Cct850x100 1

ខ្មែរចិនមួយក្រុម«បន្លំជាសមត្ថកិច្ចនគរបាល»ធ្វើសកម្មភាពជំរិតទារប្រាក់

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ខេត្តព្រះសីហនុ៖ជនសង្ស័យមានគ្នាសរុប ០៦នាក់ (ជនជាតិចិន ០១នាក់) ត្រូវបានកម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ ខេត្តព្រះសីហនុចាប់ឃាត់ខ្លួន ពាក់ព័ន្ធនឹងធ្វើសកម្មភាពបន្លំជាសមត្ថកិច្ចនគរបាល ធ្វើសកម្មភាពជំរិតទារប្រាក់។

យោងតាមរបាយការណ៍ស្រាវជ្រាវរបស់ស្នងការខេត្តព្រះសីហនុដែលផ្តល់ឱ្យស៊ីស៊ីថាមស៍ បានឱ្យដឹងថា នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ១១ និង ០០នាទី មានជនជាតិចិនម្នាក់ ភេទប្រុស បានមកដាក់ពាក្យបណ្តឹងថា នៅថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ២៣ និង ៣០នាទី មានជនសង្ស័យមួយក្រុមជាជនជាតិខ្មែរមានគ្នា ០៥នាក់ ស្លៀកពាក់ស៊ីវិលជិះរថយន្ត ០១គ្រឿងប្រភេទ PICK UP ពណ៌ស និង ម៉ូតូ ០២គ្រឿង អះអាងថា ជាសមត្ថកិច្ចប៉ូលីស បានធ្វើសកម្មភាព កាក់រថយន្តរបស់ជនរងគ្រោះជាជនជាតិចិន ០១គ្រឿង ម៉ាក ព្រូស ពណ៌ក្រហម ពាក់ស្លាកលេខៈ ព្រះសីហនុ 2C-9291 ក្នុងខណៈពេលដែលជនរងគ្រោះកំពុងធ្វើដំណើរតាមផ្លូវទៅបុរីគុជអាស៊ី ស្ថិតនៅ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ បន្ទាប់មកក្រុមជនសង្ស័យទាំងនោះ បានធ្វើការឆែកឆេរក្នុងរថយន្តរបស់ជនរងគ្រោះ ក៏បានទម្លាក់គ្រឿងញៀន ០១កញ្ចប់ នៅក្នុងរថយន្តរបស់ជនរងគ្រោះ ដើម្បីចោទប្រកាន់ថា គ្រឿងញៀនជារបស់ជនរងគ្រោះ រួចគំរាមទារប្រាក់ពីជនរងគ្រោះចំនួន ៤,០០០$ (បួនពាន់ដុល្លារអាមេរិក) បើមិនព្រមឲ្យទេក្រុមជនសង្ស័យទាំងនោះនឹងចាប់ជនរងគ្រោះទៅប៉ុស្តិ៍ប៉ូលីស ដោយមានការភ័យខ្លាច ជនរងគ្រោះក៏ទូរស័ព្ទទៅប្រពន្ធដើរខ្ចីលុយពីមិត្តភក្តិបានចំនួន២,៣០០$ (ពីរពាន់បីរយដុល្លារអាមេរិក) យកទៅប្រគល់ឲ្យក្រុមជនសង្ស័យ ដោយសន្យាថា ប្រាក់ដែលនៅសល់នឹងឲ្យនៅពេលក្រោយ ។

បន្ទាប់ពីបានទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះ កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតកំណត់បានអត្តសញ្ញាណរបស់ជនសង្ស័យ និងឈានដល់ការចាប់ឃាត់ខ្លួនបានជនសង្ស័យសរុប ០៦នាក់ (ជនជាតិចិន ០១នាក់) ជាបន្តបន្ទាប់ នៅវេលាម៉ោង ១៩ និង ៣០នាទី ថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ២០២០ ។

ជនរងគ្រោះឈ្មោះ ZHANG KANG ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិចិន មុខរបរ ទេសចរណ៍ ស្នាក់នៅ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ បាត់បង់លុយ ២,៣០០$ (ពីរពាន់បីរយដុល្លារអាមេរិក) ។

ចំណែកជនសង្ស័យទាំង ០៦នាក់ មានឈ្មោះដូចខាងក្រោម៖១-ឈ្មោះ ហាក់ សុធាបញ្ញា ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរ ភ្នាក់ងារសារពត៌មាន កម្ពុជា ញូវផ្លាស មានទីលំនៅ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។២-ឈ្មោះ អ៊ួន ប្រុស ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរ ភ្នាក់ងារសារពត៌មាន CAM POST មានទីលំនៅ ភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។៣-ឈ្មោះ ចិន ប៊ុនធឿន ហៅ រាជ្យ ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរ ភ្នាក់ងារសារពត៌មាន NEWS Online មានទីលំនៅ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។

៤-ឈ្មោះ ចំរើន លាងម៉េង ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរ ម៉ៅការសំណង់ និងជួលរថយន្ត មានទីលំនៅ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។៥-ឈ្មោះ ស៊ឹម សុខដា ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរ ជំនួយការរបស់ឈ្មោះ អ៊ួន ប្រុស ភ្នាក់ងារសារពត៌មាន CAM POST មានទីលំនៅ ភូមិ១ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។៦-ឈ្មោះ ZHOU DONGYA ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិចិន មុខរបរ រត់តាក់ស៊ី លិខិតឆ្លងដែនលេខៈ EF3093157 មានទីលំនៅ ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ៕


Khcct banner

អត្ថបទទាក់ទង