Yearendyearend1140x150

វិស័យដឹកជញ្ជូននៅកម្ពុជានាត្រីមាសទី១កើនឡើងជាពិសេសតាមច្រកកំពង់ផែព្រះសីហនុ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ចាប់ពីត្រីមាសទី២ឆ្នាំ២០២៣ រហូតមកដល់បច្ចុប្បន្ននេះ ស្ថានភាពនៃការដឹកជញ្ជូន ក៏ដូចជាការនាំចេញ នាំចូលទំនិញនៅកម្ពុជា មានការកើនឡើងជាបន្តបន្ទាប់ ក្នុងនោះការនាំចូលទំនិញនៅកំពង់ផែក្រុងព្រះសីហនុនៅក្នុងខែមីនា ឆ្នាំ២០២៤នេះ មានការកើនឡើងរហូតដល់ជាង២២ភាគរយ ហើយការនាំចេញមានរហូតដល់ជិត២៥ភាគរយ ខណៈកំពង់ផែភ្នំពេញក៏មានភាពវិជ្ជមានគិតចាប់ពីចុងឆ្នាំ២០២៣ដល់ត្រីមាសទី១ឆ្នាំ២០២៤នេះ។ នេះបើតាមការបញ្ជាក់របស់លោក ស៊ីន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជា មកកាន់ស៊ីស៊ីថាមស៍ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤។

លោក ស៊ីន ចន្ធី បានលើកឡើងថា នៅក្នុងការធ្វើពាណិជ្ជកម្មរបស់កម្ពុជា ក៏ដូចជាការនាំចេញ-នាំចូលរបស់កម្ពុជា គឺត្រូវការប្រើប្រាស់ឬពឹងផ្អែកលើកំពង់ផែក្រុងព្រះសីហនុជិត៧០ភាគរយ ហើយសកម្មភាពនៃការនាំចេញ-នាំចូលផ្នែកខ្លះទៀត គឺត្រូវប្រើប្រាស់មធ្យោបាយមួយចំនួនទៀតដូចជា ការឆ្លងកាត់ព្រំដែន ផ្លូវអាកាស និងការប្រើប្រាស់កំពង់ផែនៅក្រុងភ្នំពេញ។ លោកសន្និដ្ឋានថា បើទោះបីជាមានផ្នែកផ្សេងៗ ឬទំនិញផ្សេងៗមានការធ្លាក់ចុះនូវការបញ្ជាទិញក៏ពិតមែន ប៉ុន្តែក៏មានទំនិញផ្សេងទៀតមានការកើនឡើងវិញដែរ។

លោកបន្តថា នៅក្នុងវិស័យដឹកជញ្ជូននៅកម្ពុជា គឺការដឹកជញ្ជូនតាមផ្លូវទឹកពិតជាមានសក្ដានុពល ព្រោះវាបានផ្តល់ផលចំណេញជាច្រើនដូចជា តម្លៃដឹកជញ្ជូនទាប និងជួយកាត់បន្ថយការសឹករិចរិលផ្លូវថ្នល់ជាដើម។ ដូចនេះហើយបានជារាជរដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិថ្មីនេះ បានបន្តខិតខំប្រឹងប្រែងធ្វើយ៉ាងណាឱ្យសេដ្ឋកិច្ចជាតិមានការរីកចម្រើន ក្នុងនោះរាជរដ្ឋាភិបាលបានប្រកាសពី«គម្រោងព្រែកជីកហ្វូណន-តេជោ»ដែលមានតម្លៃប្រមាណជិត២ពាន់លានដុល្លារអាម៉េរិករៀបចំប្រព័ន្ធដឹកជញ្ជូនផ្លូវទឹកតភ្ជាប់ពីទន្លេបាសាក់ទៅកាន់សមុទ្រ ខេត្តកែប ហើយជាគម្រោងសាងសង់ក្រោមកិច្ចសហប្រតិបត្តិការជាមួយវិស័យឯកជនដោយមិនបានខ្ចីលុយបរទេសនោះទេ តែវានឹងផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់កម្ពុជា ជាពិសេសវិស័យដឹកជញ្ជូន អចលនទ្រព្យ និង ការវិនិយោគផ្សេងៗ។

គួរបញ្ជាក់ថា «គម្រោងព្រែកជីកហ្វូណន-តេជោ» គឺជាប្រព័ន្ធដឹកជញ្ជូនផ្លូវទឹកថ្មីទៅកាន់សមុទ្រ មានប្រវែង ១៨០គីឡូ ម៉ែត្រ ចាប់ពីព្រែកតាកែវ នៃទន្លេ មេគង្គ ឆ្លងកាត់តាមព្រែកតាឯក នៃទន្លេបាសាក់ ចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ ស្រុកកោះធំ និង បន្តរហូតដល់សមុទ្រ ខេត្តកែប។គម្រោងយក្សនេះ ឆ្លងកាត់ខេត្ត ៤ រួមមាន៖ ខេត្តកណ្តាល តាកែវ កំពត និង ខេត្តកែប ដែលមានប្រជាជនសរុបប្រមាណ ១,៦លាននាក់ រស់នៅអមសងខាងផ្លូវទឹកនេះ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង