Yearendyearend1140x150

សហគ្រាសឧស្សាហកម្មធំៗចំនួន១៧ របស់ចិន បង្ហាញបំណងពង្រីកការវិនិយោគនៅកម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ សហគ្រាសឧស្សាហកម្មធំៗចំនួន១៧ របស់ចិន បានបង្ហាញពីចំណាប់អារម្មណ៍ និងបំណងពង្រីកការវិនិយោគ បន្ថែមទៀតនៅកម្ពុជា។បំណងនេះត្រូវបានលើកឡើងក្នុងជំនួបរវាងសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជាមួយប្រតិភូសហគ្រាសឧស្សាហកម្មធំៗចំនួន១៧ របស់ប្រទេសចិន ដឹកនាំដោយលោក ស៊ិន មីងរ៉ុង ប្រធានក្រុមហ៊ុន Zhenjiang Zhoung Chao New Material Co,Ltd. នាព្រឹកថ្ងៃទី២៧ ខែមីនានេះ។

ក្នុងជំនួបពិភាក្សានោះ លោក ស៊ិន មីងរ៉ុង បានថ្លែងអំណរគុណសម្តេចនាយករដ្ឋមន្រ្តី ដែលបានអនុញ្ញាតឱ្យរូបលោក និងប្រតិភូសហគ្រាសឧស្សាហកម្មចិន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានអរគុណរាជរដ្ឋាភិបាលកម្ពុជា និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលតែងតែយកចិត្តទុកដាក់ក្នុងការគាំទ្រ និងសម្របសម្រួលដល់កិច្ចដំណើរការវិនិយោគរបស់សហគ្រាសឧស្សាហកម្មចិននៅកម្ពុជានាពេលកន្លងមក។

លោកប្រធានក្រុមហ៊ុន ក៏បានបង្ហាញការប្ដេជ្ញាចិត្តក្នុងការជំរុញ និងពង្រីកការវិនិយោគ ក៏ដូចជាការទាក់ទាញវិនិយោគិនថ្មីៗបន្ថែមទៀត មកកម្ពុជា ដើម្បីរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្រដែលរាជរដ្ឋាភិបាលបានដាក់ចេញ ជាពិសេស គឺសំដៅប្រែក្លាយខេត្តព្រះស៊ីហនុទៅជា «តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង» ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល។

លោកប្រធានក្រុមហ៊ុន ក៏បានគោរពជម្រាបជូនសម្ដេចធិបតី អំពីបណ្តាសហគ្រាសឧស្សាហកម្ម ដែលបានអញ្ជើញចូលរួមក្នុងដំណើរទស្សនកិច្ចនេះ ដែលរួមមានក្រុមហ៊ុនចំនួន១៧ ដែលមានជំនាញ និងប្រកបអាជីវកម្មលើវិស័យជាច្រើន រួមមាន ដូចជា៖ វិស័យវាយនភ័ណ្ឌ, បច្ចេកវិទ្យាព័ត៌មាន, ឧស្សាហកម្ម, ហិរញ្ញវត្ថុ និងធនាគារ, ថាមពល, ការគ្រប់គ្រងសំណល់ និងទឹកស្អាត, អចលនទ្រព្យ, គម្រោងអភិវឌ្ឍជនបទ, ធានារ៉ាប់រង, បរិស្ថាន, ក៏ដូចជាក្រុមហ៊ុនវិនិយោគដែលផលិតនូវផលិតផលផ្សេងៗ ដូចជា ក្រដាស និងដែក ជាដើម។

លោកប្រធានក្រុមហ៊ុន ក៏បានគោរពស្នើសុំការស្វែងយល់បន្ថែមអំពីគោលនយោបាយ និងយុទ្ធសាស្ត្រក្នុងការទាក់ទាញការវិនិយោគរបស់រាជរដ្ឋាភិបាល, គោលនយោបាយក្នុងការគ្រប់គ្រង និងការបង្វិលប្រាក់វិនិយោគ, គោលនយោបាយនៃការគ្រប់គ្រងកម្លាំងពលកម្មទាំងក្នុងស្រុក និងពលករជំនាញបរទេស, និងគោលនយោបាយផ្នែកថាមពលបៃតង និងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់។

សម្តេច ហ៊ុន ម៉ាណែត បានអរគុណ និងវាយតម្លៃខ្ពស់ចំពោះបណ្តាក្រុមហ៊ុន ឧស្សាហកម្មចិន ដែលបានបោះទុនវិនិយោគ និងធ្វើអាជីវកម្មនៅកម្ពុជា ដែលនេះបង្ហាញពីការជឿជាក់ មកលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។ ចំពោះគោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលក្នុងការទាក់ទាញការវិនិយោគ សម្ដេចបានបញ្ជាក់ជូនដល់លោកប្រធានក្រុមហ៊ុន និងគណៈប្រតិភូថា រាជរដ្ឋាភិបាលកម្ពុជា តែងតែប្រកាន់ភ្ជាប់នូវគោលនយោបាយបើកចំហ ប្រកបដោយភាពបត់បែន និងជាក់ស្តែងនិយម ដោយរក្សាភ្ជាប់នូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយគ្រប់បណ្ដាប្រទេសទាំងអស់ នៅក្នុងតំបន់ និងពិភពលោក ដើម្បីធានាបាននូវការប្រកួតប្រជែង និងការផ្ដល់នូវបរិយាកាសវិនិយោគល្អប្រសើរ។

សម្តេចនាយករដ្ឋមន្រ្តី បានគូសរំលេចថា រាជរដ្ឋាភិបាល ក៏បាន និងកំពុងតែដាក់ចេញគោលនយោបាយអាទិភាពលើការបណ្ដុះបណ្ដាលធនធានមនុស្ស តាមរយៈការធ្វើការកែទម្រង់វិស័យអប់រំ និងការលើកកម្ពស់ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស ក៏ដូចជាបន្តពង្រឹងកម្មវិធីការបង្កើនជំនាញ (Upskilling) និងការផ្លាស់ប្តូរជំនាញ (Reskilling) ដើម្បីធានាបាននូវធនធានមនុស្ស ជាពិសេសកម្លាំងពលកម្មជំនាញ ដែលអាចឆ្លើយតបទៅតាមតម្រូវការជាក់ស្តែងរបស់ក្រុមហ៊ុនឧស្សាហកម្ម និងទីផ្សារការងារ។

សម្តេច ក៏បានបន្ថែមថា ចំពោះគោលនយោបាយនៃការគ្រប់គ្រង និងការបង្វិលប្រាក់វិនិយោគ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលនយោបាយលំហូរមូលធន ដោយមានភាពសេរី ហើយវិនិយោគិនអាចមានលទ្ធភាពក្នុងការផ្ទេរមូលធនវិនិយោគចេញ និងចូលតាមប្រព័ន្ធទូទាត់ប្រាក់ឆ្លងដែន ដែលនេះជាការផ្ដល់ភាពងាយស្រួល និងការគាំទ្រដល់ដំណើរការវិនិយោគនៅកម្ពុជា។ សម្ដេចធិបតី ក៏បានបន្ថែមទៀតថា បច្ចុប្បន្ន កម្ពុជាកំពុងប្រើប្រាស់ថាមពលស្អាត ជាង ៦០ភាគរយ និងកំពុងបន្តជំរុញការប្រើប្រាស់ថាមពលស្អាតនេះ ឱ្យឈានទៅដល់៧០ភាគរយ ត្រឹមឆ្នាំ២០៣០។

ក្នុងជំនួបនោះ សម្ដេច ហ៊ុន ម៉ាណែត បានបញ្ជាក់លោកប្រធានក្រុមហ៊ុន និងគណៈប្រតិភូអំពីការបន្តយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការវិនិយោគទៅលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់សំខាន់ៗដូចជា ផ្លូវលឿន អាកាសយានដ្ឋានអន្តរជាតិ និងហេដ្ឋារចនាសម្ព័ន្ធដទៃទៀត ដើម្បីតភ្ជាប់កម្ពុជាទៅតំបន់ និងសកលលោក៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង