Elysee kh ads1800x300
Kh articea  app  web
Cnb google ads mobile banking (1800 x300)kh

បទវិភាគ៖សុបិនក្លាយជាម្ចាស់អាស៊ីរបស់ចិន តាមរយៈយុទ្ធសាស្ត្រ«ភូមិសាស្ត្រសេដ្ឋកិច្ច»

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោកស៊ី ជីនភីង ប្រធានរដ្ឋចិន។

ភ្នំពេញ៖ជាយុទ្ធសាស្ត្រ​ក្នុងការគូសវាស និងកំណត់យុទ្ធសាស្ត្រព្រនង់ធំ (Grand Strategy) ​នៅក្នុងការប្រកួតប្រជែងក្នុងចំណោមមហាអំណាច​ គេអនុវត្តទាំងភូមិសាស្ត្រសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយ។​ ហើយជាពិសេស​ ឧបករណ៍​សេដ្ឋកិច្ច និងយោធា​មានអត្ថិរភាពរួមគ្នា​ដែលត្រូវបានប្រើប្រាស់ដោយមហាអំណាច​ អាស្រ័យ​លើអ្វីដែលមហាអំណាចទាំងនោះ​ចាត់ទុកថា ជាបញ្ហាជាក់លាក់ដែលពួកគេប្រឈម​។​ ហេតុនេះ​ ភូមិសាស្ត្រនយោបាយ​ និងភូមិសាស្ត្រសេដ្ឋកិច្ចបំពេញឱ្យគ្នាទៅវិញទៅមកយ៉ាងបរិបូរណ៍ ។ 

ទោះបីយ៉ាងណា ចិនដែលជាមហាអំណាចកំពុងរះឡើង មិនអាចប្រជែងជាមួយសហរដ្ឋអាមេរិកខាងអំណាចយោធានៅឡើយនោះទេក្នុងអនាគតដ៏ខ្លី និងមធ្យមនោះ។ ក្នុងន័យនេះ​ ចិនបាននិងកំពុងអនុវត្តភូមិសាស្ត្រសេដ្ឋកិច្ចជាអាវុធភូមិសាស្ត្រនយោបាយយ៉ាងមានប្រសិទ្ធិភាពក្នុងគោលបំណងដើម្បីសម្រេចសុបិនរបស់ខ្លួន។

ជាការពិត​ ដើម្បីស្តារតួនាទីជាមហាអំណាចភូមិភាគកណ្តាលឡើងវិញ​ ចិនចាំបាច់ត្រូវធ្វើឱ្យខ្លួនក្លាយជាប្រទេសអ្នកមានជាមួយកម្លាំងយោធាដ៏ខ្លាំងក្លា​ ពីព្រោះ​មហាអំណាចសេដ្ឋកិច្ចនឹងប្រែក្លាយជាមហាអំណាចយោធា។​ ដើម្បីសម្រេចមហិច្ចតានេះ​ ចិនប្រហែលជា​បង្កើតសម្ព័ន្ធមិត្តតំបន់តាមរយៈយុទ្ធសាស្ត្រភូមិសាស្ត្រសេដ្ឋកិច្ច​ ដើម្បីទប់ទល់​ និងកាត់បន្ថយឥទ្ធិពលអាមេរិក​ និងធ្វើឱ្យមានសុវត្ថិភាពដល់សន្តិសុខរបស់ខ្លួន​នៅក្នុងតំបន់អាស៊ីអាគ្នេយ៍​ និងប៉ាស៊ីហ្វិក។​ គេមិនអាចបដិសេធបានទេថា​ចិនចង់គ្រប់គ្រងសមុទ្រចិនខាងត្បូង​ ដូចដែលអាមេរិកត្រួតត្រាសមុទ្រការ៉ាប៊ីនដែរ។​ ចិនស្ថិតក្រោមការគ្រប់គ្រងរបស់ស៊ីជិនពីង ពេញចិត្ត​នយោបាយការបរទេសបុរេសកម្ម​ ដើម្បីចិនខ្លាំងក្លា​ និងជាប្រទេសអ្នកមាន​ និងមានសមត្ថភាពការពារខ្លួនឯង​ ហើយអាចក្តោបក្រសោបជោគវាសនារបស់ខ្លួននៅចំកណ្តាលបេះដូងនៃសុបិនរបស់ចិន​ ។​ ចិនដែលក្លាយជាប្រទេសអ្នកមាន និងមានអំណាច​ កំពុងមានបំណងជំនួសអាមេរិកជាមហាអំណាចអាស៊ី​ ។

អ្វីដែលគួរឱ្យកត់សម្គាល់​ ចិនធ្លាប់ជាប្រទេសអនុត្តរភាពតំបន់​ មុនពេលការមកដល់ និងការពង្រីកទឹកដីរបស់លោកខាងលិច​ ដែលគាំទ្រដោយបដិវត្តឧស្សាហកម្ម។​ ចិនបានរះឡើងយ៉ាងលឿនក្រោយកំណែទម្រង់បើកចំហររបស់តេងស៊ីវពីង។ ចិនបានរះឡើងឡើងនៅពេលព្រះអាទិត្យអស្តង្គតនៃសតវត្សទី២០ និងនៅពេលព្រលឹមនៃសតវត្សទី២១ ។ ដើម្បីស្តារមុខមាត់ប្រវត្តិសាស្ត្រ​ និងឋាន:ជា មហាអំណាចភូមិភាគកណ្តាលរបស់ខ្លួន​ ចិនបានអនុម័តយុទ្ធសាស្ត្រសាកល​ និងមានមហិច្ចតាចង់ឈ្នះល្បែងនយោបាយនៅតំបន់អាស៊ីប៉ាស៊ីហ្វិក​ តាមរយៈ​ការ​ត្រួត​ត្រា​សមុទ្រ​ចិន​ខាងកើត​ និង​ខាង​ត្បូង​ ដោយធ្វើទំនើបកម្មយោធា​ និងធ្វើជាក្បាលម៉ាស៊ីនរុញច្រានកំណើនសដ្ឋកិច្ចតំបន់ និងពិភពលោក​ ដែលគេស្គាល់ថាជាជាភូមិសាស្ត្រសេដ្ឋកិច្ច​ និងការទូតទន់ភ្លន់​។​ ការប្រើប្រាស់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ដើម្បីសម្រេចបានមហិច្ចតានយោបាយមិនមែនចិនទើបតែអនុវត្តឥលូវនោះទេ​ ពីព្រោះ​ចិនបានអនុវត្តវាតាំងពីសម័យបុរាណមកម្លេះ។​ បើយោងតាម Kishore Mahbubani និង​Jeffery​ Jeffery Sng មេដឹកនាំចិនបានដាក់ឱ្យអនុវត្តទណ្ឌកម្ម​សេ្ឋកិច្ចឬក៏កម្រិតពាណិជ្ជកម្មជាមួយប្រទេសដទៃ ក្នុងគោលបំណងសម្រេចបានគោលដៅនយោបាយការបរទេស។ ជាឧទាហរណ៍ ប្រទេសចិនបានគំរាមកាត់ផ្តាច់បំពង់នាំរ៉ែដែករបស់អូស្ត្រាលីចំនួន ៦៣ ពាន់លានដុល្លារទៅកាន់ទីក្រុងប៉េកាំង និងពន្យាការនាំចូលចេកពីប្រទេសហ្វីលីពីន ជាការឆ្លើយតបរបស់ទីក្រុងប៉េកាំងចំពោះការទាមទាររបស់អូស្ត្រាលីលើការស៊ើបអង្កេតករណីវីរុសកូវីដ១៩ និងការប្តឹងចិនដោយប្រទេសហ្វីលីពីនទៅកាន់តុលាការ​អចិន្រ្តៃយ៍​នៃ​អាជ្ញាកណ្តាល​ស្ថិត​ក្នុង​ទីក្រុង​ឡាអេ លើបញ្ហាជម្លោះទឹកដីនៅសមុទ្រចិនខាងត្បូង។

គំនិតផ្តួចផ្តើម​ខ្សែក្រវ៉ាត់ និងផ្លូវ (BRI)​ ដោយអធិរាជក្រហមចិន​ ត្រូវបានអ្នកសិក្សាយុទ្ធសាស្ត្រមើលឃើញថា​ ជាការប្រើប្រាស់ភូមិសាស្ត្រសេដ្ឋកិច្ចដើម្បីបំពេញមហិច្ចតាភូមិសាស្ត្រនយោបាយ។​ ចេញពីល្អាងទន្លេមេគង្គទៅដល់វាលស្មៅដ៍ធំធេងនៃអាស៊ីកណ្តាល​ ចិនកំពុងតែសំញែងសាច់ដុំសេដ្ឋកិច្ចរបស់ខ្លួនដើម្បីសម្រេចបានគោលដៅយុទ្ធសាស្ត្រ។​ តាមរយៈ​ការបង្កើត​ ស្ថាប័ន​ហិរញ្ញវត្ថុ​ថ្មី​ ទីក្រុង​ប៉េកាំង​កំពុង​ប្រជែង​សណ្តាប់ធ្នាប់ពិភពលោកក្រោយសង្គ្រាមលោកលើកទីពីរ​ ក្រោមក្រសែរភ្នែកឃ្លាំមើលយ៉ាងយកចិត្តទុកដាក់បំផុតពីវ៉ាស៊ីនតោន។​ ហើយតាមរយៈការផ្តល់មូលនិធិ​ និងការកសាងហេដ្ឋារចនាសម័ន្ធភ្ជាប់អាស៊ីនឹងអឺរ៉ុប។ល។​ គម្រោង​វិថីសូត្រថ្មី ជាឧបករណ៍សេដ្ឋកិច្ច​ ឆ្លងកាត់អឺរ៉ាស៊ី​ សមុទ្រ​ចិន​ខាងត្បូង​ និង​មហាសមុទ្រ​ឥណ្ឌា​ ប្រទេស​ចិន​មានបំណងច្បាស់លាស់ ដើម្បីរួមរិតប្រទេសជិតខាងរបស់ខ្លួនឱ្យកាន់តែតឹងឡើងៗក្នុងសំណាញ់ពីងពាងរបស់ខ្លួន។​ គម្រោងនេះមាន៩០០គម្រោងដែលមានទឹកប្រាក់រហូតដល់១.៤ទ្រីលាន ដុល្លា​ ។​ វាអាចត្រូវបានគេមើលឃើញថាជាផែនការម៉ាសាលថ្មី របស់ចិន។ អ្វីដែលគួរឱ្យកត់សម្គាល់ជាងនេះ លោក Parag Khanna ដែលជាអ្នកប្រឹក្សាយុទ្ធសាស្ត្រដ៏ល្បី មានសុទិដ្ឋិនិយមអំពីគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ(BRI)ដែលដឹកនាំដោយប្រទេសចិន។ លោកលើកឡើងថា “គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ គឺជាគម្រោងការទូតដ៏សំខាន់បំផុតនៅសតវត្សរ៍ទី២១ ដែលមានសារៈសំខាន់ដូចការការបង្កើតអង្គការសហប្រជាជាតិ និងធនាគារពិភពលោកបូករួមទាំងផែនការម៉ាសាលនៅពាក់កណ្ដាលសតវត្សរ៍ទី២០ ដែលត្រូវបានដាក់បញ្ចូលថែមទៀត។” ភាពខុសគ្នារបស់វាគឺ “គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ ត្រូវបានចាប់កំណើតនៅទ្វីបអាស៊ី និងបើកដំណើរការនៅអាស៊ីហើយនឹងដឹកនាំដោយជនជាតិអាស៊ី” ។

គោលដៅរបស់ចិន​ គឺបង្កើតសំណាញ់សម្ព័ន្ធមិត្តមិនផ្លូវការ​ ដែលត្រូវបានចាក់ប្រេងរំអិលដោយលុយមហាសាលរបស់ចិន​ ហើយនៅពេលដែលប្រទេសជិតខាងរបស់ខ្លួនកាន់តែពឹងអាស្រ័យខ្លាំងឡើងៗទៅលើសេដ្ឋកិច្ចរបស់ខ្លួន​ ប៉េកាំង​ជឿជាក់យ៉ាងមុតមាំថាទម្ងន់ភូមិសាស្ត្រនយោបាយរបស់ផងខ្លួននឹងត្រូវបានពង្រឹងឡើង។ បេសកកម្ម​របស់អធិរាជក្រហមចិន​ គឺធ្វើឱ្យ​ចិនក្លាយជាអនុត្តរភាពតំបន់អាស៊ីប៉ាស៊ីហ្វិក​ ដែលលោកស៊ី ជិនពីង​ចាត់ទុកថា​ជាទីតាំងធម្មជាតិ​ ត្រឹមត្រូវនឹងប្រវត្តិសាស្ត្ររបស់ខ្លួន។​ នេះមិនមានន័យថា​ ចិនត្រូវជំនួសតួនាទីជាមហាអំណាចស្នូលរបស់អាមេរិកក្នុងរយះពេលខ្លីនោះទេ​ តែវាមានន័យថាអាស៊ីជាទីធ្លាក្រោយផ្ទះរបស់ចិន​ ហើយអាស៊ីត្រូវដឹកនាំដោយប្រទេសអាស៊ីដែលមានចិនជាក្បាលម៉ាស៊ីនដឹកនាំ។​ សម្រេចសម្រួចទៅ​ សុបិនចិន​ តាមយុទ្ធសាស្ត្រភូមិសាស្ត្រសេដ្ឋកិច្ចរបស់ខ្លួន​ ជាសុបិននៃការស្តារឋានៈជាមហាអំណាចភូមិភាគកណ្តាលឡើងវិញ។

តើចិនអាចរះឡើងដោយសន្តិវិធីឬទេ?

កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់ប្រទេសចិនចាប់តាំងពីឆ្នាំ ១៩៧៨ គឺជាកម្លាំងជំរុញឱ្យផ្លាស់ប្តូរតុល្យភាពអំណាចក្នុងន័យសេដ្ឋកិច្ច និងនយោបាយ។ ជាការពិត នៅដើមឆ្នាំ ១៩៨០ “ផលិតផលក្នុងស្រុកសរុបរបស់ចិនគឺតិចជាង ៣០០ ពាន់លានដុល្លារ។ នៅឆ្នាំ ២០១៥ វាមានចំនួន ១១ទ្រីលានដុល្លារដែលធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសមានសេដ្ឋកិច្ចធំទី២របស់ពិភពលោកតាមរយៈអត្រាប្តូរប្រាក់ទីផ្សារ ។ លោក Allison បានបន្ថែមទៀតថា ក្នុងរយៈពេល២ឆ្នាំម្តងចាប់តាំងពីឆ្នាំ២០០៨មក ការកើនឡើងនៃផលិតផលក្នុងស្រុកសរុបរបស់ចិន មានទំហំធំជាងសេដ្ឋកិច្ចឥណ្ឌាទាំងមូលទៅទៀត។ អ្វីដែលគួរឱ្យកត់សម្គាល់ចាប់តាំងពីកំណែរទម្រង់របស់តេង ស៊ីវពីង ផលិតផលក្នុងស្រុកសរុបបានកើនឡើង៣០ដង ហើយប្រជាជន៧៥០លាននាក់ត្រូវបានរំដោះខ្លួនចេញពីភាពក្រីក្រ ដែលជាចំនួនមិនធ្លាប់មានពីមុនមកក្នុងប្រវត្តិសាស្ត្រដែលបានកត់ត្រាទុក ។ ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសចិនដែលមានចំនួន ១៥,៩៣% នៃផលិតផលក្នុងស្រុកសរុប(ផ.ស.ស)របស់ពិភពលោកក្នុងឆ្នាំ ២០១៣ បានកើនឡើងដល់ជាង ១៨,៧០%នៅឆ្នាំ២០១៨ ដែលឈរនៅលំដាប់ទី២ បន្ទាប់ពីប្រទេសអាមេរិក។ ចាប់តាំងពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៧ បន្ទាប់ពីវិបត្តិសេដ្ឋកិច្ចពិភពលោក ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសចិនបានបន្តកើនឡើងជាមួយនឹងចំនួនទឹកប្រាក់៩,៦០៧ ទ្រីលានដុល្លារអាមេរិកដល់១២,២៣៨ ទ្រីលានដុល្លារ។ ប្រាក់ចំណូលសម្រាប់មនុស្សម្នាក់មាន៧០៧៧ដុល្លារក្នុងឆ្នាំ ២០១៣ បានកើនឡើងដល់ ៨៦៩០ដុល្លារក្នុងឆ្នាំ២០១៧។ ចំណែកឯទុនបំរុងអន្តរជាតិ ចិនជាប្រទេសនាំមុខគេក្នុងទឹកប្រាក់ ៣,៣៩៥,៦៣ពាន់លានដុល្លារ។

អ្នកវិទ្យាសាស្ត្រនយោបាយជាច្រើនវែកញែកថា មហាអំណាចដែលកំពុងរះត្រដែតឡើងមានទំនោរជាអ្នកបង្កើតបញ្ហាឬអ្នកផ្តួចផ្តើមសង្រ្គាម ។ អរិភាពរវាងលោកខាងលិច និងខាងកើត នៅតែជាក្រឡាចត្រង្គអំណាចដ៏សំខាន់សម្រាប់ទំនាក់ទំនងអន្តរជាតិ ជាពិសេសអរិភាពចិន និងអាមេរិក។ លើសពីនេះទៅទៀត អ្នកវិទ្យាសាស្ត្រនយោបាយជាច្រើនអះអាងថា មហាអំណាចដែលកំពុងរះឡើងចង់ចាត់ចែងសណ្តាប់ធ្នាប់ពិភពលោកតាមរបៀបខ្លួន។ លោក Fareed Zakaria មានប្រសាសន៍ថា តាមការវិវត្តនៃប្រវត្តិសាស្ត្រ រដ្ឋដែលឆ្លងកាត់ពិសោធនៃការរីកចម្រើនធនធានសម្ភារៈដ៏គួរឱ្យកត់សម្គាល់ បានកំណត់ និងពង្រីកផលប្រយោជន៍នយោបាយនៅបរទេសភ្លាមៗ ដែលគេអាចវាស់វែងបានតាមរយៈការបង្កើនការចំណាយយោធា, ការផ្តួចផ្តើមសង្គ្រាម, ការច្បាមយកទឹកដី ការដាក់ពង្រាយយោធានិងអ្នកការទូត និងការចូលរួមក្នុងការសម្រេចចិត្តមហាអំណាច ។ លោក Robert J. Art បានអះអាងថា សង្គ្រាមមហាអំណាចភាគច្រើនក្នុងរយៈពេល៣០ឆ្នាំកន្លងមកនេះ បណ្តាលមកពីការកើនឡើងនូវមហិច្ឆតានៃមហាអំណាចដែលកំពុងរះឡើង ដើម្បីផ្លាស់ប្តូរបទដ្ឋាន និងវិធាននៃនយោបាយអន្តរជាតិតាមការចង់បានរបស់ខ្លួន ។

ប្រទេសចិនសព្វថ្ងៃ គឺជាមហាអំណាចតំបន់មួយដែលកំពុងរះឡើងដើម្បីប្រជែងជាមួយសហរដ្ឋអាមេរិក ប៉ុន្តែចិនមិនទាន់មានសមត្ថភាពពង្រាយអំណាចចេញក្រៅអាស៊ីបានទូលំទូលាយនៅឡើយនោះទេ។ ហេតុដូច្នេះ អ្វីដែលចិននឹងព្យាយាមធ្វើដំបូងគេ គឺត្រូវក្លាយខ្លួនជាប្រទេសអនុត្តរភាពតំបន់អាស៊ី ដែលមានន័យថាចិនចង់មានអំណាចខ្លាំងជាងប្រទេសជិតខាងទាំងអស់សិន ហើយទើបរុញច្រានសហរដ្ឋអាមេរិកចេញពីតំបន់អាស៊ីប្រកបដោយប្រសិទ្ធភាព។ នៅពេលដែលចិនអាចធ្វើបាន ចិននឹងចាប់ផ្តើមគិតអំពីការពង្រាយអំណាចរបស់ខ្លួននៅជុំវិញពិភពលោក។ ប្រទេសចិនកំពុងព្យាយាមពង្រីកឥទ្ធិពលភូមិសាស្ត្រនយោបាយរបស់ខ្លួនហួសពីដែនសមុទ្រអាស៊ីបូព៌ារបស់ខ្លួនដោយការកសាង“ខ្សែគុជ” ដែលលាតសន្ធឹងពីឆ្នេរសមុទ្រចិនឆ្លងកាត់តាមសមុទ្រចិនខាងត្បូង, ច្រកសមុទ្រម៉ាឡា, មហាសមុទ្រឥណ្ឌា និងការធ្វើទំនើបកម្មយោធារបស់ចិនជាពិសេសកងទ័ពជើងទឹកវាយលុក ដើម្បីគ្រប់គ្រង និងការពារព្រំដែនសមុទ្ររបស់ខ្លួន ប្រសិនបើសង្គ្រាមមិនអាចជៀសរួចនាពេលអនាគតកើតមានឡើងនោះ។

និយាយឱ្យកាន់តែច្បាស់ ការពង្រឹងពង្រីកឥទ្ធិពលសេដ្ឋកិច្ចរបស់ចិន ជាយុទ្ធសាស្ត្រព្រនុងធំរបស់ថ្នាក់ដឹកនាំចិនដើម្បីស្តារឡើងវិញនូវភាពជាមហាអំណាច និងភាពរុងរឿងរបស់ខ្លួនជាអាណាចក្រភូមិភាគកណ្តាលដែលត្រួតត្រាអាស៊ីបូព៌ាទាំងមូល។ លើសពីនេះទៅទៀត នៅក្នុងវិសាលភាពនៃទ្រឹស្តីប្រាកដនិយមវាយលុក ទំនោររបស់ចិននេះគួរឱ្យព្រួយបារម្ភ ដោយសារការពិតដែលថារដ្ឋមាននិន្នាការបំឡែងកម្លាំងសេដ្ឋកិច្ចរបស់ខ្លួនទៅជាកម្លាំងយោធា។ សម្រាប់អ្នកប្រាកដនិយម ចិននឹងត្រាប់តាមមហាអំណាចចាស់ ជាពិសេសគឺការត្រាប់តាមសហរដ្ឋអាមេរិកតាមរយៈការចាប់យកឋានៈជាមហាអំណាចអនុត្តរភាពតំបន់ និងចង់ត្រួតត្រាពិភពលោកទាំងមូល។ ជាការពិត ទស្សនៈដែលថាចិនជាប្រទេសសើរើនិយម អាចមើលឃើញតាមរយៈគោលនយោបាយការបរទេសរបស់ចិនចំពោះកោះតៃវ៉ាន់ កោះតាវយូឬសិនកាគូ, សមុទ្រចិនខាងត្បូង និងជម្លោះព្រំដែនជាមួយឥណ្ឌា។ គេមិនអាចបដិសេធបានទេថា ឥទ្ធិពលសេដ្ឋកិច្ចរបស់ចិនដែលកំពុងកើនឡើងនិងវិធីសាស្រ្តសើរើឡើងវិញ មិនត្រូវបានអត់អោនដោយទីក្រុងវ៉ាស៊ីនតោននោះទេ ព្រោះការណ៍នោះអាចផ្តល់លទ្ធភាពឱ្យចិនអាចគ្រប់គ្រងតំបន់អាស៊ីបាន ហើយចិននឹងអាចបង្ខំប្រទេសផ្សេងទៀតនៅអាស៊ីឱ្យស្របតាមរបៀបវារៈរបស់ខ្លួន ហើយទីបំផុតរុញច្រានអាមេរិកចេញពីទ្វីបអាស៊ី ដូចដែលអាមេរិកបណ្តេញអ៊ឺរ៉ុបចេញពីទីធ្លាក្រោយផ្ទះរបស់ខ្លួននៅសតវត្សទី១៩ផងដែរ។ ជាការពិតនៅក្នុង“យុទ្ធសាស្ត្រការពារជាតិឆ្នាំ២០១៨ របស់សហរដ្ឋអាមេរិក” សហរដ្ឋអាមេរិកចាត់ទុកប្រទេសចិនជាគូប្រជែងយុទ្ធសាស្ត្ររបស់ខ្លួនដោយបញ្ជាក់ថា៖

ចិនគឺជាដៃគូប្រកួតប្រជែងជាយុទ្ធសាស្ត្រ ដោយប្រើប្រាស់សេដ្ឋកិច្ចប្រម៉ាញ់ដើម្បីបំភិតបំភ័យប្រទេសជិតខាងរបស់ខ្លួន ខណៈពេលជាមួយគ្នាចិនធ្វើទំនើបកម្មយោធានៅសមុទ្រចិនខាងត្បូង។ …ប្រទេសចិន កំពុងប្រើប្រាស់ទំនើបកម្មយោធា ឥទ្ធិពលប្រតិបត្ដិការ និងសេដ្ឋកិច្ចប្រម៉ាញ់ដើម្បីបង្ខិតបង្ខំប្រទេសជិតខាងដើម្បីរៀបចំតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកឡើងវិញ តាមផលប្រយោជន៍ចង់បានរបស់ខ្លួន។ នៅពេលដែលសេដ្ឋកិច្ចរបស់ចិនបន្តកើនឡើង តាមរយៈយុទ្ធសាស្ត្ររយៈពេលវែងរបស់ខ្លួន ចិននឹងបន្តអនុវត្តកម្មវិធីទំនើបកម្មយោធាដែលស្វែងរកអនុត្តរភាពនៃតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកក្នុងរយៈពេលខ្លី និងជំនួសសហរដ្ឋអាមេរិកជាមហាអំណាចពិភពលោកនាពេលអនាគត ។

ការតម្រង់ឆ្ពោះមកកាន់អាស៊ី (Pivot to Asia) របស់សហរដ្ឋអាមេរិក គឺជាយុទ្ធសាស្ត្រព្រនុងធំមួយដែលបានប្រើប្រាស់ដោយរដ្ឋបាលលោកអូបាម៉ា ដើម្បីរក្សាភាពជាអ្នកដឹកនាំរបស់សហរដ្ឋអាមេរិក និងសណ្តាប់ធ្នាប់សេរីដែលដឹកនាំដោយសហរដ្ឋអាមេរិក ដើម្បីទទួលបានអត្ថប្រយោជន៍សម្រាប់ខ្លួន និងសម្ព័ន្ធមិត្តរបស់ខ្លួនជាមួយនឹងការយកចិត្តទុកដាក់ចំពោះធនធានកាន់តែច្រើនសម្រាប់តំបន់ ដែលមានភាពរឹងមាំនេះ  ។ យុទ្ធសាស្ត្រនេះត្រូវបានអ្នកសិក្សាខ្លះចាត់ទុកថាជាយុទ្ធសាស្ត្រមួយដែលមានគោលបំណងប្រឆាំងនឹងការងើបឡើងរបស់ចិន និងដើម្បីលើកកម្ពស់“វត្តមាន និងឥទ្ធិពលរបស់អាមេរិកនៅអាស៊ី” និងជាការឆ្លើយតបចំពោះការជឿជាក់ខ្ពស់របស់ចិន ។ ក្នុងន័យនេះ រដ្ឋបាលរបស់លោកអូបាម៉ាបានយកគំរូកូនកាត់នៃយុទ្ធសាស្ត្រព្រនុងធំនៃការរួមបញ្ចូលគ្នាដ៏មានប្រសិទ្ធិភាពនៃភូមិសាស្ត្រនយោបាយ និងភូមិសាស្ត្រសេដ្ឋកិច្ច សម្រាប់សណ្តាប់ធ្នាប់ពិភពលោក ។

លោកអតីតប្រធានាធិបតីអូបាម៉ា បានព្យាយាមធ្វើឱ្យសម្ព័ន្ធមិត្តរបស់អាមេរិកនៅតាមតំបន់ផ្សេងៗគ្នាធ្វើតុល្យភាពឱ្យខ្លួន។ ដោយឱ្យជប៉ុនធ្វើតុល្យភាពជាមួយចិន ធ្វើឱ្យអារ៉ាប៊ីសាអូឌីត និងអ៊ីស្រាអែលធ្វើតុល្យភាពជាមួយអ៊ីរ៉ង់ និងធ្វើឱ្យអាល្លឺម៉ង់ធ្វើតុល្យភាពជាមួយរុស្ស៊ី  ។ ជាការពិតណាស់ ឥណ្ឌាគឺជាបេក្ខជនយុទ្ធសាស្ត្រដ៏ល្អដែលដើរតួជាអ្នកធ្វើឱ្យមានតុល្យភាពប្រឆាំងនឹងចិន  ។ មិនត្រឹមតែប្រទេសឥណ្ឌាប៉ុណ្ណោះទេ ប៉ុន្តែប្រទេសជប៉ុនក៏កំពុងដើរតួនាទីឈានមុខគេក្នុងការធ្វើតុល្យភាពអំណាចរបស់ចិននៅក្នុងតំបន់ផងដែរ។ ជាយុទ្ធសាស្ត្រ ជប៉ុនរីករាយនឹងធ្វើឱ្យមានតុល្យភាពអំណាចជាមួយចិនដែលកំពុងរីកលូតលាស់នៅក្នុងទីធ្លាក្រោយផ្ទះរបស់ខ្លួន ដោយសារតែការគំរាមកំហែងរបស់ចិនចំពោះសន្តិសុខជប៉ុន  ។

សហរដ្ឋអាមេរិក និងប្រទេសជិតខាងចិនដែលមិនចង់ឲ្យប្រទេសចិនក្លាយជាអនុត្តរភាពតំបន់ នឹងប្រឹងប្រែងយ៉ាងខ្លាំងដើម្បីទប់ស្កាត់ការរះត្រដែតឡើងរបស់ចិន។ យុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិក ត្រូវបានគេចាត់ទុកថាជាយុទ្ធសាស្ត្រព្រនុងធំរបស់អាមេរិកក្នុងការកម្រិតការកើនឡើងនៃអំណាចរបស់ចិន, ដើម្បីធ្វើឱ្យមានតុល្យភាពទល់នឹងអំណាចរបស់ចិនដែលកំពុងកើនឡើងនៅប៉ាស៊ីហ្វិកខាងលិច , ដើម្បីទប់ទល់នឹងឥទ្ធិពលសេដ្ឋកិច្ច និងនយោបាយរបស់ចិនដែលកំពុងកើនឡើងនិង ដើម្បីរារាំងសមត្ថភាពរបស់ចិនក្នុងការរំលោភលើផលប្រយោជន៍របស់អាមេរិក និងធ្វើឱ្យខូចដល់សណ្តាប់ធ្នាប់ដែលផ្អែកលើច្បាប់ នៅអាស៊ីប៉ាស៊ីហ្វិក។ អ្នកនយោបាយអភិរក្សនិយមរបស់អាមេរិក ខកចិត្តយ៉ាងខ្លាំដោយសារតែការខិតខំរបស់អាមេរិកក្នុងការធ្វើសមាហរណកម្មប្រទេសចិនទៅក្នុងសណ្តាប់ធ្នាប់អន្តរជាតិសេរី បានរុញច្រានចិនឱ្យក្លាយជាប្រទេសអ្នកមាន និងផ្តាច់ការ ហើយឥឡូវនេះចិនបានបង្កើតការគំរាមកំហែងថ្មីដល់ឧត្តមភាពអាមេរិកនៅអាស៊ី និងជាយថាហេតុអាចនឹងបង្កបញ្ហាប្រឈមដល់អំណាចអាមេរិកនៅទូទាំងពិភពលោក ដែលតម្រូវឱ្យទីក្រុងវ៉ាស៊ីនតោនត្រូវការយុទ្ធសាស្ត្រព្រនង់ធំថ្មីមួយទប់ទល់ប្រទេសចិនដែលផ្តោតលើការធ្វើតុល្យភាពនៃការកើនឡើងនៃអំណាចចិនជាជាងបន្តជួយដល់ការរះត្រដែតឡើងនៃអំណាចរបស់ចិន។

យុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិកនឹងផ្តល់ឱកាសឱ្យជប៉ុន និងឥណ្ឌាដើរតួជាយុទ្ធសាស្ត្រដើម្បីទប់ស្កាត់ការរះឡើងរបស់ចិន។ ជាពិសេស វានឹងផ្តល់ឱ្យឥណ្ឌានូវទម្ងន់បន្ថែមទៀតដើម្បីដើរតួជា“អ្នកធ្វើតុល្យភាពយុទ្ធសាស្ត្រជាមួយចិន” និង“ដើម្បីទប់ស្កាត់ការវាតទីភូមិសាស្ត្រសេដ្ឋកិច្ចរបស់ចិនឆ្ពោះទៅភាគខាងលិច”។ គេមើលឃើញថា យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិកបានអនុម័តនិងអនុវត្តដោយអាមេរិករបស់ Trump គឺជាមធ្យោបាយភូមិសាស្ត្រនយោបាយ និងភូមិសាស្ត្រសេដ្ឋកិច្ចដើម្បីធ្វើឱ្យមានតុល្យភាពតទល់គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវរបស់ប្រទេសចិន។ ដូចដែលលោក Zhao​ Minghao អះអាងថា“យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិករបស់Trump” មានគោលបំណង “ធ្វើឱ្យមានតុល្យភាពអំណាចដែលកំពុងកើនឡើងរបស់ប្រទេសចិនជាពិសេសគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ”។ ហេតុដូច្នេះ យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិកគឺជាយុទ្ធសាស្ត្រព្រនុងធំមួយ ដែលសហរដ្ឋអាមេរិកអនុវត្តដើម្បីអូសទាញសម្ព័ន្ធមិត្តឱ្យចូលរួមក្នុងតំបន់របស់ខ្លួនដើម្បីការពារផលប្រយោជន៍ទៅវិញទៅមក និងដើម្បីប្រឆាំងឬឡោមព័ទ្ធការរះឡើងរបស់ចិនផ្នែកការទូត យោធា និងសេដ្ឋកិច្ចនៅក្នុងតំបន់។

នៅក្នុងប្រព័ន្ធអន្តរជាតិអនាធិបតេយ្យ ដែលពោរពេញដោយការប្រជែងសន្តិសុខស្រួចស្រាវ និងការមិនទុកចិត្តគ្នាក្នុងចំណោមប្រទេសមហាអំណាច ប្រហែលជានឹងមិនអាចឱ្យការរះត្រដែតឡើងរបស់ចិនជាមហាអំណាចថ្មីក្នុងសតវត្សរ៍ទី២១ កើតឡើងដោយសន្តិភាពនោះទេ។ តាមប្រវត្តិសាស្ត្ររបស់ខ្លួន សហរដ្ឋអាមេរិកមិនដែលអត់អោនចំពោះការរះឡើងនៃដៃគូប្រជែងរបស់ខ្លួននោះទេ ដូចដែលសហរដ្ឋអាមេរិកបានធ្វើចំពោះចក្រភពអាល្លឺម៉ង់ក្នុងសង្គ្រាមលោកលើកទី១, ណាស៊ីសអាល្លឺម៉ង់, ចក្រភពជប៉ុនក្នុងសង្គ្រាមលោកលើកទី២ និងសហភាពសូវៀតក្នុងសង្គ្រាមត្រជាក់។ សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយដ៍លេចធ្លោ John Mearsheimer អះអាងយ៉ាងច្បាស់ថា ចិនមិនអាចរះឡើងដោយសន្តិភាពនោះទេ៕

អត្ថបទវិភាគដោយ៖ បណ្ឌិត រ៉ូ វណ្ណៈ


អត្ថបទទាក់ទង