Cct850x100 1

ក្រសួងសុខាភិបាលនឹងបំភ្លឺរឿងជនជាតិជប៉ុនឆ្លងកូវីដ-១៩ ក្រោយចេញពីកម្ពុជានៅរសៀលនេះ

សង្គម
/
អ្នកយកព័ត៌មាន:
គន្ធា អេង
/

ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នឹងចេញមកបកស្រាយពីបញ្ហាពាក់ព័ន្ធនឹងជនជាតិជប៉ុនម្នាក់ដែលត្រូវបានរកឃើញថា មានផ្ទុកកូវីដ-១៩នៅព្រលានយន្តហោះក្រុងហូជីមិញរបស់វៀតណាម បន្ទាប់ពីរូបគេបានចាកចេញពីព្រលានយន្តហោះខេត្តសៀមរាបរបស់កម្ពុជា។ ព័ត៌មាននៃការរកឃើញកូវីដ-១៩លើជនជាតិជប៉ុននេះ ត្រូវបានសាធារណជនខ្មែរចែកចាយជាច្រើននៅតាមបណ្តាញសង្គមហ្វេសប៊ុក។

លោកស្រីឱ វណ្ណឌីន រដ្ឋលេខាធិការ និង ជាអ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា បានអះអាងឱ្យដឹងនៅព្រឹកថ្ងៃព្រហស្បតិ៍នេះថា នៅពេលនេះ ក្រុមការងាររបស់ក្រសួងសុខាភិបាលកំពុងធ្វើការងារលើបញ្ហានេះ ហើយនៅរសៀលថ្ងៃព្រហស្បតិ៍នេះ ក្រសួងនឹងធ្វើការបកស្រាយជាផ្លូវការជុំវិញបញ្ហាជនជាតិជប៉ុនដែលរកឃើញមានឆ្លងកូវីដ-១៩នេះនៅព្រលានយន្តហោះក្រុងហូជីមិញ។

ការបកស្រាយនេះ នឹងធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានមួយដែលគ្រោងធ្វើឡើងនៅវេលាម៉ោង៣រសៀលនាថ្ងៃទី០៥ ខែកុម្ភៈនេះនៅទីស្តីការក្រសួងសុខាភិបាល បន្ទប់ជាន់ផ្ទាល់ដី។ សន្និសីទសារព័ត៌មាននេះ នឹងបើកឱកាសឱ្យអ្នកសារព័ត៌មានសាកសួរសំណួរពាក់ព័ន្ធនឹងបញ្ហាជំងឺ និង ការធ្វើតេស្ត កូវីដ-១៩ និងការដួលសន្លប់ ឫដួលស្លាប់។

សន្និសីទសារព័ត៌មាននេះ នឹងមានការចូលរួមពីសំណាក់អ្នកជំនាញផ្នែកវជ្ជសាស្រ្តសំខាន់ៗដូចជា លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល លោកសាស្ត្រចារ្យ ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានណ:គ្រូពេទ្យកម្ពុជា លោកសាស្ត្រាចារ្យ វ៉ាន់ ម៉ិច ឯកទេស និងប្រធានផ្នែកជំងឺសួតនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងជាប្រធានសមាគមគ្រូពេទ្យសួតកម្ពុជា លោកសាស្ត្រាចារ្យ រស់ សីហា ឯកទេស និងប្រធានផ្នែកសរសៃប្រសាទនៃមន្ទីរពេទ្យកាល់ម៉ែត និង តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជាផងដែរ៕ 

ពាក្យទាក់ទង: កូរ៉ូណា​
Khcct banner

អត្ថបទទាក់ទង