Yearendyearend1140x150

កម្ពុជានាំចេញអង្ករជាង៥៣ម៉ឺនតោនក្នុងរយៈពេល១០ខែដើមឆ្នាំ២០២០

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ លទ្ធផលនៃការនាំចេញអង្ករដែលបានឆ្លងកាត់ការត្រួតពិនិត្យភូតគាមអនាម័យ ក្នុងរយៈពេល ១០ខែដើមឆ្នាំ២០២០ សម្រេចបាន ៥៣៦ ៣០៥ តោន ដែលក្នុងនេះមាន៖ អង្ករក្រអូបគ្រប់ប្រភេទមានចំនួន ៤២១ ១៣២ តោន, អង្ករសចម្រុះគ្រប់ប្រភេទមានចំនួន ១០៩ ០១២ តោន និងអង្ករចំហ៊ុយមានចំនួន ៦ ១៣៨ តោន។ នេះបើតាមការចុះផ្សាយរបស់ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម។

ឯកឧត្តម វេង សាខុន បានបញ្ជាក់ថា ការនាំចេញអង្កររយៈពេល១០ខែដើមឆ្នាំ២០២០នេះ គឺមានការកើនឡើងប្រមាណ ៧៨ ៣៦៥ តោន ស្មើនឹង +១៧,១១% ដែលធៀបទៅនឹងរយៈពេល១០ខែដើមឆ្នាំ២០១៩ មានចំនួន ៤៥៧ ៩៤០ តោន ។ ដោយឡែក សម្រាប់ខែឧសភា ឆ្នាំ២០២០ នេះសម្រេចការនាំចេញអង្ករបានចំនួន ៤៧ ៥៣០ តោន ថយចុះចំនួន ១១ ៨២៤ តោន ស្មើនឹង -១៩,៩២% ធៀបទៅនឹងខែតុលា ឆ្នាំ២០១៩ ។

ឯកឧត្តមរដ្ឋមន្រ្តីបានបន្តថា ប្រទេសដែលបានបញ្ជាទិញអង្ករពីកម្ពុជាក្នុងរយៈពេល ១០ខែនេះ មានចំនួន ៦០ ប្រទេស៖ នៅក្នុងសហភាពអ៊ឺរ៉ុបមានប្រទេសចំនួន ២៤ ក្នុងចំណោម២៨ ប្រទេស, ប្រទេសចិន(រួមទាំង កោះហុងកុង, ម៉ាក់កាវ និងតៃវ៉ាន់), ប្រទេសសមាជិកអាស៊ានចំនួន ៦ ហើយនិងនៅទ្វិបដ៏ទៃទៀតចំនួន ២៩ ប្រទេស ។ ទន្ទឹមនឹងនេះក៏មានក្រុមហ៊ុនចំនួន ១០ ក្នុងចំណោម ៧២ក្រុមហ៊ុន ដែលបាននាំចេញអង្ករច្រើនជាងគេ ។

សូមបញ្ជាក់ថា ការនាំចេញអង្ករកម្ពុជាក្នុងរយៈពេល ១០ខែដើមឆ្នាំដូចគ្នាប្រៀបធៀបទៅនឹងឆ្នាំ២០១៩ មានកំណើននៅគ្រប់គោលដៅនាំចេញទាំងអស់៖ ១) ការនាំចេញទៅសហភាពអ៊ឺរ៉ុបមានចំនួន ២៤ ប្រទេស មានបរិមាណសរុបចំនួន ១៧៤ ៣៩១ តោនកើនចំនួន ៣២,៥១%, ២) ប្រទេសចិនមានបរិមាណសរុបចំនួន ១៩៤ ៤៥១ តោន កើនឡើងចំនួន ៣៦,២៦%, ៣) បណ្តាប្រទេសសមាជិកអាស៊ានមានបរិមាណសរុបចំនួន ៧១ ៨៨២ តោន កើនឡើងចំនួន ១៣,៤០%, និង ៤) គោលដៅដ៏ទៃទៀត ចំនួន២៩ ប្រទេស មានបរិមាណសរុបចំនួន ៩៥ ៥៨១ តោន បានកើនឡើងចំនួន ១៧,៨៣% ។

ចំណែកការនាំចេញស្រូវទៅតាមបណ្តាច្រកនៃខេត្តជាប់ព្រំដែនប្រទេសវៀតណាម សម្រាប់រយៈពេល ៩ខែ២៨ថ្ងៃ ដើមឆ្នាំ២០២០ (មកទល់ថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២០) មានបរិមាណសរុបចំនួន ១ ៤២៧ ២២៦ តោន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង