Cct850x100 1
1800px x h300px kh

បទវិភាគ៖ទំនាក់ទំនងរវាងចិន និងកម្ពុជាពោរពេញទៅដោយក្តីសង្ឃឹមនៅឆ្នាំ ២០២១

ចិន
/
អ្នកយកព័ត៌មាន:
សុីសុីថាមស៍
/
រូបភាព ប្រភព៖ វិទ្យុកម្ពុជាចិន 

ភ្នំពេញ៖ ឆ្នាំ ២០២០ ជាឆ្នាំមួយប្រកបដោយភាពលំបាកលំបិនក្នុងប្រវត្តិសាស្ត្ររបស់មនុស្សជាតិ។នយោបាយអំណាចផ្តាច់ការ គំនិតសង្គ្រាមត្រជាក់ ឯកតោភាគីនិយមនិងការរីករាលដាលនៃជំងឺកូវីដ ១៩ បានកកើតទៅជាបញ្ហាប្រឈមដែលមិនធ្លាប់មានពីមុនចំពោះការអភិវឌ្ឍនៃសង្គមមនុស្សជាតិ។ឆ្នាំ ២០២០ ក៏ជាឆ្នាំមួយដែរដែលបន្តធ្វើឱ្យស៊ីជម្រៅនូវការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងកម្ពុជាតទៅទៀត។ស្ថិតក្រោមស្ថានការណ៍រីករាលដាលនៃជំងឺកូវីដ ១៩ ចិននិងកម្ពុជាបានដកដង្ហើមរួមគ្នានិងរួមលំបាកជាមួយគ្នា ហើយការកសាងសហគមន៍រួមវាសនារបស់ប្រទេសទាំងពីរទទួលបានសមិទ្ធផលគួរឱ្យកត់សម្គាល់។

ក្នុងអំឡុងពេលការរីករាលដាលនៃជំងឺឆ្លង ការគាំទ្ររបស់ប្រទេសកម្ពុជាចំពោះប្រទេសចិនមិនត្រឹមតែបង្ហាញក្នុងការធ្វើដំណើរបញ្រ្ចាសទិសដ៏ក្លាហានរបស់សម្តេចហ៊ុនសែន នាយករដ្ឋមន្រ្តីកម្ពុជាទៅកាន់ប្រទេសចិនប៉ុណ្ណោះទេ ថែមទាំងក៏បង្ហាញក្នុងគោលនយោបាយចំពោះប្រទេសចិនរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ ពោលគឺ "មិនដកអាណិកជនខ្មែរចេញពីចិន" "បិទជើងហោះហើររវាងកម្ពុជានិងចិន"និង"មិនរើសអើងចំពោះជនជាតិចិន"។ក្នុងបរិបទដែលជំងឺកូវីដ ១៩ បានរីករាលដាលនៅទូទាំងពិភពលោក ចំនួនករណីឆ្លងជំងឺកូវីដ ១៩ នៅកម្ពុជាក៏បានកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។គណៈកម្មាធិការជាតិសុខាភិបាលចិនបានចាត់បញ្ជូនក្រុមអ្នកជំនាញផែ្នកវេជ្ជសាស្ត្រទៅកាន់ប្រទេសកម្ពុជាដើម្បីចែករំលែកនូវបទពិសោធន៍របស់ចិននិងជួយឧបត្ថម្ភដល់ការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង។លើសពីនេះទៅទៀត កងទ័ពប្រទេសទាំងពីរ ចិននិងកម្ពុជាក៏បានបញ្ចប់ដោយគាប់ប្រសើរនូវការហ្វឹកហាត់រួមឈ្មោះ"នាគមាស ២០២០ "ក្នុងអំឡុងពេលការរីករាលដាលនៃជំងឺឆ្លង។អន្តរកម្មទ្វេភាគីក្នុងដំណាក់កាលមិនធម្មតាបានបូកស្រាយពីអ្វីដែលហៅជាចំណងមិត្តភាពដែកថែបយ៉ាងពិតប្រាកដ។

ចំណងមិត្តភាពដែកថែបរវាងចិននិងកម្ពុជា គឺដោយសារតែការជួយយកអាសាគ្នាទៅវិញទៅមកលើគ្រប់វិស័យនៃប្រទេសទាំងពីរក្នុងរយៈពេលជាយូរណាស់មកហើយ។ក្នុងប៉ុន្មានឆ្នាំកន្លងទៅនេះ ទំហំពាណិជ្ជកម្មសរុបរវាងចិននិងកម្ពុជាបានបំបែកកំណត់ត្រាខ្ពស់ថ្មីជារឿយៗ។ចាប់ពីខែមករាដល់ខែវិច្ឆិកា ឆ្នាំ ២០១៩ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងចិននិងកម្ពុជាមានដល់ទៅ ៨.៥៣ ពាន់លានដុល្លារអាមេរិក ដែលបានាកើនឡើង ២៧.៨ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០១៨ ។នៅដើមឆ្នាំ ២០១៩ ប្រទេសចិនបានតំឡើងកូតានាំចូលអង្ករកម្ពុជាទៅដល់ចំនួន ៤ សែនតោនក្នុងមួយឆ្នាំទៅកាន់ប្រទេសចិន។ព្រមពេលជាមួយគ្នានេះ នៅឆ្នាំ ២០១៩ កម្ពុជាបានសម្រេចជាលើកដំបូងនូវការនាំចេញផ្លែចេក ១ លានតោនទៅកាន់ប្រទេសចិន។

នៅមូលដ្ឋាននេះ កិច្ចសហប្រតិបត្តិការរវាងចិននិងកម្ពុជាក្នុងយុគសម័យបន្ទាប់ពីបញ្ចប់ការរាលដាលនៃជំងឺឆ្លងប្រាកដជានឹងបន្តវិវឌ្ឍទៅរកភាពវិជ្ជមានជាបន្តបន្ទាប់មិនខាន។

ទី១ លើវិស័យសេដ្ឋកិច្ច៖ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីដំបូងបង្អស់រវាងប្រទេសទាំងពីរគួរជាទីរំពឹងទុកណាស់។ប្រការនេះនឹងបង្កើតលទ្ធភាពកាន់តែច្រើនសម្រាប់ពាណិជ្ជកម្មទ្វេភាគីរវាងចិននិងកម្ពុជា។ទី២ លើវិស័យឧស្សាហកម្មទេសចរណ៍៖ ក្នុងប៉ុន្មានឆ្នាំកន្លងទៅនេះ ប្រទេសចិនបានក្លាយជាប្រភពភ្ញៀវទេសចរណ៍ធំបំផុតរបស់ប្រទេសកម្ពុជា។ទោះបីជាឧស្សាហកម្មទេសចរណ៍របស់កម្ពុជាទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារការរីករាលដាលនៃជំងឺឆ្លងក៏ដោយ ក៏ប៉ុន្តែបន្ទាប់ពីបញ្ចប់ការរីករាលដាលនៃជំងឺឆ្លង ទីផ្សារចិនត្រូវបានរំពឹងថា នឹងក្លាយជាកម្លាំងចលករសម្រាប់ការងើបឡើងវិញនៃឧស្សាហកម្មទេសចរណ៍របស់កម្ពុជា។ទី៣ លើវិស័យកសិកម្ម៖ ប្រទេសចិននឹងពន្លឿនការអនុវត្តគម្រោងផ្តល់ជំនួយគាំទ្រដល់កម្ពុជា ដូចជា ឃ្លាំងស្តុកបំរុងស្បៀងនិងបរិក្ខារសម្ងួតជាដើមដើម្បីធ្វើឱ្យកសិផលមានគុណភាពខ្ពស់របស់កម្ពុជាកាន់តែច្រើនអាចនាំចេញទៅកាន់ប្រទេសចិន។លើសពីនេះទៅទៀត ក្នុងអំឡុងពេលការរីករាលដាលនៃជំងឺឆ្លង គម្រោងវិនិយោគសំខាន់ៗ ដូចជាផ្លូវហាយវេពីភ្នំពេញទៅក្រុងព្រះសីហនុព្រមនិងអាកាសយានដ្ឋានថ្មីនៅខេត្តសៀមរាបជាដើមក៏កំពុងពន្លឿនការសាងសង់ផងដែរ។

ឆ្នាំ ២០២១ គឺជាឆ្នាំមួយដែលពោរពេញទៅដោយក្តីសង្ឃឹមសម្រាប់ទំនាក់ទំនងរវាងចិននិងកម្ពុជា។មិនថាស្ថានការណ៍អន្តរជាតិមានការប្រែប្រួលយ៉ាងណាក្តី ទំនាក់ទំនងរវាងចិននិងកម្ពុជាប្រាកដជានឹងបន្តបំផុសកម្លាំងរស់រវើកថ្មីក្នុងដំណាក់កាលប្រវត្តិសាស្ត្រថ្មីជាមិនខានដើម្បីបង្កើតសុខសុភមង្គលនិងផលប្រយោជន៍កាន់តែច្រើនជូនដល់ប្រជាជននៃប្រទេសទាំងពីរ៕

ពាក្យទាក់ទង: ចិន
Khcct banner

អត្ថបទទាក់ទង