Elysee kh ads1800x300
Kh articea  app  web
Cnb google ads mobile banking (1800 x300)kh

កម្ពុជាអាចផ្គត់ផ្គង់សាច់ជ្រូកបានគ្រប់គ្រាន់ ហើយឆ្លៀតនាំចេញទៅវៀតណាម

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ការផ្គត់ផ្គង់ជ្រូកនៅប្រទេសកម្ពុជាបច្ចុប្បន្ន គឺគ្រប់គ្រាន់តាមតម្រូវការទីផ្សារ បើទោះបីមានការរឹតបន្តឹងនៅតាមព្រំដែនដោយសារវិបត្តិកូវីដ-១៩ក្តី។នេះបើតាមប្រសាសន៍របស់លោក សាន់ ចាន់ថេត ប្រធានសមាគមផ្គត់ផ្គង់ជ្រូកនៅកម្ពុជា។

លោក សាន់ ចាន់ថេត បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា ការនាំចូលសត្វជ្រូកពីប្រទេសថៃបានថយចុះ ហើយការថយចុះនេះ ដោយសារការផលិតក្នុងស្រុកកើនឡើងខ្លាំង បើកឱកាសឱ្យអ្នករកស៊ីក្នុងប្រទេសកម្ពុជាអាចប្រកួតប្រជែងគ្នាក្នុងទីផ្សារជ្រូក តាមបែបផែនទីផ្សារសេរី និងនាំឱ្យកាត់បន្ថយការប៉ះពាល់ដោយសារកកស្តុកសត្វជ្រូកក្នុងកសិដ្ឋាន។

បើតាមលោក សាន់ ចាន់ថេត ទីផ្សារសត្វជ្រូកបច្ចុប្បន្ន ទាំងតម្រូវការទិញលក់ និង តម្លៃអត់មានបញ្ហាអ្វីនោះទេដោយរត់ទៅតាមទីផ្សារដោយក្នុងនោះ តម្លៃជ្រូករស់១គីឡូជាង១ម៉ឺនរៀល ចំណែកតម្លៃសាច់ជ្រូកវិញចន្លោះពីជាង២ម៉ឺន ទៅ២ម៉ឺន៥ពាន់រៀល។

ក្រៅពីមានលទ្ធភាពអាចផ្គត់ផ្គង់ក្នុងស្រុក អ្នករកស៊ីជ្រូកនៅកម្ពុជាក៏បានឆ្លៀតនាំចេញទៅកាន់ប្រទេសវៀតណាមផងដែរ ដោយការនាំចេញទៅប្រទេសវៀតណាមមានតម្លៃខ្ពស់ជាងទីផ្សារកម្ពុជា និងទទួលបានផលចំណេញច្រើន។ការនាំចេញទៅវៀតណាមនេះ គឺដោយសារវៀតណាមខ្វះសាច់ជ្រូក ក្រោយវៀតណាមជួបបញ្ហាជំងឺប៉េសជ្រូកអាហ្វ្រីកស្លាប់អស់រាប់ពាន់ក្បាល។

គួរបញ្ជាក់ថា តាមការសិក្សាស្រាវជ្រាវរបស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា សេចក្តីត្រូវការសាច់ជ្រូករបស់ពលរដ្ឋកម្ពុជាសព្វថ្ងៃគឺក្នុងនោះ សម្រាប់មនុស្សម្នាក់បរិភោគសាច់ជ្រូកជិត ១២គីឡូក្រាម ក្នុងមួយឆ្នាំ នាំឲ្យប្រជាជនសរុបទាំង ១៦លាននាក់ មានតម្រូវការសាច់ជ្រូកប្រហាក់ប្រហែលជាង ១ម៉ឺនក្បាលក្នុងមួយថ្ងៃ។

ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ធ្លាប់បានមានប្រសាសន៍ថា លទ្ធភាពផ្គត់ផ្គង់ក្នុងស្រុក គឺមានរហូតទៅដល់ ៥.៨០០ក្បាលក្នុងមួយថ្ងៃ ហើយកន្លងទៅនេះ ក្រសួងបានអនុញ្ញតឲ្យនាំចូលលើស ៦ពាន់ ទៅ៧ពាន់ក្បាល។ឯកឧត្តមថា ទៅថ្ងៃអនាគត ការនាំចូលជ្រូកនឹងត្រូវកាន់តែកាត់បន្ថយថែមទៀត ដើម្បីជំរុញការចិញ្ចឹមក្នុងស្រុកឲ្យបានកាន់តែច្រើនជាអតិបរមា ព្រោះថា ការនាំចូលនេះក៏មានហានិភ័យច្រើនដែរ ជាពិសេសការនាំជំងឺនានាចូលមក ជាក់ស្តែងដូចជាជំងឺប៉េស្តជ្រូកអាហ្រ្វិកជាដើម៕

អត្ថបទទាក់ទង