Cct850x100 1
1800px x h300px kh

សម្តេចហ៊ុន សែនព្រមានចាត់វិធានការក្ដៅលើមន្ត្រីកេងប្រវ័ញ្ញប្រាក់ឧបត្ថម្ភពលរដ្ឋក្រីក្រ

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
សម្ដេចហ៊ុន សែន នាយករដ្ឋមន្រ្តី 

ភ្នំពេញ៖ សម្ដេចហ៊ុន សែន នាយករដ្ឋមន្រ្តី បានចេញសារព្រមានចាត់វិធានការក្ដៅ ដោយមិនមានការលើកលែងចំពោះមន្រ្តីណាដែលកែងប្រវ័ញ្ញ ឬធ្វើឱ្យមានភាពមិនប្រក្រតី ចំពោះកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និង ងាយរងគ្រោះ។

តាមរយៈទំព័រហ្វេកប៊ុកផ្លូវការ សម្ដេចហ៊ុន សែន គូសបញ្ជាក់ថា ចាប់តាំងពីការចាប់ផ្តើមបើកប្រាក់ឧបត្ថម្ភដល់ពលរដ្ឋក្រីក្រលើកដំបូងមក ការធ្វើបច្ចុប្បន្នភាពគ្រួសារក្រីក្រដើម្បីទទួលបានប្រាក់ឧបត្ថម្ភ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ព្រោះសាច់ប្រាក់នេះបានឱ្យដល់ដៃគ្រួសារក្រីក្រ និងមានការលំបាកពិតប្រាកដ។

បើតាមសម្តេច ដើម្បីឱ្យការងារនេះមានប្រសិទ្ធភាព គឺត្រូវពឹងផ្អែកស្ទើរទាំងស្រុងលើអាជ្ញាធរមូលដ្ឋាន ជាពិសេស មេភូមិ និងក្រុមប្រឹក្សាឃុំ-សង្កាត់ ត្រូវខិតខំបំពេញការងារនេះឱ្យបានត្រឹមត្រូវ ច្បាស់លាស់ មានតម្លាភាព គណនេយ្យភាព និង ប្រកាន់ខ្ជាប់នូវយុត្តិធម៌បំផុត ជាពិសេស គឺត្រូវចៀសវាងឱ្យខានតែបាននូវការយោគយល់ និងឃុបឃិតគ្នា ដើម្បីដាក់បញ្ចូលក្រុមគ្រួសារ សាច់ញាតិ មិត្តភ័ក្ត ឬ អ្នកស្គាល់គ្នា ដែលមិនមែនជាគ្រួសារក្រីក្រ និងងាយរងគ្រោះពិតប្រាកដ ដើម្បីទទួលបានប្រាក់ឧបត្ថម្ភនេះ។

សម្តេចហ៊ុន សែន បានព្រមានថា “ចាត់វិធានការក្តៅ និងមិនលើកលែងជាដាច់ខាតចំពោះអ្នកពាក់ព័ន្ធទាំងអស់ ប្រសិនបើរកឃើញថាមានបញ្ហាមិនប្រក្រតីកើតមានឡើងនៅក្នុង ភូមិ ឬ ឃុំ-សង្កាត់ ណាមួយ ចំពោះប្រាក់ឧបត្ថម្ភជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ”។

សម្តេចស្នើឲ្យក្រសួងមហាផ្ទៃត្រូវសហការជាមួយក្រសួងផែនការ និងក្រសួង-ស្ថាប័នពាក់ព័ន្ធនានា ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិក្នុងការពិនិត្យតាមដានការអនុវត្តការងារនេះ ឱ្យមានប្រសិទ្ធភាពខ្ពស់ និងត្រូវរាយការណ៍មកកាន់ សម្តេចតេជោនាយករដ្ឋមន្រ្តី ជាបន្ទាន់ ប្រសិនបើរកឃើញថាមានបញ្ហាមិនប្រក្រតីណាមួយកើតឡើង។

គួរបញ្ជាក់ថា ប្រមុខរាជរដ្ឋាបាលកម្ពុជា សម្តេច ហ៊ុន សែន បានសម្រេចឲ្យបន្តការអនុវត្ត “កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩” ជុំទី៤ ចំនួន ៣ខែ បន្ថែមទៀត គឺសម្រាប់ ខែមករា ខែកុម្ភៈ និង ខែមីនា ឆ្នាំ២០២១។កម្មវិធីនេះឧបត្ថម្ភសាច់ប្រាក់នេះ ពិតជាកំពុងបានចូលរួមចំណែកក្នុងលើកស្ទួយ និងរក្សាលំនឹងជីវភាពរបស់គ្រួសារក្រី នៅក្នុងអំឡុងពេលដ៏លំបាកនេះ ហើយក៍ដោយសារតែជំងឺកូវីដ-១៩ នៅមិនទាន់ទៅណាឆ្ងាយនៅឡើយ៕

Khcct banner

អត្ថបទទាក់ទង