Cct850x100 1

ADBផ្តល់ប្រាក់កម្ចី៧០លានដុល្លារដល់កម្ពុជា ដើម្បីពង្រឹងសមត្ថភាពកសិពាណិជ្ជកម្ម

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
រូបភាព៖​ BW Businessworld

ក្រុងម៉ានីល៖ ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) បានសម្រេចផ្តល់ប្រាក់កម្ចី៧០លានដុលដុល្លារ ដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីពង្រឹងខ្សែសង្វាក់តម្លៃផលិតផលកសិកម្ម និងសុវត្ថិភាពចំណីអាហារ និងការកែច្នៃផលិតផលកសិកម្មសំខាន់ៗដូចជាដំឡូងមី ស្វាយចន្ទី ស្វាយ បន្លែ និងមាន់ស្រែ នៅក្នុងខេត្តចំនួន៦នៃព្រះរាជាណាចក្រកម្ពុជា។ 

យោងតាមសេចក្តីប្រកាស គម្រោងពង្រឹងការប្រកួតប្រជែងខ្សែសង្វាក់តម្លៃ និងសមត្ថភាពក្នុងវិស័យកសិកម្មនេះ មានគោលបំណងផ្តល់អត្ថប្រយោជន៍ដល់សហករណ៍កសិកម្មចំនួន២៣០ និងសហគ្រាសកសិករចំនួន៥០ ក្នុងខេត្តកំពង់ចាម កំពង់ធំ ឧត្តរមានជ័យ ព្រះវិហារ សៀមរាប និងខេត្តត្បូងឃ្មុំ។

គម្រោងនេះនឹងជួយសម្រួលដល់ការទទួលបានឥនទាន សម្រាប់កសិកម្ម និងកសិពាណិជ្ជកម្ម ដែលកំពុងទទួលបានតែប្រមាណ១០% នៃហិរញ្ញប្បទានផ្លូវការសរុប។ គម្រោងនេះនឹងអនុវត្តប្រភេទហិរញ្ញវត្ថុដែលគាំទ្រគ្នាទៅវិញទៅមក រួមមានដូចជា ការផ្តល់ឥនទាន និងការធានាឥនទានជាដើម។

គម្រោងនេះនឹងគាំទ្រគំនិតផ្តួចផ្តើម ដើម្បីពង្រឹងសុវត្ថិភាព និងគុណភាពស្បៀងអាហារ ក្នុងខ្សែសង្វាក់តម្លៃសម្រាប់ដំឡូងមី ស្វាយចន្ទី ស្វាយ បន្លែ និងសាច់មាន់ស្រែ។ វានឹងជួយឱ្យសហករណ៍ កសិកម្ម អនុវត្តសកម្មភាពកសិកម្មបានល្អ និងធ្វើឱ្យប្រសើរនូវមន្ទីរពិសោធន៍ចំណីអាហារ ដើម្បីទទួលបានការទទួលស្គាល់ជាអន្តរជាតិ។ គម្រោងនេះនឹងគាំទ្រដល់ការស្រាវជ្រាវ និងការអភិវឌ្ឍគ្រាប់ពូជ និងពូជបក្សីចិញ្ចឹម ដោយជួយសហករណ៍កសិកម្មទទួលបានគ្រាប់ពូជដែលផ្តល់ទិន្នផលខ្ពស់ ធន់នឹងគ្រោះរាំងស្ងួត ធន់នឹងជំងឺ ក៏ដូចជាការគាំទ្រសម្ភារៈដាំដុសផ្សេងទៀត។

លើសពីនេះទៀត គម្រោងនេះនឹងជួយកែលម្អផ្លូវជនបទប្រវែង១១០គីឡូម៉ែត្រ និងជួយភ្ជាប់កសិផលទៅទីផ្សារក្នុងតំបន់គោលដៅនៃគម្រោង។ មួយវិញទៀត គម្រោងនេះនឹងសាកល្បងនូវយន្តការហិរញ្ញប្បទានបៃតង ពីមូលនិធិហេដ្ឋារចនាសម្ព័ន្ធអាស៊ាន(ASEAN Infrastructure Fund)៕


Khcct banner

អត្ថបទទាក់ទង