Yearendyearend1140x150

កម្ពុជាត្រៀមថវិកាទិញ«វ៉ាក់សាំងប្រឆាំងកូវីដ-១៩»ចំនួន១លានដូសចាក់ជូនពលរដ្ឋ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
នាយករដ្ឋមន្ត្រីកម្ពុជា សម្តេច ហ៊ុន សែន

ភ្នំពេញ៖នាយករដ្ឋមន្ត្រីកម្ពុជា សម្តេច ហ៊ុន សែន នៅល្ងាចថ្ងៃទី ៧ ធ្នូនេះ បានថ្លែងពីការណែនាំឱ្យក្រសួងសុខាភិបាល និងក្រសួងសេដ្ឋកិច្ច ត្រៀមថវិការួចហើយ ដើម្បីទិញវ៉ាក់សាំងជំងឺកូវីដ១៩ ដើម្បីចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។

តាមយៈទំព័រហ្វេកប៊ុក សម្តេច ហ៊ុន សែន បានថ្លែងថា "កន្លងមកជាមួយនឹងការតាមដាននូវដំណើរការផលិតវ៉ាក់សាំងប្រឆាំងកូវីដ១៩ របស់ប្រទេសនានា ខ្ញុំបានណែនាំរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុអោយត្រៀមបំរុងថវិកាសម្រាប់ទិញវ៉ាក់សាំងនេះយកមកចាក់ជូនប្រជាជនយើងដោយឥតគិតថ្លៃជាជំហានដំបូងផងដែរ"។

បើតាមពេលនេះប្រទេសមួយចំនួនផលិតបាន និងដាក់អោយប្រើប្រាស់ហើយនឹងកំពុងបញ្ចេញលក់អោយប្រទេសនានាផងដែរ។ សម្តេចបានណែនាំអោយរដ្ឋមន្ត្រីក្រសួងសុខាភិបាលពិភាក្សាជាមួយដៃគូអភិវឌ្ឍន៍ ពិសេសអង្គការសុខភាពពិភពលោក ដើម្បីកំណត់ថា តើយើងគួរទិញវ៉ាក់សាំងពីប្រទេសណា?

សម្តេចក៏បានណែនាំរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុត្រៀមថវិកាសម្រាប់ការទិញ១លានដូស (មួយលានដូស) ក្នុងដំណាក់កាលដំបូង ដើម្បីចាក់ជូនចំពោះអ្នកដែលធ្វើការនៅកន្លែងដែលមានហានិភ័យខ្ពស់ និងអ្នកដែលមានហានិភ័យ។ មួយលានដូសចាក់បានត្រឹមតែមនុស្ស៥០ម៉ឺននាក់ប៉ុណ្ណោះ (ព្រោះម្នាក់ត្រូវការចាក់២ដង) ក្នុងពេលយើងមានប្រជាជន១៦លាននាក់ ទាំងចាស់ទាំងក្មេង ដែលក្នុងនោះអាចមានមនុស្សប្រមាណ១០លាននាក់ត្រូវការចាក់វ៉ាក់សាំង។

សម្តេចថ្លែងថា "ក្នុងស្ថានភាពដែលប្រទេសយើងនៅក្រខ្វះថវិកាសម្រាប់ទិញបន្ថែម ខ្ញុំបានណែនាំរដ្ឋមន្ត្រីទាំង២រូបអោយពិភាក្សាជាមួយដៃគូអភិវឌ្ឍន៍ទាំងទ្វេភាគី ទាំងពហុភាគី ដើម្បីស្វែងរកជំនួយបន្ថែមមកជួយដល់ប្រជាជនយើង"។

សម្តេចសង្ឃឹមថាដៃគូអភិវឌ្ឍន៍របស់យើងនឹងផ្តល់ជំនួយដល់ប្រជាជនយើងឬយ៉ាងហោចលក់ក្នុងតម្លៃថោកសមរម្យអោយយើង។ ខ្ញុំក៏បានណែនាំរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុត្រៀមថវិកាសម្រាប់ទិញ២ទៅ៣លានដូសថែមទៀតផងដែរសម្រាប់ដំណាក់កាលបន្ទាប់៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: កូរ៉ូណា​
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង