Yearendyearend1140x150

លោក គង់ សភា ទទួល«សន្តោសប្រណី»ពីនាយករដ្ឋមន្ត្រីក្រោយទទួលស្គាល់កំហុស

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ លោក គង់ សភា អតីតំណាងរាស្ត្រ អតីតគណបក្សសង្គ្រោះជាតិ ទទួលស្គាល់កំហុស បានស្នើសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អន្តរាគមន៍លើកលែងទោស ដើម្បីលោកអាចវិលមកខ្មែរវិញ និងជួបជុំគ្រួសារ មើលថែឪពុកម្តាយចាស់ជរា។ការស្នើសុំនេះ ត្រូវបានទទួលការស្វាគមន៍ពីសម្តេចនាយករដ្ឋមន្ត្រីកម្ពុជា។

តាមរយៈបណ្តាយសង្គម សម្តេច ហ៊ុន ម៉ាណែត បានសរសេរប្រកាសស្វាគមន៍ចំពោះសំណើររបស់លោក គង់ សភា អតីតំណាងរាស្ត្រ អតីតគណបក្សសង្គ្រោះជាតិ ហើយសម្តេចនាយករដ្ឋមន្ត្រីនឹងចាត់ចែងតាមនីតិវិធីដើម្បី អោយលោកអាចវិលត្រឡប់មកកាន់មាតុប្រទេសវិញ។

សម្តេច ហ៊ុន ម៉ាណែត បានសរសេរថា "ជូនចំពោះលោក គង់ សភា ខ្ញុំបានទទួលរួចហើយនូវលិខិតសូមអភ័យទោសរបស់លោកដែលផ្ញើមកឲ្យខ្ញុំ។ ខ្ញុំសូមស្វាគមន៍លោក។ខ្ញុំនឹងចាត់ចែងតាមនីតិវិធីដើម្បី អោយលោកអាចវិលត្រឡប់មកកាន់មាតុប្រទេសវិញ។សង្ឃឹមថាយើងនឹងមានឱកាសជួប សន្ទនាជាមួយគ្នានៅពេលខាងមុខ។"

តាមរយៈសារនេះ ត្រូវបានអ្នកវិភាគយល់ថា លោក គង់ សភា នឹងក្លាយជាអ្នកនយោបាយប្រឆាំងទី១ដែលទទួលបានការអភ័យទោស និងលើកលែងទោសពីព្រះមហាក្សត្រតាមរយៈការជួយអន្តរាគមន៍ពីសម្តេច ហ៊ុន ម៉ាណែត ក្នុងនាមជានាយករដ្ឋមន្រ្តីនៃកម្ពុជានាអាណត្តិទី៧នេះ។

សូមរម្លឹកជូនថា លោក ​គង់ សភា ជាកូនប្រុស​មួយរូបរបស់លោក គង់ គាំ ​ធ្លាប់រងការវាយដំឲ្យរបួសធ្ងន់ក្នុងបាតុកម្ម កាលពីឆ្នាំ​២០១៥ ដោយនៅពេលនោះ​លោក គង់ សភា នៅជាតំណាងរាស្ត្រ។ លោកគង់ សភា ត្រូវបានគណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត និង ដកសិទ្ធិលោកមិនឱ្យឈរឈ្មោះឲ្យគេបោះឆ្នោតចំនួន ២០ឆ្នាំកាលពីខែកក្កដា ឆ្នាំ២០២៣។

ថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ២០២៤ លោក គង់ សភា បានផ្ញើលិខិត​ ទៅកាន់សម្តេច ហ៊ុន ម៉ាណែត ឱ្យជួយអន្តរាគមន៍​ថ្វាយព្រះមហាក្សត្រប្រោសប្រទានការលើកលែងទោសទណ្ឌទាំងឡាយ ដើម្បីឲ្យលោកអាចនឹងវិលចូលប្រទេសជាតិវិញមើលថែឪពុកម្ដាយដែលចាស់ជរា។លោកបានបង្ហាញការសោកស្ដាយដោយបញ្ជាក់ថា រាល់ទង្វើ និង សកម្មភាពមួយចំនួនកន្លងមកបានធ្វើឱ្យប៉ះពាល់ដល់ការអភិវឌ្ឍ សន្ដិភាព ស្ថិរភាព និង គោលនយោបាយនានារបស់រដ្ឋាភិបាល៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង