Cctimesw1140xh150cm copy

CDCជួបពិភាក្សាការងារជាមួយក្រុមហ៊ុនកូរ៉េចំនួន៩ដើម្បីជំរុញការវិនិយោគនៅកម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ CDC)

ទីក្រុងសេអ៊ូល៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានជួបពិភាក្សាការងារជាមួយក្រុមហ៊ុនធំៗនៅកូរ៉េចំនួន៩ក្រុមហ៊ុន ដើម្បីជំរុញការវិនិយោគនៅកម្ពុជា។ ជំនួបពិភាក្សាការងារនេះ ត្រូវបានធ្វើឡើងក្រោមការដឹកនាំរបស់លោក ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនទាំង៩ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤។

ក្រុមហ៊ុនកូរ៉េទាំង៩នោះមានដូចជា៖ ក្រុមហ៊ុន Mastern Partners Corporation, ក្រុមហ៊ុន Daewoo E&C, ក្រុមហ៊ុន WorldBridge, ក្រុមហ៊ុន LG Electronics, ក្រុមហ៊ុន Emart, ក្រុមហ៊ុន LX International, ក្រុមហ៊ុន Hanshin Engineering Construction, ក្រុមហ៊ុន Camko Motor & Camko Infracore, និងក្រុមហ៊ុនសារព័ត៌មាន Maekyung Media News ផងដែរ។

នាឱកាសនេះ លោក ស៊ុន ចាន់ថុល បានបង្ហាញអំពីគោលបំណងយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្ថែមការយកចិត្តទុកដាក់ បន្តទាក់ទាញ និងផ្សារភ្ជាប់វិនិយោគិនរវាងប្រទេសទាំងពីរ កម្ពុជា-កូរ៉េឱ្យបានកាន់តែល្អប្រសើរឡើងមួយកម្រិតបន្ថែមទៀត។ បន្ថែមពីនោះ លោកបានលើកឡើងអំពីបរិយាកាសវិនិយោគនៅកម្ពុជានាពេលបច្ចុប្បន្ន ក្រោមកិច្ចសម្របសម្រួលវិនិយោគរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដែលមានច្រកចេញចូលតែមួយ និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធរបស់ស្ថាប័នក្នុងការគាំទ្រវិនិយោគិន។

លើសពីនេះ លោក ស៊ុន ចាន់ថុល បានលើកឡើងអំពីសក្ដានុពលនានារបស់កម្ពុជា រាប់ចេញពីភាពបើកចំហរនៃច្បាប់វិនិយោគរបស់កម្ពុជា ដែលអនុញ្ញាតឱ្យវិនិយោគិនបរទេសមានសិទ្ធជាម្ចាស់ទាំងស្រុងលើមុខជំនួញដែលខ្លួនវិនិយោគនៅកម្ពុជា, ហេដ្ឋារចនាសម្ព័ន្ធតំបន់សេដ្ឋកិច្ចពិសេសដែលផ្ដល់ភាពងាយស្រួលដល់វិនិយោគិនក្នុងការវិនិយោគ, ពិសេសការយកចិត្តទុកដាក់របស់រដ្ឋាភិបាលលើការសម្របសម្រួលដោះស្រាយបញ្ហាដល់វិនិយោគិន តាមរយៈកម្មវិធីរាជរដ្ឋាភិបាល និងផ្នែកឯកជនជាដើម។ កម្ពុជាបានដាក់ចេញផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្ដុភារកម្មកម្ពុជា ដែលបានបើកឱកាសឱ្យវិនិយោគិន អាចពិនិត្យលទ្ធភាពដាក់ទុនវិនិយោគលើគម្រោងចំនួនប្រមាណ ១៧៤គម្រោង លើវិស័យហេដ្ឋារចនាសម្ព័ន្ធនិងភស្ដុភារកម្ម។

ជាមួយគ្នាក្នុងឱកាសនៃកិច្ចទាក់ទាញវិនិយោគិននេះ លោក ស៊ុន ចាន់ថុល ក៏បានអញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា រវាងក្រុមហ៊ុន WorldBridge និងក្រុមហ៊ុន Daewoo E&C លើកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍វិស័យអចលនទ្រព្យផងដែរ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង