Yearendyearend1140x150

ប្រធានពេទ្យផ្នែកជំងឺសួត៖ ជំងឺសួតឫកូរ៉ូណា មិនអាចធ្វើឱ្យអ្នកជំងឺដួលសន្លប់ឫស្លាប់ភ្លាមៗនោះទេ

សង្គម
/
អ្នកយកព័ត៌មាន:
គន្ធា អេង
/

ភ្នំពេញ៖ វេជ្ជបណ្ឌិតជំនាញផ្នែកជំងឺសួតនៅកម្ពុជាបានគូសបញ្ជាក់ច្បាស់ៗនៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៥ ខែមីនានេះថា អ្នកដែលមានជំងឺរលាកសួតទូទៅ និងរលាកសួតរបង្កឡើងដោយមេរោគកូវីដ-១៩ គឺមិនអាចមានអាការៈដួលសន្លប់ ឬ ស្លាប់ភា្លមៗនោះទេ។ ការបញ្ជាក់នេះ គឺជាការឆ្លើយតបទៅនឹងការសង្ស័យនានារបស់ប្រជាពលរដ្ឋកម្ពុជាមួយចំនួនដែលតែងតែគិតថា អ្នកដួលសន្លប់ ឫស្លាប់នាពេលប៉ុន្មានថ្ងៃកន្លងទៅនេះ គឺមានផ្ទុកមេរោគកូរ៉ូណា ឫកូវីដ-១៩។

លោកសាស្ត្រាចារ្យ វ៉ាន់ ម៉ិច ប្រធានផ្នែកជំងឺសួតនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងជាប្រធានសមាគមគ្រូពេទ្យសួតកម្ពុជា បានអះអាងនៅក្នុងសន្និសីទសារព័ត៌មាននៅទីស្តីការក្រសួងសុខាភិបាលថា ជំងឺរលាកសួតធម្មតាក្តី ឫបង្កដោយមេរោគផ្សេងៗ តួយ៉ាង មេរោគកូវីដ-១៩នេះក្តី គឺវាត្រូវការពេលវេលាក្នុងការវិវឌ្ឍខ្លួន មិនមែនដើរដួលសន្លប់ ឫ ស្លាប់ភ្លាមៗនោះទេ។ ចំណែក លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជាក៏បានគូសបញ្ជាក់ដូចគ្នានេះដែរ។ លោកស្រីថា៖« វាមិនអាចកើតឡើងភា្លម ហើយដើរដួលសន្លប់ ឫស្លាប់ភ្លាមៗនោះឡើយ»។

បើតាមលោកស្រីឱ វណ្ណឌីន គិតមកដល់ពេលនេះ កម្ពុជាបានធ្វើតេស្តលើអ្នកសង្ស័យថាបានឆ្លងមេរោគកូវីដ-១៩ ចំនួន១៤៥នាក់ហើយ។ ក្នុងនោះ ១៤៤នាក់ រកមិនឃើញមេរោគកូវីដ-១៩ទេ គឺមានតែជនជាតិចិនម្នាក់នៅក្នុងខេត្តព្រះសីហនុប៉ុណ្ណោះ ប៉ុន្តែត្រូវបានព្យាបាលជាសះស្បើយ។ រីឯនៅក្នុងមន្ទីរពេទ្យខ្មែរ-សូវៀតនៅរាជធានីភ្នំពេញវិញ គិតមកដល់ពេលនេះ គឺមានអ្នកសង្ស័យមកពិនិត្យចំនួន៧៨នាក់ មានទាំងជនជាតិខ្មែរ ចិន កាហ្សាក់ស្ថាន ជប៉ុន កូរ៉េខាងត្បូង និងអូស្តា្រលីជាដើម។ ប៉ុន្តែជាលទ្ធផផល គឺអវិជ្ជមានទាំងអស់។ នេះបើតាមលោកសាស្ត្រាចារ្យ វ៉ាន់ ម៉ិច។

បន្ថែមពីលើនេះ លោកសាស្ត្រាចារ្យ វ៉ាន់ ម៉ិច ក៏បានអះអាងឱ្យដឹងផងដែរថា មន្ទីរពេទ្យខ្មែរ-សូវៀត បានពិនិត្យលើនិស្សិតខ្មែរដែលមកចិនចំនូន៤២នាក់រួចរាល់ហើយដែរ ប៉ុន្តែរកមិនឃើញករណីឆ្លងមេរោគកូវីដ-១៩នេះនោះទេ៕ 

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: កូរ៉ូណា​
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង