចសហប្រតិបត្តិការនៃគំនិតផ្តួចផ្តើមស្តីពី“ខ្សែក្រវាត់ និងផ្លូវ” ជាជំពូកមួយដាច់ ដោយឡែក។ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ ជានីមិត្តសញ្ញាថ្មីក្នុងការអភិវឌ្ឍទំនាក់ទំនង ផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគីរវាងចិននិងកម្ពុជា ដែលនឹងជំរុញទំនាក់ទំនងផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគីឡើងដល់កម្រិតថ្មីថែមទៀត៕ ប្រភពអត្ថបទ៖ Cri ccfr

ប្រភពរូបភាព៖ Cri ccfr
ប្រភពរូបភាព៖ Cri ccfr


Khcct banner

អត្ថបទទាក់ទង