Cct850x100 1
1800px x h300px kh

ក្រសួងនឹងពិន័យ៥លានរៀលចំពោះសេវាសុខាភិបាលណាចេញ«វេជ្ជបញ្ជាសរសេរដៃ»អានមិនដាច់

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
លោកជំទាវ ឱ វណ្ឌឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល 


ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជានឹងពិន័យជាទឹកប្រាក់ចំនួន៥លានរៀល ចំពោះម្ចាស់សេវាសុខាភិបាលឯកជនណា ដែលនៅតែចេញវេជ្ជបញ្ជាសរសេរដោយដៃ ដោយមិនព្រមចេញវេជ្ជបញ្ជាតាមកុំព្យូទ័រ។នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា។

ក្រសួងសុខាភិបាល បានដាស់តឿនដល់ម្ចាស់សេវាសុខាភិបាលឯកជនទាំងអស់ស្ដីពីការក្រើនរំលឹកចេញវេជ្ជបញ្ជា និងលទ្ធផលពីមន្ទីរពិសោធន៍ឬសេវាអមវេជ្ជសាស្រ្តតាមកុំព្យូទ័រ ដោយស្នើឱ្យម្ចាស់សេវាកម្មទាំងនោះចេញវេជ្ជបញ្ជាដោយកុំព្យូទ័រ ជាសវាងការសរសេរដោយដៃអានមិនដាច់។

ការក្រើនរំឮកយ៉ាងដូច្នេះ ដោយសារតែក្រសួងនៅតែសង្កេតឃើញកន្លែងព្យាបាលជំងឺឯកជនមួយចំនួន នៅតែមិនព្រមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលក្នុងការចេញវេជ្ជបញ្ជាដោយកុំព្យូទ័រហើយនៅតែបន្តការចេញវេជ្ជបញ្ជាសរសេរដោយដៃខ្ជីខ្ជា អានមិនដាច់ និងមិនត្រឹមត្រូវតាមក្បួនវេជ្ជសាស្ត្រ។

ក្នុងករណីដែលកន្លែងព្យាបាលជំងឺឯកជនណាមិនព្រមគោរពទៅតាមការណែនាំរបស់ក្រសួងសុខាភិបាលនោះទេ ក្រសួងនឹងមានវិធានការយ៉ាងម៉ឺងម៉ាត់បំផុតចំពោះកន្លែងព្យាបាលនោះដោយធ្វើការផាកពិន័យជាទឹកប្រាក់ចំនួន ៥ លានរៀល តាមការប្រកាសអន្តរក្រសួងរវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាមួយក្រសួងសុខាភិបាល ឬដកអាជ្ញាប័ណ្ណមកវិញព្រមទាំងបិទកន្លែងព្យាបាលមិនអាចព្យាបាលអ្នកជំងឺតទៅទៀតឡើយ។

ក្រសួងសុខាភិបាលសង្ឃឹមយ៉ាងមុតមាំថាម្ចាស់សេវាសុខាភិបាលឯកជនទាំងអស់នឹងចូលរួមអនុវត្តដូចអ្វីដែលក្រសួងសុខាភិបាលបានចេញសេចក្ដីប្រកាស ដើម្បីចេញវេជ្ជបញ្ជាតាមប្រព័ន្ធកុំព្យូទ័រ ដើម្បីឲ្យមានភាពសណ្ដាប់ធ្នាប់ និងត្រឹមត្រូវតាមក្បួនវេជ្ជសាស្ត្រ៕

ពាក្យទាក់ទង: ក្រសួងសុខាភិបាល
Khcct banner

អត្ថបទទាក់ទង