Yearendyearend1140x150

ផ្លូវ១២៣ខ្សែប្រវែង៤០០គីឡូម៉ែត្រត្រូវលិច ខណៈក្រសួងត្រៀមស្នើសុំថវិកាយកមកជួសជុលផ្លូវខូច

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ផ្លូវនៅបន្ទាយមានជ័យ

ភ្នំពេញ៖ គិតត្រឹមថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ បានបណ្តាលឲ្យផ្លូវថ្នល់ចំនួន ១២៣ខ្សែ មានចំនួន ៣០៨កំណាត់ និងមានប្រវែងសរុបចំនួន ៤០០ គីឡូម៉ែត្រ ក្នុងនោះផ្លូវដីក្រួសក្រហម ១៤០គីឡូម៉ែត្រ ត្រូវបានទទួលរងនូវការលិចលង់ ក្នុងនោះរួមមាន៖ ផ្លូវជាតិលេខ២ ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៥ និងបណ្ដាផ្លូវជាតិសំខាន់ៗជាច្រើនខ្សែថែមទៀតផងដែរ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានចុះពិនិត្យនៅរង្វង់មូលយាយទេព ក្រុងបាត់ដំបង ខេត្តបាត់ដំបង និងឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដែលមានស្ថានភាពទឹកជំនន់លិចខ្លាំង ដោយបានណែនាំឲ្យមន្ដ្រីជំនាញធ្វើការកាយប្រឡាយដើម្បីរំដោះទឹក សម្រួលចរាចរណ៍ ធ្វើដំណើរជូនបងប្អូនប្រជាពលរដ្ឋ និងធ្វើការពង្រីកប្រព័ន្ធលូបង្ហូរទឹកឱ្យបានធំជាងមុន ដើម្បីងាយស្រួលរំដោះទឹក ទប់ស្កាត់កុំឱ្យទឹកហូរកាត់ផ្ដាច់ផ្លូវ បង្កការជន់លិចទៅដល់ខ្នងផ្ទះរបស់បងប្អូនប្រជាពលរដ្ឋដែលឋិតនៅខាងក្រោមផ្លូវ។

ឯកឧត្តមទេសរដ្ឋមន្ត្រីបានជម្រាបជូនផងដែរថា៖ ក្រុមការងារជំនាញពាក់ព័ន្ធរបស់ក្រសួង នឹងចុះធ្វើបញ្ជីប៉ាន់ស្មានចំពោះទំហំការខូចខាតផ្លូវថ្នល់ទាំងអស់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីស្នើសុំកញ្ចក់ថវិកាយកមកជួសជុល នៅពេលទឹកស្រកទៅវិញភ្លាម។

ជាមួយគ្នានោះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានអំពាវនាវដល់ម្ចាស់យានយន្តដឹកជញ្ជូនធុនធ្ងន់សូមកុំបើកបរនៅលើផ្លូវទាំងឡាយដែលកំពុងទទួលរងការជន់លិច ពិសេសផ្លូវជាតិលេខ៥ ចំពោះរថយន្តដឹកទំនិញធំៗ ពីប៉ោយប៉ែត សូមធ្វើដំណើរវាងតាមផ្លូវជាតិលេខ៦ និងស្ដាប់តាមការណែនាំរបស់អាជ្ញាធរមាន សមត្ថកិច្ច ដើម្បីបង្ការកុំឲ្យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់របស់យើងរងការខូចខាតកាន់តែធ្ងន់ធ្ងរថែមទៀត និងបានស្នើសុំការអភ័យទោសពីសំណាក់បងប្អូនប្រជាពលរដ្ឋ ចំពោះការបិទផ្លូវមួយចំនួន មិនឱ្យរថយន្តធុនធំធ្វើចរាចរណ៍ជាបណ្ដោះអាសន្ន ក្នុងគ្រាដ៏លំបាកនេះ។

គួរបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ជំនន់ទឹកភ្លៀងបានបន្តវាយលុកយ៉ាងខ្លាំងនៅបណ្តាខេត្តជាច្រើននៅក្នុងព្រះរាជាណាចក្រកម្ពុជា បណ្ដាលឲ្យប្រជាពលរដ្ឋចំនួន ២៥នាក់ បានបាត់បង់អាយុជីវិត បង្កមហន្តរាយដល់ទ្រព្យសម្បត្តិ និងមនុស្សរាប់ពាន់នាក់ផ្សេងទៀតត្រូវបានជម្លៀសរកទីទួលសុវត្ថិភាព បញ្ហានេះបានបង្កជាក្តីបារម្ភថា៖ គ្រោះធម្មជាតិនេះនាំឲ្យមានការខូចខាតសេដ្ឋកិច្ចកម្ពុជា ដែលកំពុងរងឥទ្ធិពលពីវិបត្តិជំងឺកូវីដ-១៩ ដែលមានស្រាប់ទៅហើយនោះ។

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង