Yearendyearend1140x150

ទូតចិនផ្ញើសារអបអរសាទរកម្ពុជានាឱកាសចូលឆ្នាំថ្មី និងរម្លឹកពីសមិទ្ធផលថ្មីកើតពីទំនាក់ទំនងល្អ

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោក Wang Wentian ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា។

ភ្នំពេញ៖លោក Wang Wentian ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ១២ មេសានេះ បានផ្ញើសារជូនដល់ប្រទេសកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ។ក្នុងសារអបអរសាទរនោះ លោកបានរម្លឹកពីសមិទ្ធផលនានាកើតចេញពីទំនាក់ទំនងកម្ពុជា និងចិន ហើយលោកមានជំនឿថា ទំនាក់ទំនងនេះនឹងបន្តកាលកាន់តែយូរអង្វែង ផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់ប្រទេសជាតិនិងប្រជាជនទាំងពីរ។

យោងតាមសារជូនពរដែលសារព័ត៌មាន ស៊ីស៊ីថាមស៍ ទទួលបាន លោក Wang Wentian បានគូសបញ្ជាក់ថា ជារៀងរាល់ពិធីបុណ្យចូលឆ្នាំថ្មី កម្ពុជា និងចិនតែងនឹកដល់អតីតកាល រម្លឹកពីប្រវត្តិសាស្រ្ត និង មិនអាចបំភ្លេចបានទេ អំឡុងពេលសន្និសិទទីក្រុងបានឌុងក្នុងឆ្នាំ ១៩៥៥ ព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» បានសព្វព្រះរាជហឫទ័យមានកិច្ចជំនួបជាមួយលោក Zhou Enlai អតីតនាយករដ្ឋមន្ត្រីចិន និងបានបើកទំព័រថ្មីក្នុងប្រវត្តិសាស្ត្រនៃទំនាក់ទំនងចំណងមិត្តភាពរវាងចិននិងកម្ពុជា។

បើតាមស្ថានទូតចិន សម្ដេច«ព្រះបរមរតនកោដ្ឋ» បានចាត់ទុកប្រទេសចិនជាស្រុកកំណើតទីពីររបស់ទ្រង់ ព្រះអង្គបានយាងបំពេញព្រះរាជទស្សនកិច្ចក្នុងប្រទេសចិន និងបានសព្វព្រះទ័យនិពន្ធបទចម្រៀងដែលកោតសរសើរពីចំណងមិត្តភាពរវាងចិន និងកម្ពុជា និងត្រូវបានបកស្រាយដោយប្រជាពលរដ្ឋទាំងពីរប្រទេសរហូតមកដល់បច្ចុប្បន្ននេះ។ ក្រោមទំនាក់ទំនងយ៉ាងជិតស្និទ្ធ និងក្រោមការបីបាច់ថែទាំយ៉ាងយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំជំនាន់មុន ចិននិងកម្ពុជាបានកំណត់ក្រមប្រតិបត្តិផ្លាស់ប្ដូរទំនាក់ទំនងដែលគោរពគ្នាទៅវិញទៅមក និងមានសមភាពគ្នា បង្កើតបានជាប្រពៃណីដ៏ស្រស់ផូរផង់ដែលគាំទ្រគ្នានិងជួយគ្នាទៅវិញទៅមក និងបង្កើតបានជាចំណងមិត្តភាពដែកថែបដ៏ស្និទ្ធដូចគ្រួសារតែមួយ និង ផ្តល់ផលប្រយោជន៍ជូនដល់មនុស្សជំនាន់ក្រោយ ជាចំណងមិត្តភាពដែលយើងគួរថែទាំរក្សាយ៉ាងយកចិត្តទុកដាក់ និងបន្តពីមួយជំនាន់ទៅមួយជំនាន់ទៀត។

ជារៀងរាល់ពិធីបុណ្យចូលឆ្នាំថ្មី យើងតែងនឹកដល់ឆ្នាំចាស់ គិតដល់សមិទ្ធផលដែលទទួលបាន។ ក្នុងឆ្នាំកន្លងទៅ ថ្នាក់ដឹកនាំចិននិងកម្ពុជាតែងបំពេញទស្សនកិច្ចទៅវិញទៅមកយ៉ាងញឹកញាប់ បានកំណត់កុងសុងស៊ីសសំខាន់ៗក្នុងការកសាងសហគមន៍វាសនារួមរវាងចិននិងកម្ពុជា ដែលមានគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ក្នុងយុគសម័យថ្មី។ ចិននិងកម្ពុជាបានជំរុញយ៉ាងមានប្រសិទ្ធភាពនូវការធ្វើឱ្យបន្ស៊ីគ្នារវាងគំនិតផ្តួចផ្តើម "ខ្សែក្រវាត់និងផ្លូវ" និង "យុទ្ធសាស្ត្របញ្ចកោណ" បន្តពង្រឹងក្របខណ្ឌកិច្ចសហប្រតិបត្តិការ"ត្បូងពេជ្រដែលមានវិស័យអាទិភាពទាំង៦" បានខិតខំប្រឹងប្រែងបង្កើត"ច្រករបៀងនៃការអភិវឌ្ឍន៍វិស័យឧស្សាហកម្ម" និង"ច្រករបៀងត្រីនិងស្រូវ" កិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងប្រទេសទាំងពីរបានបំភ្លឺឡើងនូវចំណុចលេចធ្លោនិងសមិទ្ធផលផ្លែផ្កាជាច្រើន។ "គម្រោងវិស្វកម្មចំណងមិត្តភាព"មានដូចជាអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ផ្លូវក្រវាត់ក្រុងទី៣ក្នុងរាជធានីភ្នំពេញ និងស្ថានីយ៍

វារីអគ្គិសនីតាតៃលើជាដើមបានផ្តល់ផលប្រយោជន៍ជូនដល់ប្រទេសជាតិនិងប្រជាជន "ឱជារសជាតិខ្មែរ"មានដូចជាអង្ករ ម្រេច និងដូងក្រអូបជាដើមត្រូវបានបង្ហាញខ្លួននៅក្នុងប្រទេសចិន "បេសកជនចំណងមិត្តភាព"មានដូចជា ក្រុមគ្រូពេទ្យឱសថបុរាណចិនដែលជាជំនួយរបស់ភាគីចិនមកកាន់ប្រទេសកម្ពុជា និស្សិតកម្ពុជាទៅសិក្សានៅប្រទេសចិនជាដើមត្រូវបានលេចវត្តមាននិងបោះជំហានទៅមុខ និងបានបើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការចំណងមិត្តភាពរវាងចិននិងកម្ពុជា។

ជារៀងរាល់ពិធីបុណ្យចូលឆ្នាំថ្មី យើងតែងប្រសិទ្ធពរជ័យ និងមានក្តីរំពឹងនាពេលអនាគត។ ឆ្នាំ២០២៤នេះ គឺជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជនរវាងចិននិងកម្ពុជា ប្រទេសទាំងពីរកំពុងរៀបចំសកម្មភាពដែលពាក់ព័ន្ធយ៉ាងសកម្ម ដើម្បីបង្កើនការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ផ្សារភ្ជាប់បេះដូងរវាងប្រជាជននិងប្រជាជន និងការសិក្សាពីគ្នាទៅវិញទៅមកលើអរិយធម៌។ កាលពីប៉ុន្មានថ្ងៃមុន ស្ថានទូតចិនប្រចាំកម្ពុជាបានចេញនូវវីឌីអូក្រោមចំណងជើងថា "កម្ពុជា តោះ បោះជំហានទៅមុខ! " ដែលវីឌីអូនេះទទួលបានការចាប់អាម្មណ៍យ៉ាងខ្លាំងក្នុងបណ្ដាញអ៊ីនធើណេត អ្នកក្នុងបណ្ដាញអ៊ីនធើណេតចិនជាច្រើនបានបង្ហាញថា នឹងធ្វើដំណើរមកកាន់ប្រទេសកម្ពុជាកម្សាន្តទេសចរណ៍ និងរួមគ្នានិទានពីចំណងមិត្តភាពរវាងចិននិងកម្ពុជា។ យើងជឿជាក់ថា ក្រោមការណែនាំជាយុទ្ធសាស្ត្ររបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ និងក្រោមការគាំទ្ររួមគ្នារបស់ប្រជាជនទាំងពីរ ចំណងមិត្តភាពជាប្រពៃណីរវាងចិននិងកម្ពុជានឹងមានអាយុកាលកាន់តែយូរអង្វែង ហើយការកសាងសហគមន៍វាសនារួមរវាងចិននិងកម្ពុជាក្នុងយុគសម័យថ្មីនឹងបន្តកាន់តែស៊ីជម្រៅនិងកាន់តែជាក់ស្ដែង ផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់ប្រទេសជាតិនិងប្រជាជនទាំងពីរ និងព្រមទាំងរួមចំណែកថ្មីដល់សន្តិភាព ស្ថិរភាព វិបុលភាព និងការអភិវឌ្ឍន៍ក្នុងតំបន់និងលើពិភពលោក៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង