Yearendyearend1140x150

សម្តេចហ៊ុន សែន ត្រៀមព្រះរាជក្រឹត្យថ្វាយព្រះមហាក្សត្រ«ដាក់​ប្រទេស​​ស្ថិត​ក្នុង​ភាព​អាសន្ន»

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេច ហ៊ុន សែន

ភ្នំពេញ៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេច ហ៊ុន សែន នៅថ្ងៃទី ៦ ធ្នូនេះ បានចេញបញ្ជាដល់អាជ្ញាធរខេត្តគ្រប់ជាន់ថ្នាក់ត្រូវបិទអាជីវកម្ម ឬហាងទាំងឡាយណាដែលមិនគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាលកម្ពុជា ក្នុងការចូលរួមទប់ស្កាត់ការឆ្លងកូវីដ-១៩ ចូលទៅក្នុងសហគមន៍។ ជាមួយគ្នានេះ សម្តេចក៏បានបង្ហើបពីការត្រៀមព្រះរាជក្រឹត្យថ្វាយព្រះមហាក្សត្រ ដើម្បីដាក់ប្រទេសក្នុងគ្រាមានអាសន្នផងដែរ។

តាមរយៈសារជាសំឡេងនៅថ្ងៃទីនេះ សម្តេចហ៊ុន សែន បានស្នើរដ៏ទទូចដល់អាជីវកម្ម ហាងលក់ដូរទាំងអស់ ត្រូវចូលរួមទប់ស្កាត់ការពារកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ហើយប្រជាពលរដ្ឋដែលបានចូលទៅញាំអាហារ ឬទិញសម្ភារផ្សេងៗក៏ត្រូវមានម៉ាស់ រក្សាគម្លាតសង្គមដែលបានកំណត់ដោយក្រសួងសុខាភិបាល។ការបញ្ជារបស់សម្តេចយ៉ាងដូច្នេះ ធ្វើឡើងបន្ទាប់ពីសម្តេចមើលឃើញថា មានហាង និងទីកន្លែងអាជីវកម្មមួយចំនួនមិនបានគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល នាំឱ្យការឆ្លងនៅក្នុងសហគមន៍បន្តឱ្យមានអ្នកឆ្លងកូវីដ-១៩កើនឡើង។

ជាមួយគ្នានោះ សម្តេចក៏បានបង្ហើបពីការត្រៀមរួចរាល់នូវព្រះរាជក្រឹត្យ និងសារលិខិត ដើម្បីថ្វាយព្រះមហាក្សត្រដាក់ប្រទេសក្នុងគ្រាមានអាសន្ន ហើយព្រៀងនូវអនុក្រឹត្យសម្រាប់ប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភារួចរាល់ហើយ។ប៉ុន្តែសម្តេចមិនចង់ដើរទៅដល់ជំហានបែបនេះនោះទេ ព្រោះប្រសិនបើដាក់ប្រទេសក្នុងគ្រាមានអាសន្នដូចជាបិទសេដ្ឋកិច្ចទាំងស្រង់ ហើយប្រសិនជាបិទប្រទេស ឬបិទផ្នែកណាមួយរបស់ប្រទេសដូចជា រាជធានីភ្នំពេញ ឬខេត្តណាមួយវានឹងគាំងដល់ដំណើរការសេដ្ឋកិច្ចប៉ះពាល់ដល់ដំណើរការរកស៊ីរបស់ប្រជាពលរដ្ឋ។

សម្តេចបានសង្កត់ធ្ងន់ថា អ្វីដែលកម្ពុជាអាចជម្នះបានកម្ពុជាត្រូវខិតខំជម្នះបន្តទៀត តាមរយៈនៃការប្រឹងប្រែងរបស់អាជ្ញាធរគ្រប់លំដាប់​ថ្នាក់ ហើយសម្តេចសុំការយោគយល់ដល់ប្រជាពលរដ្ឋចំពោះស្ថានការណ៍បច្ចុប្បន្នថា មិនមែនសម្រាប់ជនណាមួយទេ តែសម្រាប់​សាម៉ីខ្លួនតែម្តង។

ទាក់ទងនឹង«ព្រឹត្តការណ៍សហគមន៍២៨វិច្ឆិកា» សម្តេចកត់សម្គាល់ឃើញថា គិតត្រឹមថ្ងៃទី ៦ធ្នូ អ្នកឆ្លងមានចំនួនតិច តែចំនួននេះមិនមែនមានន័យថា កម្ពុជាអាចរួចផុតការឆ្លងនោះទេ ព្រោះមិនដឹងថាជំងឺកូវីដ-១៩មាននៅទីណាទៀត ដូច្នេះសម្តេចស្នើឱ្យប្រជាពលរដ្ឋទាំងអស់ត្រូវបង្កើនការប្រុងប្រយ័ត្ន។សម្តេចសង្ឃឹមថា ប្រជាជន​ភាគច្រើន​មិនអត់លុយទិញម៉ាស់ទេ ហើយរាជរដ្ឋាភិបាលក៏បានបញ្ចេញម៉ាស់រាប់លានម៉ាស់ជូនដល់ប្រជាពលរដ្ឋ។

គួរបញ្ជក់ថា គិតពីថ្ងៃទី២៩ ខែវិច្ឆិកាដល់ ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០ ក្រសួងបានធ្វើតេស្តអ្នកប៉ះពាល់ ក្នុងព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» សរុបទាំងអស់ចំនួន ១០៧៧២សំណាក ដែលក្នុងចំនួននេះ មានអ្នកជំងឺវិជ្ជមានវីរុសកូវីដ១៩ ថ្មី ចំនួន៣០នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត និងមណ្ឌលសុខភាពចាក់អង្រែ។

ក្រសួងស្នើអ្នកដែលប៉ះពាល់នឹងព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» ទាំងអស់ អញ្ជើញមកធ្វើតេស្តលើកទី២ នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ ខាងមុខនេះ ដែលក្រសួងសុខាភិបាល នឹងរៀបចំទីតាំងនៅបរិវេណក្រសួងមហាផ្ទៃ ពហុកីឡដ្ឋានជាតិអូឡាំពិក និងតាមមន្ទីរសុខាភិបាលរាជធានីខេត្ត៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង