Yearendyearend1140x150

កម្ពុជា-អ៊ីស្រាអែល បន្តកិច្ចសហប្រតិបត្តិការលើវិស័យការងារ ដើម្បីពង្រីកសមត្ថភាពជំនាញ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ កម្ពុជា និងអ៊ីស្រាអែល បានបន្តពិភាក្សាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការងារដើម្បីផ្តល់ឱកាសថ្មីបន្ថែមដល់ពលរដ្ឋក្នុងការពង្រីកសមត្ថភាពជំនាញ ក្នុងគោលដៅបង្កើនកម្រិតជីវភាព។ កិច្ចពិភាក្សានេះត្រូវបានធ្វើឡើងរវាង លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ជាមួយលោក អែលី អែលីយ៉ាហ៊ូ ស្នេស អគ្គទីប្រឹក្សានៃស្ថានទូតអ៊ីស្រាអែលប្រចាំព្រះរាជាណាចក្រកម្ពុជា និងថៃ នៅទីស្ដីការក្រសួង នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤។

ក្នុងឱកាសនោះ លោក ហេង សួរ បានគូសបញ្ជាក់ពីវឌ្ឍនភាពនៃកិច្ចពិភាក្សាដែលក្រុមការងារបច្ចេកទេសនៃភាគីទាំងពីរ បានសម្រេចកន្លងមកដើម្បីឈានដល់កិច្ចសហប្រតិបត្តិការមួយដែលនឹងផ្តល់ប្រយោជន៍ទៅកាន់ប្រជាជាតិទាំងពីរតាមរយៈការពង្រឹងសមត្ថភាពជំនាញបច្ចេកទេស ពង្រីកសមត្ថភាពបទពិសោធន៍ការងារនៅទីតាំងជាក់ស្តែង ក៏ដូចជាការបង្កើនកម្រិតជីវភាព។

ត្រង់ចំណុចនេះ លោក អែលី អែលីយ៉ាហ៊ូ ស្នេស ក៏បានឯកភាពដែរថា មានតែការខិតខំប្រឹងប្រែងឱ្យកិច្ចសហការនេះជោគជ័យនិងរលូននោះទេ ទើបអាចឱ្យពលរដ្ឋទាំងសងខាងទទួលបានអត្ថប្រយោជន៍ជាអតិបរមាដែលនឹងជួយពូនជ្រុំបន្ថែមដល់កំណើនសេដ្ឋកិច្ច និងទំនាក់ទំនងរវាងប្រទេសជាមិត្ត។

ឆ្លៀតក្នុងឱកាសនោះ លោក ហេង សួរ ក៏បានជម្រាបសមភាគីអំពីបទពិសោធន៍របស់កម្ពុជាដែលធ្លាប់សហការជាមួយប្រទេសជប៉ុន និងកូរ៉េខាងត្បូង និងបណ្តាប្រទេសផ្សេងៗទៀតលើវិស័យការងារនេះ ហើយពលរដ្ឋកម្ពុជាក៏កំពុងបន្តទទួលបានផលផ្លែផ្កាទាំងលើសមត្ថភាពជំនាញ និងកម្រិតជីវភាព។

ទន្ទឹមនឹងនេះ លោកក៏បានណែនាំឱ្យក្រុមការងារបច្ចេកទេសរវាងប្រទេសទាំងពីរ បន្តពិភាក្សាលើចំណុចគោលៗបន្ថែមដើម្បីធ្វើឱ្យពលរដ្ឋកម្ពុជា និងអ៊ីស្រាអែលអាចទទួលផលភាគជាអតិបរមាចេញពីកិច្ចសហការនេះ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង