Yearendyearend1140x150

រាជរដ្ឋាភិបាល​​អនុញ្ញាតឱ្យក្រុមហ៊ុនSCAចូលរួមក្នុងប្រតិបត្តិការអាកាសយានដ្ឋានអន្តរជាតិតេជោតាខ្មៅ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាបានព្រមព្រៀងជាមួយក្រុមហ៊ុនបារាំងដែលកំពុងប្រតិបត្តិការអាកាសយានដ្ឋានអន្តរជាតិភ្នំពេញបច្ចុប្បន្ន ដែលមានឈ្មោះ សូស៊ីយេតេ កុងសេស្យូនែរ ដឺ ឡាអេរ៉ូព័រ Société Concessionnaire de l'Aéroport (ហៅកាត់SCA) ដោយអនុញ្ញាតឱ្យក្រុមហ៊ុននេះបន្តដើរតួនាទីសំខាន់ក្នុងប្រតិបត្តិការអាកាសយានដ្ឋានអន្តរជាតិតេជោតាខ្មៅ និងបន្តដំណើរការអាកាសយានដ្ឋានអន្តរជាតិនៅខេត្តព្រះសីហនុ។

ការចុះហត្ថលេខានេះធ្វើឡើងក្រោមអធិបតីភាពរដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងនាយកប្រតិបត្តិក្រុមហ៊ុន SCA។

យោងតាមខ្លឹមសារសេចក្តីប្រកាសព័ត៌មានរួមបានឱ្យដឹងថា បន្ទាប់ពីបិទអាកាសយានដ្ឋានអន្តរជាតិភ្នំពេញបច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជាបានយល់ព្រមឱ្យក្រុមហ៊ុន Cambodia Airports Investment Co., Ltd. (CAIC)ដែលវិនិយោគដោយអ្នកឧកញ៉ា ពុង ឃាវសែ ប្រគល់ឱ្យក្រុមហ៊ុនបារាំងSCA ដើរតួនាទីជាប្រតិបត្តិករនៃអាកាសយានដ្ឋានអន្តរជាតិតេជោតាខ្មៅ ពេលចាប់ផ្តើមដាក់ឱ្យដំណើរការ។

ម្ប៉ាងវិញទៀត រាជរដ្ឋាភិបាល​កម្ពុជា​ក៏​នឹង​គាំទ្រឱ្យក្រុមហ៊ុនបារាំងSCA ធ្វើការ​អភិវឌ្ឍ​បន្ថែម​ទៀត និង​ពង្រឹង​សមត្ថភាព ​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះសីហនុ។

សេចក្តីប្រកាសព័ត៌មានរួមបាននិយាយថា "កិច្ចព្រមព្រៀងថ្មីនឹងកំណត់ទិសដៅច្បាស់លាស់ សម្រាប់កិច្ចសហប្រតិបត្តិការរយៈពេលវែងរវាងភាគីទាំងពីរ"។

សេចក្តីប្រកាសព័ត៌មានរួមបានចង្អុលបង្ហាញថា កិច្ចព្រមព្រៀងនេះ នឹងជួយបង្កើតលក្ខខណ្ឌចាំបាច់សម្រាប់ ក្រុមហ៊ុនបារាំងSCA ដើម្បីបន្តបង្កើតគុណតម្លៃសម្រាប់ភាគីពាក់ព័ន្ធទាំងអស់ ផ្តល់សេវាកម្មគ្រប់គ្រងអាកាសចរណ៍ប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព និងប្រកបដោយភាពច្នៃប្រឌិត ព្រមទាំងរួមចំណែកដល់វិបុលភាពប្រកបដោយចីរភាពរបស់កម្ពុជា។

យោងតាម សេចក្តីប្រកាសព័ត៌មាន រាជរដ្ឋាភិបាលកម្ពុជា និង ក្រុមហ៊ុនបារាំងSCA បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការលើកដំបូងនៅដើមឆ្នាំ ១៩៩៥ ដោយបានអនុញ្ញាតឱ្យ ក្រុមហ៊ុនបារាំងSCA ដំណើរការអាកាសយានដ្ឋានអន្តរជាតិចំនួនបីនៅក្នុងប្រទេសកម្ពុជា គឺអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ សៀមរាប និងព្រះសីហនុ។ ក្រុមហ៊ុនមេរបស់SCA គឺជាក្រុមហ៊ុន Vinci Groupរបស់ប្រទេសបារាំង។

ក្នុង​ចំណោម​នោះ អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាបចាស់ ត្រូវ​បាន​បិទ​ជា​ផ្លូវ​ការ​កាល​ពី​ខែ​វិច្ឆិកាឆ្នាំ​មុន ហើយ​ត្រូវ​ជំនួស​ដោយ​អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ដែល​វិនិយោគនិង​សាងសង់​ដោយក្រុមហ៊ុនចិន។

សូមជម្រាបថា អាកាសយានដ្ឋានអន្តរជាតិតេជោតាខ្មៅ ដែលកំពុងសាងសង់ ត្រូវបានគេរំពឹងថានឹងដាក់ឱ្យដំណើរការជាផ្លូវការនៅឆមាសទីមួយនៃឆ្នាំ២០២៥។ គម្រោងយក្សមួយនេះ វិនិយោគដោយក្រុមហ៊ុនCambodia Airports Investment Co., Ltd. ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុនOCIC និងរាជរដ្ឋាភិបាលកម្ពុជា ដែលតំណាងដោយរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង