Yearendyearend1140x150

អគ្គនាយកដ្ឋានគយ និងJICA ចុះMOUជាមួយគ្នាដើម្បីសម្រួលពាណិជ្ជកម្មក្នុងតំបន់មេគង្គ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) បានចុះហត្ថលេខាលើឯកសារគម្រោងស្តីពីការពង្រឹងប្រសិទ្ធភាព និងសមត្ថភាពរដ្ឋបាលគយសម្រាប់ជំរុញការតភ្ជាប់ក្នុងតំបន់មេគង្គ។ ការចុះហត្ថលេខានេះត្រូវបានធ្វើឡើងរវាងលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងលោក SANUI Kazumasa ប្រធានទីភ្នាក់ងារJICA នារសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ នៅអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ)។ នេះបើតាមសេចក្ដីប្រកាសរបស់ អគរ។

បើតាមសេចក្ដីប្រកាស បន្ទាប់ពីមានការពិភាក្សាលម្អិតរវាង អគរ និង JICA ឯកសារនេះត្រូវបានឯកភាពគ្នា ហើយបន្ទាប់ពីចុះហត្ថលេខារួចមក នឹងក្លាយជាមូលដ្ឋាននៃការលើកផែនការលម្អិតដើម្បីអនុវត្តនាពេលខាងមុខ។ គម្រោងនេះ មានគោលដៅចម្បងដើម្បីពង្រឹងការតភ្ជាប់និងកិច្ចសម្រួលពាណិជ្ជកម្មក្នុងតំបន់មេគង្គ តាមរយៈកម្មវិធីកិច្ចសហប្រតិបត្តិការបច្ចេកទេសរបស់ JICA ជាមួយរដ្ឋបាលគយក្នុងតំបន់មេគង្គ។

គម្រោងនេះនឹងផ្ដោតលើការងារសំខាន់ៗ មួយចំនួនរួមមាន៖ ១)ពង្រឹងកិច្ចសម្របសម្រួលទ្វេភាគីដើម្បីធ្វើសាមញ្ញកម្មនីតិវិធីបញ្ចេញទំនិញពីគយនៅច្រកទ្វារអន្តរជាតិរវាងប្រទេសកម្ពុជានិងប្រទេសថៃ ដោយជ្រើសរើសច្រកទ្វារអន្តរជាតិស្ទឹងបត់-បានណងអៀន ជាគម្រោងសាកល្បង, ២)ពង្រឹងសមត្ថភាពមន្រ្តីគយពាក់ព័ន្ធការអនុវត្តកម្មវិធីប្រតិបត្តិករសេដ្ឋកិច្ចទទួលបានការអនុញ្ញាត (Authorized Economic Operators), ៣) ជំរុញការអនុវត្តទស្សនទានកំពង់ផែសេរី (Free Port Concept) នៅខេត្តព្រះសីហនុ, ៤)គាំទ្រសាលាជាតិគយដែលនឹងក្លាយជាមជ្ឈមណ្ឌលបណ្តុះបណ្តាលថ្នាក់តំបន់ប្រចាំអាស៊ីប៉ាហ្វិករបស់អង្គការគយពិភពលោក (WCO Regional Training Center in the Asia Pacific) តាមរយៈការបណ្តុះបណ្តាលគ្រូបង្គោល រៀបចំសិក្ខាសាលាថ្នាក់ជាតិ និងថ្នាក់តំបន់ និង ៥) លើកកម្ពស់សមភាពយេនឌ័រនៅក្នុងរដ្ឋបាលគយ ។

ជាមួយគ្នានេះ លោក គុណ ញឹម បានវាយតម្លៃខ្ពស់ និងអរគុណចំពោះរដ្ឋាភិបាលជប៉ុន និង JICA ដែលបានផ្ដល់ជំនួយបច្ចេកទេសជាបន្តបន្ទាប់ក្នុងការអនុវត្តយុទ្ធសាស្ត្រកែទម្រង់ និងទំនើបកម្មរដ្ឋបាលគយកម្ពុជា, កម្មវិធីកសាងសមត្ថភាពដល់មន្ត្រីគយ និងជាពិសេសការផ្ដល់អ្នកជំនាញការ JICA រយៈពេលវែងមកជួយរដ្ឋបាលគយកម្ពុជា៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង