Cct850x100 1
1800px x h300px kh

ក្រសួងបរិស្ថាន៖បទល្មើស«ធនធានធម្មជាតិ»ទ្រុងទ្រាយធំមិនមាននោះទេ

សង្គម
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន។

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងទទួលស្គាល់ថាបទល្មើសធនធានធម្មជាតិនៅបន្តមាន ប៉ុន្តែជាលក្ខណៈទ្រង់ទ្រាយតូចៗ ដោយដឹកតាមម៉ូតូនិងគោយន្តជាដើម ហើយបទល្មើសទ្រុងទ្រាយធំមិនមាននោះទេ។ក្រសួងបរិស្ថានថា នេះជាការបង្ហាញឱ្យឃើញពីកិច្ចខិតខំប្រឹងប្រែងអភិរក្សបានល្អប្រសើររបស់រាជរដ្ឋាភិបាលលើធនធានធម្មជាតិ។

«ជាការពិត ក្រសួងបរិស្ថានទទួលស្គាល់ថាបទល្មើសធនធានធម្មជាតិនៅបន្តមាន ប៉ុន្តែក្នុងលក្ខណៈទ្រង់ទ្រាយតូចៗ ដឹកតាមម៉ូតូនិងគោយន្តជាដើម ហើយបទល្មើសទ្រុងទ្រាយធំលែងកើតមានទៀតហើយ ដែលនេះជាការបង្ហាញឱ្យឃើញពីកិច្ចខិតខំប្រឹងប្រែងអភិរក្សបានល្អប្រសើររបស់រាជរដ្ឋាភិបាលលើធនធានធម្មជាតិដែលកម្ពុជាមានរហូតដល់បានលក់ឥណទានកាបូនក្នុងទីផ្សារឥណទានកាបូនស្ម័គ្រចិត្តបានថវិកាប្រមាណ ១១,៦ លានដុល្លារពីដែនជម្រកសត្វព្រៃកែវសីម៉ា តាតៃ និងឧទ្យានជាតិជួរក្រវ៉ាញខាងត្បូង។ ថវិកានេះត្រូវបានប្រើប្រាស់ដើម្បីអភិរក្សធនធានធម្មជាតិ និងបង្កើនសេដ្ឋកិច្ចមូលដ្ឋាន»។នេះជាការលើកឡើងរបស់លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន។

បើតាមលោក នេត្រ ភក្រ្តា បានគូសបញ្ជាក់ថា សមិទ្ធផលនេះគឺខុសស្រឡះពីការបំផ្លើសក្នុងរបាយការណ៍របស់ក្រុមបណ្តាញព្រៃឡង់ ក៏ដូចជារបស់បណ្តាញយុវជនកម្ពុជាដែលធ្វើឡើងដើម្បីគ្រាន់តែបន្តស្វែងរកជំនួយគាំទ្រដើម្បីបន្តជីវិតអង្គការ និងបណ្តាញរបស់ខ្លួនប៉ុណ្ណោះ។លោកថា ប្រសិនបើពួកគេ សរសើរ ឬទទួលស្គាល់ពីប្រសិទ្ធភាពនៃការងារគ្រប់គ្រង និងអភិរក្សរបស់ក្រសួងបរិស្ថាន និងទទួលស្គាល់ថាភាពរិចរឹលគម្របព្រៃឈើនៅកម្ពុជាធ្លាក់ចុះ នោះពួកគេនឹងប្រឈមការបាត់បង់ជំនួយហិរញ្ញវត្ថុ និងបាត់បងការងារធ្វើមិនខាន។

លោក នេត្រ ភក្រ្តា ពន្យល់ថា ក្រសួងបរិស្ថានបានខិតខំបំពេញការងារ ការគ្រប់គ្រងនិងអភិរក្សធនធានធម្មជាតិនៅតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់ និងតំបន់ការពារធម្មជាតិផ្សេងទៀត យ៉ាងសកម្មនៅលើដីអភិរក្សទំហំជាង ៧,២លានហិកតា។លោកបានបញ្ជាក់ថា បណ្តាញសហគមន៍ព្រៃឡង់បានធ្វើសកម្មភាពនៅក្នុងខេត្តទាំង៤ កំពង់ធំ ព្រះវិហារ ក្រចេះ ស្ទឹងត្រែងមានអង្គការចាត់តាំងច្បាស់លាស់រួមមានគណៈកម្មាធិការតម្រង់ទិស ក្បាលម៉ាស៊ីនដឹកនាំតាមខេត្តនីមួយ មានឡូហ្គោសម្រាប់ប្រើប្រាស់ និងធ្វើសកម្មភាពដូចគ្នានឹអង្គការសង្គមស៊ីវិលដែរ។

លោករដ្ឋលេខាធិការក្រសួងបរិស្ថាន បានសង្កត់ធ្ងន់ថា ក្រសួងបរិស្ថានគ្មានផលប្រយោជន៍អ្វីទៅប្រឆាំងនឹងអ្នកស្រឡាញ់ និងចូលរួមការពារធនធានធម្មជាតិឡើយ ប៉ុន្តែតម្រូវឲ្យគោរពតាមច្បាប់ ហើយក្រសួងបរិស្ថានត្រៀមខ្លួនជានិច្ចបន្តកិច្ចសហការជាមួយបណ្តាញសហគមន៍ព្រៃឡង់ ដូចអង្គការ សហគមន៍ស្របច្បាប់នានា ប្រសិនបើបណ្តាញជាអង្គការសង្គមស៊ីវិល ដែលមានការចុះបញ្ជីត្រឹមត្រូវតាមច្បាប់នៃប្រទេសកម្ពុជា៕ 

Khcct banner

អត្ថបទទាក់ទង